
ស្ត្រីនៅតាមទីជនបទនៅមានការយល់ដឹងតិចពាក់ព័ន្ធនឹងចំណេះដឹងហិរញ្ញវត្ថុ។ រូបថត រ៉ាស់ហ៊ីម
ភ្នំពេញៈ ក្នុងរយៈពេលពេញ ១ ឆ្នាំ សហគ្រិនស្ត្រី និងនិស្សិតជិត ១ ម៉ឺននាក់ នៅក្នុងខេត្តចំនួន ៤ រួមមាន ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង និងព្រះវិហាររបស់ប្រទេសកម្ពុជាបានចូលរួមបណ្តុះបណ្តាល និងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។
ការបណ្តុះបណ្តាលនេះធ្វើឡើងក្រោមគម្រោងកិច្ចសហការបណ្តុះបណ្តាលរវាងក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Visa។
លោក ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារីថ្លែងតាមសេចក្តីប្រកាសព័ត៌មាន ចំពោះសមិទ្ធផលគម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី និងស្ត្រីជាសហគ្រិនកាលពីថ្ងៃទី ៨ ខែមីនា បានឱ្យដឹងថា តាមរយៈគម្រោងនេះ សហគ្រិនស្ត្រីទាំងនេះ អាចប្រើប្រាស់ចំណេះដឹង ដែលទទួលបាន ដើម្បីអភិវឌ្ឍខ្លួនចាកចេញពីជីវភាពក្នុងកម្រិតមីក្រូសេដ្ឋកិច្ច និងក្រៅផ្លូវការ។
លោកថ្លែងថា៖ «យើងក៏សង្ឃឹមពួកគាត់អាចចែករំលែកនូវចំណេះដឹង និងភាពជោគជ័យថ្មីៗរបស់ពួកគាត់ទៅដល់ស្ត្រីផ្សេងទៀត តាមរយៈការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល»។
បើតាម លោក ថេ ឈុនហាក់ លទ្ធភាពរបស់ស្ត្រីក្នុងការទទួលបាននូវការអប់រំផ្នែកហិរញ្ញវត្ថុ និងជំនាញផ្នែកហិរញ្ញវត្ថុឌីជីថលនៅតែជាបញ្ហាប្រឈម ដែលបញ្ហាទាំងនេះកើតឡើងជាពិសេសចំពោះស្ត្រីដែលរស់នៅតាមតំបន់ដាច់ស្រយាល ពោលគឺស្ត្រីនៅតាមជនបទភាគច្រើនខ្វះជំនាញផ្នែកហិរញ្ញវត្ថុ និងខ្វះឯករាជភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុគ្រួសារ។
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាឱ្យដឹងដែរថា ធនាគារ ជាតិនៃកម្ពុជាបានកំណត់យកចំណេះដឹងផ្នែកហិរញ្ញវត្ថុជាសសរស្ដម្ភដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងជំរុញលទ្ធភាពស្មើគ្នាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងភាពជាសហគ្រិន។
លោកថ្លែងថា៖ «យើងមានសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហការជាមួយក្រុមហ៊ុន Visa ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា»។ លោកបន្តថា វគ្គបណ្តុះបណ្តាល និងវេទិកាពិភាក្សាទាំងអស់ សុទ្ធតែមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញមកពីធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធផ្សេងៗទៀតមកពីវិស័យឯកជន។
លោកថ្លែងថា៖ «វគ្គបណ្តុះបណ្តាល និងវេទិកាពិភាក្សាទាំងនេះមានគោលដៅផ្តល់នូវចំណេះដឹងស្នូលដែលចាំបាច់ស្របតាមការផ្លាស់ប្ដូរនៃបរិបទសេដ្ឋកិច្ច និងបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ការលើកកម្ពស់សារៈសំខាន់នៃសុខុមាលភាព ហិរញ្ញវត្ថុគ្រួសារ និងការបណ្ដុះស្មារតីសហគ្រិនភាព និងភាពច្នៃប្រឌិត»។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងដែរថា ក្រុមហ៊ុន Visa ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានសហការជាមួយធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារីក្នុងការអនុវត្តគម្រោងដែលគាំទ្រដល់ការរីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់ស្ត្រីនៅកម្ពុជា។
អ្នកស្រីបានបន្តថា ក្រុមហ៊ុន Visa ជឿជាក់ថា សេដ្ឋកិច្ចដែលរួមបញ្ចូលត្រូវជាជនគ្រប់រូបនៅគ្រប់តំបន់នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងខ្ញុំពិតជាមានក្តីរីករាយក្នុងការចូលរួមលើកកម្ពស់សមធម៌សង្គមនៅកម្ពុជា។
អ្នកស្រីបានថ្លែងថា៖ «យើងសង្ឃឹមថា សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនៃគម្រោងនេះអាចប្រើប្រាស់ជំនាញចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីកែប្រែជីវិតរបស់ពួកគាត់ ក្រុមគ្រួសារ និងសហគមន៍ទាំងមូលឱ្យកាន់តែប្រសើរឡើងៗ»។
គម្រោងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី និងស្ត្រីជាសហគ្រិនបានធ្វើឡើងស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលនៃកម្ពុជាក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក៏ដូចជាការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។ គម្រោងនេះក៏ជំរុញការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងត្រួសត្រាយផ្លូវឆ្ពោះទៅរកការស្តារឡើងវិញនៃសេដ្ឋកិច្ច ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាពបន្ទាប់ពីជំងឺរាតត្បាតបានបញ្ចប់៕ LA