​ភ្នំពេញៈ កម្ពុជា​-​អូស្ត្រាលី ប្តេជ្ញា​នឹង​បន្ត​ជំរុញ​កំណើន​ពាណិជ្ជកម្ម កា​រវិ​និ​យោគ និង​កិច្ចសហប្រតិបត្តិការ​ជា​មួយ​គ្នា​ឱ្យ​កាន់តែខ្លាំង​បន្ថែមទៀត ជាពិសេស​ការ​ស្តារឡើងវិញ​គ្រប់​វិស័យ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ ​១៩​។​

​ការអះអាង​នេះ​ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ស្តីពី​វឌ្ឍនភាព​នៃ​កិច្ច​​សហប្រតិបត្តិការ​ទ្វេភាគី និង​តំបន់​លើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយនឹង​លោក Pablo Kang ឯកអគ្គរាជទូត​អូ​ស្ត្រា​​លី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ១០ ខែមីនា នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​និយាយថា ពាណិជ្ជកម្ម​កម្ពុជា​-​អូស្ត្រាលី បាន​រីកចម្រើន​គួរឱ្យកត់សម្គាល់ គឺ​ទាំង​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី ខណៈ​កម្ពុជា និង​អូស្ត្រាលី គឺជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP)​។ បន្ថែម​ពីលើ​នេះ កម្ពុជា​ក្នុងនាម​ជា​ប្រ​ធាន​អាស៊ាន​ឆ្លាស់​វេន​ក្នុង​ឆ្នាំ ​២០២២ នេះ ក៏​បាននិងកំពុង​ខិតខំ​ជំរុញ​ការ​​ចរចា​លើ​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ ​(AANZFTA Upgrade) ​ដែលជា​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច មួយ​ក្នុងចំណោម​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​ដទៃទៀត​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២២​។​

​លោក​បន្ថែមថា​៖ «​កម្ពុជា​បាន​ប្តេជ្ញា​បន្ត​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​វិ​និ​យោគ​ទ្វេភាគី ព្រមទាំង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែមទៀត ជាពិសេស​ការខិតខំ​ប្រឹង​ប្រែង​ស្តារឡើងវិញ​លើ​គ្រប់​វិស័យ​ក្រោយ​វិបត្តិ​កូ​វីដ ​១៩»​។

​ឯកអគ្គរាជទូត​អូស្ត្រាលី លោក Pablo Kang បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​អាទិ​​ភាព​សេដ្ឋកិច្ចកម្ពុជា ដែល​ឆ្លុះបញ្ចាំង​ពី​ការឆ្លើយតប​នឹង​ការវិវឌ្ឍ​សកល​ជា​​ពិសេស​លោក​បានចាត់ទុក​ការបញ្ចប់​ការចរចា​ធ្វើឱ្យ​ប្រសើរឡើង​នៃ​កិច្ច​ព្រម​​ព្រៀង AANZFTA ជា​កិច្ចការ​អាទិភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ក្នុង​ឆ្នាំ ​២០២២ នេះ​។​

​វិស័យ​ឯកជន​បាន​លើកឡើងថា ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អូ​ស្ត្រា​លី នឹង​កាន់តែ​ប្រសើរ ខណៈ​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ RCEP ចូល​ជា​ធរមាន​។ RCEP នឹង​បង្កើត​បរិយាកាស​ពាណិជ្ជ​​កម្ម និង​វិនិយោគ​បើកចំហ ដើម្បី​សម្រួល​ដល់​ការពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់ និង​រួម​​ចំណែក​ដល់​កំណើនសេដ្ឋកិច្ច និង​ការ​​អភិវឌ្ឍ​សកលលោក​។ RCEP មាន​សមាជិក​អាស៊ាន​ទាំង ១០ ​ប្រទេស រួមជាមួយ​ប្រទេសក្រៅ​តំបន់​ចំនួន ៥ ផ្សេងទៀត​ដូចជា ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និង​នូ​វែ​ល​សេ​ឡង់​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍ ​ក្នុង​ថ្ងៃទី ​១៣ ខែមីនា​ថា អូស្ត្រាលី គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ល្អ​មួយ​របស់​កម្ពុជា ដោយ​បច្ចុប្បន្ន​ប្រទេស​ទាំង ​២ ​មិន​ត្រឹម​តែមាន​ទំនាក់ទំនង​ពាណិជ្ជ​​កម្ម​លក្ខណៈ​ទ្វេភាគី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយគ្នា​តាមរយៈ RCEP ផងដែរ​។

លោក​បន្តថា បន្ថែម​លើ​នេះ​នៅ​កម្ពុជា ក៏មាន​កម្មវិធី​ខ្សែចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី ​(CAVAC) ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ជាប្រចាំ​លើ​ផ្នែក​កសិកម្ម​ផងដែរ​។ ការសិក្សា​របស់ CAVAC បាន​រកឃើញថា ផលិតផល​​កសិកម្ម​កម្ពុជា គឺជា​វិស័យ​អាទិភាព​ថ្មី​មួយទៀត​ដែល​កម្ពុ​ជាមាន​សម្រាប់​ការ​​នាំទៅ​កាន់​ទីផ្សារ​ប្រទេស​អូស្ត្រាលី ​នាពេល​អនាគត បន្ថែម​លើ​ប្រភេទ​ផលិតផល​សម្លៀកបំពាក់ និង​ផលិត​​ផល​ធ្វើដំណើរ​ដែល​កំពុងមាន​ទីផ្សារ​នៅ​ទីនោះ​រួចមកហើយ​។​

​លោក​ថ្លែងថា​៖ «​ក្រៅពី​ផលិតផល​វាយ​ន​ភណ្ឌ និង​កសិកម្ម កម្ពុជា​ក៏​នៅមាន​ផលិតផល​វត្ថុធាតុដើម​សម្រាប់​នាំ​ចេញទៅ​អូស្ត្រាលី​ផងដែរ​»​។​

​យោងតាម​លោក លឹម ហេង ក្រៅពី​ផលិតផល​អាទិភាព​ដែល​កម្ពុជា​បាននិងកំពុង​នាំចេញ​ទៅ​ទីផ្សារ​ប្រទេស​អូស្ត្រាលី បច្ចុប្បន្ន​អូស្ត្រាលី​ក៏​កំពុង​រៀបចំ​គម្រោង​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​​សេដ្ឋកិច្ចជាតិ ដើម្បី​បង្កើត​តំបន់​/​សួន​-​ក​សិ​-​ឧស្សាហកម្ម តាម​បណ្តា​ខេត្ត​។

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​-​កម្ពុជា លោក ហុង វណ្ណៈ និយាយថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​អូស្ត្រាលី ទោះបី​មិនទាន់មាន​ទំហំ​ធំ​ដូច​អាមេរិក ឬ​ចិន ប៉ុន្តែ​ក៏​ជា​ពាណិជ្ជ​​កម្ម​មួយ​ដែលមាន​លក្ខណៈ​ល្អប្រសើរ​ផងដែរ​។ ម្យ៉ាងទៀត​បច្ចុប្បន្ន​ក៏មាន​អ្នកវិនិយោគ​អូស្ត្រាលី​មួយចំនួន​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​ផងដែរ​។​

​លោក​ប្រាប់ថា​៖ «​ការបង្កើន​ទំនាក់​​ទំនង​ពាណិជ្ជកម្ម​ជាមួយ​អូស្ត្រាលី គឺជា​ការចាំបាច់​ដែល​នឹងធ្វើ​ឱ្យ​វិស័យ​នាំ​​ចេញ​ទំនិញ​កម្ពុជា​កាន់តែ​មាន​ភាព​​រឹងមាំ ដោយ​អាចជួយ​កាត់បន្ថយ​ការ​​ពឹង​ផ្អែកទៅលើ​ការនាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្សេងៗ​ដូចជា EBA និង GSP ជាដើម​»​។​

​ទិន្នន័យ​ក្រសួងពាណិជ្ជកម្មឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អូស្ត្រាលី ឆ្នាំ ​២០២១ មាន​ទឹកប្រាក់ ​៣២៤ លាន​ដុ​លា្ល​រ កើន ៥២ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០៕ LA