
កសិករនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំកំពុងរៀបចំថ្នាំជក់ដែលដាក់សម្ងួតកាលពីពេលថ្មីៗនេះ។ រូប រ៉ាស់ហ៊ីម
ភ្នំពេញៈ កម្ពុជា និងវៀតណាមចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងជាមួយគ្នាដោយផ្តល់ការអនុគ្រោះពន្ធដល់ការនាំចេញថ្នាំជក់ពីកម្ពុជាឡើងវិញចាប់ពីឆ្នាំ ២០២២ ដល់ ២០២៣ បន្ទាប់ ពីបានខកខានអនុវត្តកាលពីឆ្នាំ ២០២១។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការសម្រេចបន្តផ្តល់កូតាឱ្យកម្ពុជាក្នុងការចេញអង្ករចំនួន ៣០ ម៉ឺនតោន និងថ្នាំជក់ ៣ ពាន់តោន ក្រោមការអនុគ្រោះពន្ធសូន្យនេះ ត្រូវធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តង ហើយភាគីទាំង ២ ត្រូវចុះហត្ថលេខាជាមួយគ្នាម្តងទៀត នៅចុងឆ្នាំ ២០២០ ប៉ុន្តែត្រូវខកខានវិញដោយសារវិបត្តិកូវីដ។
លោកបានបន្ថែមទៀតថា ដោយសារតែកម្ពុជា និងវៀតណាមជាប្រទេសជិតខាងនឹងគ្នា ដូចនេះតែងតែមានការនាំចេញនាំចូលទំនិញទៅវិញទៅមក ប៉ុន្តែចំពោះអង្ករ និងថ្នាំជក់ ដែលប្រទេសទាំង ២ មានផលិតដូចគ្នា ដូចនេះដើម្បីចៀសវាងការប្រកួតប្រជែងគ្នាខ្លាំងពេកសម្រាប់ឈ្មួញក្នុងស្រុកនៃប្រទេសទាំង ២ ទើបបង្កើតកិច្ចព្រមព្រៀងនេះឡើង។
លោកបានបញ្ជាក់ថា៖ «តាមពិតទៅយើងត្រូវចុះហត្ថលេខាជាមួយគ្នា ២ ឆ្នាំម្តង ដោយកិច្ចព្រមព្រៀងក្នុងការនាំចេញអង្ករ ៣០ ម៉ឺនតោន និងថ្នាំជក់ ៣ ពាន់តោន ក្រោមការអនុគ្រោះពន្ធសូន្យមានតាំងពីឆ្នាំ ២០១៩-២០២០ ហើយត្រូវចុះហត្ថលេខាម្តងទៀតនៅចុងឆ្នាំ ២០២០ ប៉ុន្តែនៅក្នុងកាលៈទេសៈកូវីដ ១៩ ភាគីទាំង ២ មិនបានជួបគ្នាចុះហត្ថលេខាទេ ទើបឆ្នាំ ២០២២ យើងបានរៀបចំលិខិតស្នាមបន្តទៅទៀតសម្រាប់ឆ្នាំ ២០២២-២០២៣»
លោក ឃាង ណាត កសិករដាំថ្នាំជក់នៅភូមិទី ៣ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អះអាងថា កសិករនឹងអាចលក់ថ្នាំជក់បានក្នុងតម្លៃថ្លៃ បើសិនជាមានទីផ្សារកាន់តែច្រើន។ លោកថា នៅឃុំរបស់លោកបានចាប់ផ្តើមប្រមូលផលថ្នាំជក់ហើយ ប៉ុន្តែអាចបានផលតិច ជាង ដោយសារបញ្ហាអាកាសធាតុ ខណៈដែលតម្លៃវិញគឺប្រហាក់ប្រហែលឆ្នាំមុន ដោយថ្នាំកូតាបតម្លៃ ៦ ០០០ រៀល ទៅ ៧ ០០០ រៀល និងថ្នាំខ្មែរតម្លៃ ១០ ០០០ រៀល ក្នុង ១ គីឡូក្រាម។ លោកបានបញ្ជាក់ថា៖ «ភ្លៀងបានធ្លាក់កាលពីអំឡុងខែកុម្ភៈ ដោយបានធ្វើឱ្យស្លឹកថ្នាំខូច និងឡើងទុំមិនសូវល្អ និងខ្លះទៀតងាប់ដើម ដែលអាចលក់បានតម្លៃថោកសម្រាប់ស្លឹកទុំ និងបានតម្លៃគួរសមសម្រាប់ស្លឹកខៀវ»។
អ្នកស្រី កូវ សុខម៉េង បានដាំដុះថ្នាំជក់ ប្រភេទថ្នាំកូតាបជាង ៣ ម៉ឺនគុម្ពនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បាននិយាយថា នៅឆ្នាំនេះ ផលថ្នាំជក់អាចបានតិចជាងឆ្នាំមុនបន្តិច ដោយសារអាកាសធាតុប្រែប្រួលមានភ្លៀងធ្លាក់ និងក្តៅខ្លាំងពេកធ្វើឱ្យងាប់ដើម។ អ្នកស្រីបានបន្ថែមថា ឈ្មួញភាគច្រើនដែលទិញថ្នាំជក់ពីឃុំរកាខ្នុរ ច្រើននាំចេញទៅវៀតណាម និងចិន។ ដូចនេះ កសិករអាចលក់បានថ្លៃទៀត បើសិនវៀតណាមបន្តការអនុគ្រោះពន្ធ។
អ្នកស្រីបានបញ្ជាក់ទៀតថា៖ «ប្រជាពលរដ្ឋឃុំនេះ ច្រើនដាំថ្នាំជក់ ប្រភេទថ្នាំកូតាប ដោយសារថ្នាំកូតាបមានឈ្មួញដើរទិញច្រើន និងងាយដាំដុះជាងថ្នាំខ្មែរ គ្រាន់តែតម្លៃបានថោកជាងថ្នាំខ្មែរ។ កាលណាមានឈ្មួញទិញកាន់តែច្រើន កសិករមានទឹកចិត្តដាំដុះ មិនភ័យរឿងខ្វះទីផ្សារ ឬខ្លាចធ្លាក់ថ្លៃទេ»។
សម្រាប់ខេត្តត្បូងឃ្មុំចាប់ពីដើមខែមីនា ដល់ថ្ងៃទី ៥ មីនា ឆ្នាំនេះ ស្រុកក្រូចឆ្មារ និងស្រុកពញាក្រែក ប្រមូលផលបាន ១៥៣ តោនលើផ្ទៃដី ៩០ ហិកតា ដោយការប្រមូលផលនឹងបន្តរហូតដល់ដំណាច់ខែមេសា។
របាយការណ៍ពីក្រសួងកសិកម្មនៅក្នុងឆ្នាំ ២០២១ កម្ពុជានាំចេញថ្នាំជក់បានជិត ៤ ៦០០ តោន ថយជាង ២០ ភាគរយ ធៀបនឹងឆ្នាំ ២០២០។ នាំចេញទៅវៀតណាមច្រើនជាង ៤ ៤០០ តោន ក្រៅពីនេះនាំទៅ បែលហ្ស៊ិក ហុងគ្រី ចិន ឥណ្ឌូនេស៊ី សិង្ហបុរីជាដើម៕ LA
វីដេអូ៖