ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ពន្យារពេល​ការអនុវត្ត ​«​ពន្ធ​លើ​ចំណេញ​មូលធន​» រហូតដល់​ដំណាច់ឆ្នាំ​ ២០២៣ ក្នុង​គោលដៅ ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច ក្នុងការ​រស់​តាម​គន្លង​ប្រក្រតី​ថ្មី​។ នេះ​បើតាម​ការជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។

ការសម្រេច​ពន្យារពេល​ការអនុវត្ត​ «​ពន្ធ​លើ​ចំណេញ​មូលធន​» ​របស់​រដ្ឋាភិបាល​នេះ​ធ្វើឡើង​ បន្ទាប់ពី​មានការ​អំពាវនាវ​ពី​វិស័យ​ឯកជន​កាលពី​ប៉ុន្មាន​ខែ​កន្លងមកនេះ​។ លុះ​ក្រោយមក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានដាក់​សំណើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ពន្យារពេល​ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន កាលពី​អំឡុង​ខែមករា ឆ្នាំ​ ២០២២​ មក អគ្គនាយកដ្ឋាន​ពន្ធដារ​នៅ​ថ្ងៃទី​ ០៩ ខែមីនា បានចេញ​សេចក្តី​ជូនដំណឹង​មួយ​ស្តីពី​ការពន្យារ​កាលបរិច្ឆេទ​កំណត់​ដាក់ឱ្យអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​រយៈពេល​ ២ ​ឆ្នាំ​បន្តទៀត ដោយ​កំណត់​ថ្ងៃទី​ ១ ខែមករា ឆ្នាំ ២០២៤ ជា​កាលបរិច្ឆេទ​នៃ​ការអនុវត្ត​ពន្ធ​នេះ​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា​ក្នុង​រយៈពេល ២ ឆ្នាំ​កន្លងមកនេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ដើម្បី​ជួយ​សម្រាល​បន្ទុក​សារពើពន្ធ​របស់​វិស័យ​ឯកជន ពិសេស​វិស័យ​ដែល​​រង​ផលប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​ជំងឺ​កូវីដ ​១៩ ដើម្បី​រក្សា​លំនឹង​អាជីវកម្ម​។

លោក​បាន​បន្ថែមថា​៖ «​ការពន្យារពេល​ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​គឺ​ ដើម្បី​ចូលរួម​អនុវត្ត​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន សេដ្ឋកិច្ចកម្ពុជា​ក្នុង​ការរស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ ២០២១-២០២៣ ដើម្បី​ជំរុញ​ការវិនិយោគ និង​ជួយ​សម្រួល​ជីវភាព​របស់​ប្រជាពលរដ្ឋ​»​។

លោក ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ ពន្យារពេល​ដាក់ឱ្យ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នៅក្នុង​រយៈពេល​ ២ ​ឆ្នាំ​បន្តទៀត​នេះ ជា​ការសម្រេចចិត្ត​ដ៏ត្រឹមត្រូវ និង​ចំពេល​វេលា​របស់​រដ្ឋាភិបាល ដែល​នេះ​ជាការ​លើកទឹកចិត្ត​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ ជាពិសេស​នៅក្នុង​វិស័យ​អចលនវត្ថុ​។

លោក​បាន​បន្ថែមថា វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​ធ្លាក់ចុះ​ខ្លះ​នៅ​អំឡុង​ឆ្នាំ​ ២០២០ ហើយ​បានអូសបន្លាយ​ដល់​ឆ្នាំ​ ២០២១ ហើយ​ទើបតែ​បាន​ប្រសើរ​វិញ​បន្តិច​ចាប់ពី​ដើមឆ្នាំ​ ២០២២ នេះ​។

លោក​បាន​ថ្លែងថា​៖ «​វិស័យ​​អចលនទ្រព្យ​ប្រភេទ​ខុនដូ​បាន​រង​ផលប៉ះពាល់​ខ្លាំង​ជាងគេ ដោយសារតែ​អចលនវត្ថុ​ប្រភេទ​នេះ​ពឹងផ្អែក​ការលក់​ឱ្យ​ជនបរទេស ប៉ុន្តែ​នៅពេល​មាន​វិបត្តិ​កូវីដ​ ១៩ ​មកដល់ មាន​ការបិទខ្ទប់​ប្រទេស​ផង ធ្វើឱ្យ​ខុនដូ​ជាច្រើន​លក់​មិន​ដាច់​។ ទោះជា​យ៉ាងណា ការពន្យារពេល​ពន្ធ​លើ​ចំណេញ​មូលធន​បាន​ជួយ​សម្រួល​ច្រើន​ដែរ​ដល់​វិស័យនេះ​»​។

អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក ហុង វណ្ណៈ យល់ឃើញថា ការពន្យារពេល​ពន្ធ​លើ​ចំណេញ​មូលធន​បានផ្តល់​ប្រយោជន៍​ច្រើន​ដល់​ធុរជន​ទាំងឡាយ ដែល​កំពុង​ប្រកប​អាជីវកម្ម​លើ​វិស័យ​ពាក់ព័ន្ធ​នានា​នៅ​កម្ពុជា ជាពិសេស​វិស័យ​អចលនទ្រព្យ​។

លោក​បាន​បន្ថែមថា ថ្វីដ្បិតតែ​ការអនុគ្រោះ​នេះ​អាច​នឹង​ធ្វើឱ្យ​រដ្ឋ​បាត់​ចំណូល​មួយចំនួន​ក៏ពិតមែន ប៉ុន្តែ​លោក​ជឿថា រាជរដ្ឋាភិបាល​នឹងមាន​ដំណោះស្រាយ​ផ្សេងទៀត ដើម្បី​អាច​បង្កើន​ចំណូល​ជាតិ​បាន​។

លោក​បាន​ប្រាប់ថា​៖ «​នេះ​ជាការ​ជួយ​លើកស្ទួយ​កម្រិត ជីវភាព សកម្មភាព​សេដ្ឋកិច្ច សង្គម​ឱ្យមាន​ភាព​ល្អ​ប្រសើរឡើង​ជា​ជំហានៗ នៅក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​វិបត្តិ​កូវីដ​ ១៩ ​នេះ​»​។

ពន្ធ​លើ​ចំណេញ​មូលធន គឺជា​ប្រភេទ​ពន្ធ​ដែល​អនុវត្ត​លើ​ចំណេញ​មូលធន​ដែល​សម្រេចបាន​ពី​ការលក់ ឬ​ផ្ទេរ​មូលធន ដែលជា​ទ្រព្យ​ចំនួន​ ៦ ​ប្រភេទ​រួមមាន​៖ អចនលទ្រព្យ ភតិសន្យា ទ្រព្យ​វិនិយោគ កេរ្តិ៍ឈ្មោះ​អាជីវកម្ម កម្មសិទិ្ធ​បញ្ញា និង​រូបិយវត្ថុ​បរទេស​ក្នុង​អត្រា ២០ ភាគរយ​។

ច្បាប់​បាន​អនុញ្ញាតឱ្យ​ប្រមូល​ពន្ធ​នេះ តាំងពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សារពើពន្ធ ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០០៧​ មក​ម្ល៉េះ​៕ LA