​ភ្នំពេញៈ ស្របពេល​និន្នាការ​នៃ​ការ​​ប្រើប្រាស់​រថយន្ត​អគ្គិសនីលើស​កល​លោក​កំពុង​កើនឡើង ក្រសួង​សា​ធារ​​ណ​ការ និង​ដឹកជញ្ជូន បានរៀបចំ​សិក្ខា​​សាលា​អន្តរក្រសួង​មួយ​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​គោលនយោបាយ​ឆ្ពោះទៅរក​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា​។​

​សិក្ខាសាលា​អន្តរក្រសួង​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១១ ខែ មីនា ឆ្នាំ ​២០២២ ក្នុង​គោលបំណង​គាំទ្រ​ដល់​ការអភិវឌ្ឍ​គោលនយោបាយ​ឆ្ពោះទៅរក​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​អង្គការ Energylab ក្រោម​កិច្ចសហការ​ជាមួយនឹង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​តំណាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​​ករ​កម្ពុជា អគ្គិសនី​កម្ពុជា និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​តំណាងឱ្យ​គម្រោង GIZ/SMMR និង​សម្ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​។​

​ក្នុង​សិក្ខាសាលា​នេះ ក្រសួង​សា​ធារ​​ណ​ការបានរៀបចំ​ឱ្យមាន​ការធ្វើ​បទ​បង្ហាញ​មួយចំនួន​ដោយ​ផ្ដោត​សំខាន់​ទៅលើ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​វិធានការ​ផ្សេងៗ​ ដើម្បី​ជំរុញ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​ឱ្យ​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ជួយ​កាត់បន្ថយ​ការបំពុល​បរិ​​ស្ថាន និង​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​

​ក្រសួង​បានឱ្យដឹងថា យោងតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន កម្ពុជា​ប្ដេជ្ញា​ជំរុញ​ការប្រើ​រថយន្ត​អគ្គិសនី និង​រថយន្តក្រុង​ក្នុង​ទីក្រុង​ឱ្យបាន ៤០​ ភាគរយ និង​ទោចក្រយានយន្ត​ឱ្យបាន ៧០ ​ភាគរយ​នៅត្រឹម​ឆ្នាំ​ ២០៥០​។​

​លោក វ៉ា​ស៊ឹម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​១៣ ខែមីនា​ថា ក្រសួង​កំពុង​ប្រឹងប្រែង​តាមរយៈ​ការរៀបចំ​សិក្ខាសាលា និង​កិច្ច​សហ​​ការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ជំរុញឱ្យមាន​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា ដោយ​ក្នុងនោះ​ក្រសួង​បានស្នើ​សុំ​ទៅ​ធនាគារពិភពលោក ​(WB) ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) និង​ដៃគូ​ដទៃទៀត​ឱ្យជួយ​កសាង​ស្ថានីយ​សាក​រថយន្ត​នៅតាម​រាជធានី​-​ខេត្ត​។

​លោក​បន្តថា ជាមួយគ្នានេះ​ក្រសួង​ក៏​ស្នើឱ្យ​ហ៊ុន​ឯកជន​នាំចូល​រថយន្ត​អគ្គិ​​ស​នី​យកមកប្រើ​ក្នុងស្រុក តាមរយៈ​កិច្ច​សម្រួល​ជាមួយ​ស្ថាប័នគយ និង​ក្រសួង​សេដ្ឋកិច្ច ដើម្បី​លើកទឹកចិត្ត​។ ជាមួយគ្នានេះ​ក៏មាន​កិច្ចសហការ​ជា​​មួយ​អគ្គិសនី​កម្ពុជា ​ដើម្បី​បំពេញ​សេចក្តីត្រូវការ​នៃ​ការប្រើប្រាស់​អគ្គិ​​ស​នី​នៅតាម​ស្ថានីយ​នានា​។​

​បើតាម លោក សុរិយា ក្រៅពីនេះ​នៅតាម​ស្ថានីយប្រេងឥន្ធនៈ​ខ្លះ​ក៏បាន​ស្ម័គ្រចិត្ត​ក្នុង​ការកសាង​ស្ថានីយ​សាក​ផងដែរ​។ ជាមួយគ្នានេះ​ក្រសួង​ក៏បាន​សង់​ស្ថានីយ ១០ ​កន្លែង​រួចហើយ​នៅតាម​ខេត្ត​គោលដៅ ដើម្បី​ដំណើរការ​សាកល្បង​នៅពេល​ខាងមុខ​។​

​លោក​និយាយថា​៖ «​ជាទូទៅ​រថយន្ត​អគ្គិសនី​មិនមែនជា​គំនិត​ផ្តួចផ្តើម​ឱ្យមាន​ការប្រើប្រាស់​សម្រាប់​តែ​នៅ​ស្រុក​យើង​ទេ ស្រុក​គេ​ក៏​ប្រើ​ដែរ ដោយសារតែ​ធនធានធម្មជាតិ​ជាពិសេស​ «​ប្រេង​»​អស់​នៅពេល​ក្រោយ​ទៀត អ៊ីចឹង​យើង​ត្រូវ​រក​ថាមពល​ផ្សេង​ដែល​អាច​ជំនួស​វា​បាន​។ ថាមពល​ដែល​យើង​អាច​ប្រើ​​ប្រា​ស់បាន គឺ​ថាមពល​អគ្គិសនី​»​។​

​លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជាបាន​និយាយថា ពាក់ព័ន្ធ​នឹង​ការខិតខំ​របស់​ក្រសួង​សាធារណការ គឺ​ផ្តោតលើ​កត្តា​សំខាន់ៗ​ចំនួន ៣ រួមមាន កាត់បន្ថយ​ការបំពុល​បរិស្ថាន​ដើម្បីឱ្យ​ការរស់នៅ​របស់​មនុស្ស​មាន​និរន្តរ​ភាព​, ការកាត់បន្ថយ​ធនធានធម្មជាតិ​ដែល​ធ្វើឱ្យ​ការចំណាយ​សម្រាប់​ការ​​រស់នៅ​មានការ​កើនឡើង​, និង​កំណត់​បរិ​មាណនៃ​ការផ្គត់ផ្គង់​តាមរយៈ​ការ​​ដំឡើង​តម្លៃ និង​បញ្ចុះ​ថ្លៃ​តាមតែ​អំពើ​​ចិត្ត​។ ដូច្នេះ​គេ​ត្រូវ​រក​វិធី​ជំនួស​ដោយ​ប្រើប្រាស់​ធនធានធម្មជាតិ​ទាំងនោះ និង​ការជំរុញឱ្យ​មានការ​កើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការកាត់បន្ថយ​ការចំណាយទៅលើ​ការធ្វើដំណើរ និង​សល់​ប្រាក់​ដែល​បាន​ពី​ចំណូល​ក្លាយទៅជា​ប្រាក់​សន្សំ ដើម្បី​វិនិយោគ​ទៅ​ថ្ងៃមុខ​ទៀត និង​ដើម្បី​រួមចំណែក​ប្រើប្រាស់​ទំនិញ​ផ្សេងៗ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​មាន​កំណើន​តាម​រយៈ​ការកើនឡើង​នៃ​ការប្រើ​​ប្រាស់​ទំនិញ​ផ្សេង​ដោយ​កាត់បន្ថយ​ការចំណាយ​ទៅលើ​ថ្លៃ​ប្រេង​៕ LA