​ភ្នំពេញៈ ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប​បាន​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​​វិនិយោគ​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រ​សើរ​បន្ថែមទៀត បើទោះបី​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ នៅតែ​បន្ត​កើតមាន​ក៏ដោយ​។​

​ការប្តេជ្ញា​នេះ​ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​​គណៈ​ក​ម្មា​ធិ​​ការ​ចម្រុះ​កម្ពុជា និង​សហភាព​អឺរ៉ុបលើក​ទី​១១ ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី​ ១០ ខែមីនា​។ កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​នេះ​ដឹកនាំ​ដោយ​លោក លុយ ដា​វីត រដ្ឋលេខាធិការ​ក្រសួង​ការ​​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី Paola Pampaloni អនុប្រធាន​គ្រប់​​គ្រង​ប្រចាំ​តំបន់​អាស៊ី និង​ប៉ា​​ស៊ី​ហ្វិ​ក នៃ​មន្ទីរ​កិច្ចការបរទេស​សហភាព​អឺរ៉ុប​។​

​កិច្ចប្រជុំ​នេះ​ក៏បាន​ពិភាក្សា​ផងដែរ​អំពី​វិធានការ​ស្ដារ​សេដ្ឋ​​កិច្ច​ឡើងវិញ ទំនាក់ទំនង​ពាណិជ្ជ​​កម្ម និង​ការវិនិយោគ​ទ្វេភាគី រួមទាំង​ការដក​ជា​បណ្ដោះអាសន្ន នូវ​ផ្នែក​ខ្លះ​នៃ​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប ក្រោម​គម្រោង​គ្រប់យ៉ាង​លើក​​លែង​តែ​សព្វាវុធ ​(EBA), កិច្ច​​សហប្រតិបត្តិការ​បច្ចេក​ទេស​, បញ្ហា​នៃ​ការចូល​ទៅកាន់​ទីផ្សារ ព្រមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​បន្ត ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​នូវ​បរិយាកាស​ធុរកិច្ច រួមទាំង​ច្បាប់​វិនិយោគ​ថ្មី និង​ការ​​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចកម្ពុជា​។​

​សេចក្ដីប្រកាស​ព័ត៌មាន​កិច្ច​​ប្រជុំបាន​បន្តថា​៖ «​ភាគី​ទាំង ​២ ក៏បាន​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​បន្ថែមទៀត ដើម្បី​ធានាថា បរិយាកាស​វិនិយោគ​របស់​កម្ពុជា​នៅតែ​បើកចំហ មានការ​សម្របសម្រួល​យ៉ាង​ល្អ មាន​លក្ខណៈ​ប្រកួតប្រជែង និង​អំ​​ណោ​យ​ផល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ប្រកបដោយ​ចីរភាព​»​។​

​កិច្ចប្រជុំ​អនុ​ក្រុម​ស្ដីពី​ពាណិជ្ជ​កម្ម និង​ការវិនិយោគ បាន​ពិនិត្យមើល​ឡើងវិញ​ទៅលើ​ពាណិជ្ជ​​កម្ម​ទ្វេភាគី​កម្ពុជា​សហភាព​អឺរ៉ុប និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​។ ក្នុង​ឆ្នាំ ​២០២០ និង​ឆ្នាំ ​២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ភាគី​ទាំង ​២ ​មានតម្លៃ ​៤,៣​ ពាន់​លាន​អឺរ៉ូ និង​ ៤,៥​ ពាន់​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​នីមួយៗ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​។​

​លោក Anthony Galliano អគ្គនាយក Cambodia Investment Management Co Ltd បាន​ប្រាប់ថា ប្លុក EU ជាប់​ចំណាត់ថ្នាក់​ជា​ដៃគូ​ពា​ណិ​​ជ្ជ​កម្ម​ធំជាងគេ​ទី​៣​របស់​កម្ពុជា ដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ដៃគូ​ទាំង ​២ ​មាន​ប្រមាណ ៤,៣​ ពាន់​លាន​អឺរ៉ូ​។​

​យោងតាម​លោក Anthony ក្នុង​ចំណាត់ថ្នាក់​ជា​ទ្វីប​នៃ​ការនាំចេញ​របស់​កម្ពុជា បើ​គិត​ជា​តម្លៃ​ត្រូវបាន​ចែកចាយ​ទៅកាន់​បណ្ដា​ប្រទេស​នៅ​អាស៊ី គឺមាន ៤០,១ ​ភាគរយ ខណៈ ៣៤,៧ ភាគរយ ត្រូវបាន​នាំទៅ​ទីផ្សារ​អាមេរិក​ខាងជើង និង ២៣,៤ ​ភាគរយ​នៃ​តម្លៃ​ទំនិញ​ទៅកាន់​អឺរ៉ុប​។ ពាណិជ្ជកម្ម​ជាមួយនឹង​អាមេរិក​កំពុង​កើនឡើង ដោយ​ការនាំចេញ​កើន ២៧​ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​ស្មើនឹង​ប្រមាណ ៤០​ ភាគរយ​នៃ​ការនាំចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ ​២០២១​។

លោក​បន្តថា​៖ «​ដូច្នេះហើយ វា​មានឱកាស​ច្រើន​សម្រាប់​ការ​កើន​​ឡើង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្លុក​សហភាព​អឺរ៉ុប​»​។​

​គណៈកម្មការ​អឺរ៉ុប ​(EC) ​បាន​រាយការណ៍​ថា សហភាព​អឺរ៉ុប​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា​ កាលពី​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន ៤៥ ​ភាគរយ​នៃ​ការនាំចេញ​របស់​កម្ពុជា​នៅ​ឆ្នាំ​នោះ​។ ភាគ​​ច្រើន​នៃ​ការនាំចេញ​ទាំងនោះ (៩៥,៧​ ភាគរយ​) ​បាន​ចូលទៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប ក្រោម​ផែនការ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់យ៉ាង​លើកលែងតែ​ស​ព្វា​វុ​ធ​(EBA)​។ សរុបមក កម្ពុជា​ គឺជា​ប្រទេស​ប្រើប្រាស់​ផែនការ​អនុគ្រោះ​ពន្ធ EBA ឈានមុខ​គេ​ទី​២ បន្ទាប់ពី​បង់​ក្លា​ដែ​ស​។​

​ទោះយ៉ាងណា កាលពី​ថ្ងៃទី​ ១២ ខែ សីហា ឆ្នាំ​ ២០២០ EC បាន​ដក​ផ្នែក​ខ្លះ​នៃ​គម្រោង EBA ពី​កម្ពុជា​។ ការផ្អាក​នេះ​ប៉ះពាល់​ដល់ ១ ភាគ​ ៥ ឬ ១ ពាន់​លាន​អឺរ៉ូ​នៃ​ការនាំចេញ​ប្រចាំឆ្នាំ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ EU​។​

​លោក Anthony បាន​ពន្យល់ថា ដោយសារ​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន អាមេរិក និង​សហភាព​អឺរ៉ុប​គួរតែ​សម្លឹងមើល​កម្ពុជា ដែល​បានបង្ហាញ​ឱ្យឃើញ​អំពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ចិន និង​សារៈសំខាន់ និង​ឥទ្ធិ​​ពល​កាន់តែខ្លាំង​ក្នុង​តំបន់​។​

​លោក Anthony បន្ថែមថា​៖ «​អ្វីដែល​អាចជា​កាយវិកា​រ​តូច​មួយ​ចំពោះ​អាមេរិក និង​សហ​​ភាព​អឺរ៉ុប នឹង​គាំទ្រ​យ៉ាង​ពេញ​​ទំហឹង​ដល់​កម្ពុជា​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​។ ដូច្នេះហើយ ខ្ញុំ​នឹង​គាំទ្រ​ឱ្យ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP រវាង​អាមេរិក​ជាមួយ​ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប តាមរយៈ​ការ​​ស្តារ​លទ្ធភាព​ទទួលបាន​ឡើងវិញ​របស់​កម្ពុជា​ចំពោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់យ៉ាង​លើក​​លែង​តែ​សព្វាវុធ​»៕ LA