ភ្នំពេញៈ រយៈពេល​ជិត​ ២ ​ឆ្នាំ​នៃ​ការដាក់ឱ្យ​ដំណើរការ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ហៅថា «Single Portal» មាន​ក្រុមហ៊ុន​ជាង​ ១២ ​ពាន់​បាន​ទទួល​ជោគជ័យ​ក្នុងការ​ចុះបញ្ជី​ជា​ផ្លូវការ​តាម​ប្រព័ន្ធ​នេះ ខណៈ​ក្រុមហ៊ុន​ជាង ១ ​ពាន់​ទៀត​កំពុងស្ថិត​ក្នុងដំណាក់កាល​ត្រួតពិនិត្យ​។

ទិន្នន័យ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្ហាញ​ថា គិតពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ៧ ខែមីនា ឆ្នាំ​ ២០២២ មាន​ក្រុមហ៊ុន​ចំនួន ១២ ២០១ ដែល​បានទទួល​ជោគជ័យ​ក្នុងការ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ «Single Portal» និង​ក្រុមហ៊ុន​ចំនួន ១ ១៧៤ ផ្សេង​ទៀត​កំពុងស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​។ ចំនួន​ថ្ងៃជា​មធ្យម​ដើម្បី​ចុះបញ្ជី​ក្រុមហ៊ុន​មួយ គឺ​រយៈពេល​ ៨ ​ថ្ងៃ​។ ដោយឡែក​មាន​ក្រុមហ៊ុន​សរុប ៩ ០៤៨ ​ទទួលបាន​ជោគជ័យ​សម្រាប់​ចំនួន​នាមករណ៍​បម្រុង​ទុក​) និង​ចំនួន ៣៣៨ ទៀត​កំពុង​ស្ថិតក្រោម​ការត្រួតពិនិត្យ​។ នេះ​បើតាម​ទិន្នន័យ​ដដែល​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ឱ្យ​ដឹងថា កំណើន​ជា​បន្តបន្ទាប់​នៃ​ចំនួន​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន គឺ​ដោយសារ​ប្រព័ន្ធ​នេះ​បង្ក​ភាព​ងាយស្រួល ចំណាយ​ថវិកា​តិច​ធ្វើ​បាន​នៅ​គ្រប់កន្លែង ជាពិសេស​មិនចាំបាច់​ធ្វើ​រឿង​ដដែលៗ​តាម​ក្រសួង​ស្ថាប័ន ដោយ​រៀបចំ​ម្តង​រួចរាល់​គ្រប់​ក្រសួង​ស្ថាប័ន​ដែល​ត្រូវការ​។ លោក​ថា ការបង្ក​ឱ្យមាន​ភាពងាយស្រួល​នេះ​ក៏​ធ្វើឱ្យ​ចំណាប់អារម្មណ៍​បញ្ចេញ​ទុនវិនិយោគ​ទាំង​សម្រាប់​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស​កើនឡើង​ផងដែរ​។

លោក​ថ្លែងថា​៖ «​ប្រព័ន្ធ​នេះ​បានផ្តល់​ផលចំណេញ​ច្រើន ជាពិសេស​វា​បាន​ផ្តល់​នូវ​កម្លាំងចិត្ត​ដល់​អ្នក​វិនិយោគ​ក្នុង​ការបង្កើន និង​ពង្រីក​អាជីវកម្ម​ផងដែរ​»​។

អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១០ ខែមីនា​ថា ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា កំពុង​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការលើកកម្ពស់​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល ក៏ដូចជា​ផ្តល់​ភាពយស្រួល​ជាង​មុន​ដល់​ធុរជន​។ ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មិន​ត្រឹមតែ​ដើរ​ស្រប​នឹង​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ដែល​រដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យមាន​តម្លាភាព ចំណេញ​ពេលវេលា និង​ជួយ​កាត់បន្ថយ​ការិយាធិបតេយ្យ​បាន​យ៉ាងច្រើន​ទៀតផង​។

លោក​និយាយថា​៖ «​ប្រព័ន្ធ​នេះ​នឹង​ដើរតួនាទី​ក្នុង​ការជួយ​ពង្រឹង និង​ពង្រីក​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ល្អ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ឱ្យ​រដ្ឋាភិបាល​អាច​គ្រប់គ្រង​ចំនួន​ក្រុមហ៊ុន​/​សហគ្រាស ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការមាន​ទិន្នន័យ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​ប្រភេទ​អាជីវកម្ម​ក៏​អាចជួយ​ឱ្យ​រដ្ឋាភិបាល​ដាក់ចេញ​នូវ​ផែន​ការជួយ​អភិវឌ្ឍន៍ ឬ​ផ្តល់​ការគាំពារ​ចំពោះ​វិស័យ​ដែល​ដំណើរការ​មិនល្អ​នេះ​ផងដែរ​»​។

ចំពោះ​វិស័យ​ឯកជន ប្រព័ន្ធ​ចុះបញ្ជី​នេះ​បាន​ធ្វើឱ្យ​ពួកគេ​ចំណេញ​ពេលវេលា និង​ថវិកា​បាន​យ៉ាងច្រើន​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ «Single Portal» នា​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២០ ដោយបាន​ដាក់​ក្រសួង​-​ស្ថាប័នរដ្ឋ​ចំនួន​ ៦ ជាមួយ​គ្នា​។ ក្រសួង​ស្ថាប័ន​ទាំងនោះ​រួមមាន ក្រសួង-​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន្ត ធ្លាប់បាន​និយាយថា Single Portal នឹង​តម្រូវឱ្យ​ក្រុមហ៊ុន​បំពេញ​បែបបទ​ចុះបញ្ជី​អាជីវកម្ម​តែម្ដង ដោយ​ត្រូវការ​ពេលវេលា​ច្រើន​បំផុត ៨ ថ្ងៃ​។ លោក​កត់សម្គាល់ថា ទិន្នន័យ​ទាំងអស់​ដែល​បាន​ដាក់ជូន​ដោយ​ក្រុមហ៊ុន​នានា​ស្ថិតក្រោម Single Portal មួយ​នេះ​នឹងត្រូវ​បញ្ជូន​ដោយ​ស្វ័យ​ប្រវត្ដិ​ទៅ​ក្រសួង​ស្ថាប័ន​ដែល​ដំណើរការ​ដោយ​រដ្ឋ​ដែល​បានដាក់​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​នេះ​៕ LA