ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways បានចាត់ទុក កម្ពុជា​គឺជា​គោលដៅ​ហោះហើរ​មួយ​ក្នុងចំណោម​គោលដៅ​ដែល​បានកំណត់​ជាច្រើន​ផ្សេងទៀត ខណៈ​ដែល​ក្រុមហ៊ុន​បានដាក់​ផែនការ​ក្នុង​ការដឹក​អ្នកដំណើរ​ឱ្យសម្រេច​បាន​ចំនួន ២,៦ ​លាន​នាក់​, ប្រតិបត្តិការ​ជើងហោះហើរ​ឱ្យបាន​ចំនួន ៣៤ ០០០ ​ជើង​សំដៅ​ធ្វើយ៉ាងណា​ទទួលបាន​ប្រាក់ចំណូល​ប្រហែល ៨,១៧៥ ​ពាន់​លាន​បាត​សម្រាប់​ឆ្នាំ ​២០២២ នេះ ។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី ​១០ ខែមីនា ឆ្នាំ ២០២២ លោក Puttipong Prasarttong-Osoth ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​ថ្លែងថា តាមពិត​ចំនួន​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ Bangkok Airways បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុងអំឡុង​ខែឧសភា ដល់​ខែសីហា ឆ្នាំ ២០២១ ដោយសារតែ​ការផ្ទុះ​ឡើង​វីរុស​បំប្លែង​ថ្មី Delta​។

ទន្ទឹមនឹងនេះ​សម្រាប់​ផ្លូវ​ហោះហើរ ក្រុម​ប្រទេស CLMV (​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម​) ក្រុមហ៊ុន​អាកាសចរណ៍​បានចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​នូវ​សេវាកម្ម​ពី​ទីក្រុង​បាងកក​-​ភ្នំពេញ (​កម្ពុជា​) កាលពី​ខែធ្នូ ឆ្នាំ ២០២១ ខណៈដែល​សម្រាប់​ឆ្នាំ ២០២១ ​ក្រុមហ៊ុន​រកប្រាក់​ចំណូល​ពី​ការហោះហើរ​ទៅ​ប្រទេស​ទាំងនេះ​បាន​ប្រហែល ២ ​ភាគរយ​ក្នុងចំណោម​ប្រាក់ចំណូល​អ្នកដំណើរ​សរុប​។

លោក​ថ្លែងថា​៖ «​នៅ​ឆ្នាំ​ ២០២២ យើង​ព្យាករ​ថា វិស័យ​អាកាសចរណ៍​ត្រូវបាន​រំពឹងថា​នឹង​ស្ទុះ​ងើប​ឡើងវិញ​ប្រហែល ៤០ ភាគរយ ដោយសារតែ​ការកើនឡើង​នៃ​អត្រា​ការចាក់​វ៉ាក់សាំង ក៏ដូចជា ការ​កាត់បន្ថយ​ការរឹតបន្តឹង​ការធ្វើដំណើរ និង​ការបន្ធូរបន្ថយ​វិធានការ​បង្ការ​ជំងឺ​កូវីដ​ ១៩​ នៅក្នុង​ប្រទេស​ថៃ​។ យើង​គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរ​ជើងហោះហើរ​ក្នុងស្រុក និង​អន្តរជាតិ​ទៅកាន់​ទិសដៅ​ដ៏ពេញនិយម​មួយចំនួន​របស់​យើង​ឡើងវិញ រួមទាំង​ទីក្រុង​បាងកក-​កោះក្រាប៊ី (​ដោយ​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី​ ២៧ ខែមីនា ឆ្នាំ ​២០២២) ​ជើង​ហោះហើរ​កោះ​សាមុយ-​ឈៀងម៉ៃ ជើងហោះហើរ​កោះ​សាមុយ-​ទីក្រុង​ហុងកុង និង​ទីក្រុង​បាងកក​-​សៀមរាប​ក្នុង​ត្រីមាស​ទី​ ៣​។ ទោះជា​យ៉ាងណា​ក៏ដោយ ការចាប់ផ្ដើម​ដំណើរការ​ជើងហោះហើរ​ទាំងនេះ​ឡើងវិញ​នឹង​អាស្រ័យ​លើ​តម្រូវការ​ធ្វើដំណើរ ការ​រឹតបន្តឹង​ការធ្វើដំណើរ​ក្នុង​ប្រទេស​នីមួយៗ និង​វិធានការ បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដែល​ប្រហែល ជា​មិន​ត្រូវបាន​បន្ធូរបន្ថយ​នៅពេល​ចាប់ផ្តើម​ប្រតិបត្តិការ​ឡើងវិញ​តាម​ដែល​បានគ្រោងទុក​នោះទេ​»​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA) ប្រចាំ​ប្រទេស​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នាពេល​ថ្មីៗ​នេះ​ថា ការកើនឡើង​ជើងហោះហើរ​អន្តរជាតិ​បង្ហាញថា មាន​ទំនុក​ចិត្តខ្លាំង​ក្នុងចំណោម​វិនិយោគិន និង​ភ្ញៀវទេសចរ​ទាក់ទង​នឹង​ការធ្វើដំណើរ​មកកាន់​កម្ពុជា​។ លោក​បាន​បន្តថា ទោះបីជា​មិនទាន់មាន​ភាពស្ថិតស្ថេរ​ក្នុង​កម្រិត​មួយ​ដ៏ល្អ​បំផុត​ក៏ដោយ ក៏​វា​គឺជា​ការចាប់ផ្តើម​ប្រកប​ដោយ​ជោគជ័យ​មួយ​សម្រាប់​ប្រទេស​ក្នុង​ការកសាង​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​ពិភពលោក​ឡើងវិញ​។

លោក​បាន​ថ្លែងថា​៖ «​ដោយសារ​តែ​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ មិនទាន់​ចប់ ខ្ញុំ​យល់ថា ភ្ញៀវទេសចរ​ជាច្រើន​មិន​ហ៊ាន​វិនិយោគ​នៅក្រៅ​ប្រទេស​នោះទេ ព្រោះ​ការបិទ​ខ្ទប់​ទីក្រុង​អាច​​ធ្វើទៅបាន​គ្រប់​ពេលវេលា​។ ទោះជា​យ៉ាងណា​ក៏ដោយ ​ការចាប់ផ្ដើម​ដំណើរការ​ជើង​ហោះហើរ​ឡើងវិញ​នឹង​ល្អ​សម្រាប់​ការវិនិយោគ និង​ពាណិជ្ជកម្ម​»​។

កាលវិភាគ​ជើងហោះហើរ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ទាំងបី​របស់​កម្ពុជា បានបង្ហាញ​ថា នៅ​ចុងខែ​មករា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក និង​អន្តរជាតិ​ប្រមាណ ១០ បាន​ប្រតិបត្តិការ​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​មួយចំនួន​ធ្វើ​ប្រតិបត្តិការ​ជើងហោះហើរ​ពី ៣ ទៅ ៤ ដង​ក្នុង ​១ ​សប្តាហ៍ ដែលជា​ប្រេកង់​មួយ ដែល​លោក ស៊ិន ចាន់សេរីវុត្ថា ​អ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ចង្អុល​បង្ហាញថា ជា​សញ្ញា​ល្អ​មួយ​សម្រាប់​វិស័យ​អាកាសចរណ៍​កម្ពុជា​នឹង​ត្រឡប់​ទៅរក​ភាពប្រក្រតី​ឡើងវិញ​នៅពេល​ដ៏ខ្លី​ខាងមុខ​។

កាលពីដើម​ខែមីនា ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ចំនួន ២ របស់​ប្រទេស​ថៃ​បានប្រកាស​ជើងហោះហើរ​មកកាន់​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​ជំរុញ​ទេសចរណ៍​ទ្វេភាគី​ បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ដោយ​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​ ២ ​នេះ​ទើប​ដំណើរការ​ជើងហោះហើរ​ថ្មី​ជាមួយ​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​ក្រសួង​ទេសចរណ៍ និង​តំណាង​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​៕ LA