ភ្នំពេញៈ ធនាគា​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB ) ផ្តល់​ឥណទាន​ចម្បង​ដល់​វិស័យ​ស្រូវ​អង្ករ​សម្រាប់​ការសាងសង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​ក្នុង​ទំហំ​ទឹកប្រាក់ ៣០​លាន​ដុល្លារ​នៅក្នុង​ខេត្ត​ចំនួន ៤​។​

​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍ ​ដឹងថា ARDB បានផ្តល់​ឥណទាន​ចម្បង​ដល់​វិស័យ​ស្រូវ​អង្ករ​ក្នុង​លក្ខណៈ​សម្បទាន​ពី​រដ្ឋាភិបាល​សម្រាប់​សាងសង់​ឃ្លាំង​ស្តុក និង​ឡ​​ស​ម្ងួ​ត​ស្រូវ នៅក្រោម​រូបភាព​ជា​ដៃគូ​រដ្ឋ និង​វិស័យ​ឯកជន តាមរបៀប​ «​សាងសង់​​ប្រតិបត្តិការ​ ​និង​ទូទាត់​» ​ក្នុង​ទំហំ​ទឹកប្រាក់ ៣០​ លាន​ដុល្លារ​នៅ​តំបន់​ចំនួន ៤ រួមមាន ខេត្តបាត់ដំបង កំពង់ធំ ព្រៃវែង និង​ខេត្តតាកែវ​។​

​លោក​បញ្ជាក់ថា​៖ «ARDB ក៏​គ្រោង​នឹង​បង្កើត​ការិយាល័យ​ចល័ត​នេះ​ឱ្យបាន ៥​ ខេត្ត​ទៀត ខណ​:​បច្ចុប្បន្ន​ខ្លួន​បាន​បង្កើត ៩ ​ខេត្ត​រួចមកហើយ ដោយ​ភាគច្រើន​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប និង​ខេត្ត​ឆ្ងាយៗ ដូចជា ស្ទឹងត្រែង ក្នុង​គោលបំណង​បង្ខិត​សេវាកម្ម​ទៅជិត​អតិថិជន ខណ​:​បច្ចុប្បន្ន​ការពឹង​ផ្អែកលើ​ការិយាល័យ​កណ្តាល​តែមួយ គឺ​នៅ​ឆ្ងាយ​ពី​អ្នកមាន​តម្រូវការ​សេវាកម្ម​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​»​។​

​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបាន​ប្រាប់ថា កម្ពុជាជា​ប្រទេស​ដែលមាន​សក្តានុពល ក្នុង​ការដាំដុះ​ស្រូវ ដូចនេះ​ការវិនិយោគ​បន្ថែម​ទៅលើ​ការសាងសង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត គឺជា​ការវិនិយោគ​មួយ​ដែល​ត្រឹមត្រូវ​បំផុត​។​

​លោក​បញ្ជាក់ថា​៖ «​ការវិនិយោគ​លើ​ការសាងសង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​នឹង​ជួយ​ជំរុញ​ការកែច្នៃ និង​នាំចេញ​ជា​ផ្លូវការ​នៃ​វិស័យ​ស្រូវ​អង្ករ​របស់​យើង​។ ខ្ញុំ​ក៏​អរគុណ​ដល់​ធនាគា​អភិវឌ្ឍន៍​ជន​​បទ និង​កសិកម្ម​ដែល​តែង​ផ្ត​ល់ឥណ​​ទាន​ដល់​ក្រុមហ៊ុន​សមាជិក​សហព័ន្ធ ស្រូវ​អង្ករ​កម្ពុជា​, រោង​ម៉ាស៊ីនកិនស្រូវ​, ក្រុមហ៊ុននាំចេញ​អង្ករ ក៏ដូចជា​ការ​​ជួយ​ពង្រឹងសមត្ថភាព​រោង​ម៉ាស៊ីន​ក្នុងស្រុក​យើង​ឱ្យមាន​លទ្ធភាព​ប្រកួត​ប្រ​ជែង និង​រស់រាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ជាពិសេស​បង្កើន​ចំនួន​ឡ​ ស​ម្ងួ​ត ឃ្លាំង និង​ការកែច្នៃ​នាំចេញ​។​

​លោក ហេង ផេង អ្នក​នាំចេញ​អង្ករ នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង និង​ជា​សមាជិក​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបាន​ប្រាប់ថា ប៉ុន្មាន​ឆ្នាំមុន​ការខ្វះខាត​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ ជាច្រើន​ដែល​ធ្វើ​ឱ្យនៅ​រដូវ​ប្រមូល​ផល​ម្តងៗ​តម្លៃ​ស្រូវ​ចុះថោក​ខ្លាំង​។ លោក​បន្តថា ទោះយ៉ាងណា​ប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយ បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​ភាគច្រើន ដោយសារ​ការផ្តល់​ឥណ​​ទាន​ពី​ធនាគារ ARDB​។​

​លោក​បាន​បន្ថែមថា ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ លែង​ជា​បញ្ហា​ហើយ ប៉ុន្តែ​បញ្ហា​ដែល​ប្រជាកសិករ និង​ក្រុម​ឈ្មួញ​កំពុង​ជួបប្រទះ​នាពេលនេះ គឺ​ថ្លៃដើម​ផលិត​កើនឡើង ដូច​ប្រេង និង​ជី​កសិកម្មជាដើម​។​

​លោក​បញ្ជាក់ថា​៖ «​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​មាន​កាន់តែច្រើន វា​នឹង​បង្កលក្ខណៈ​ងាយស្រួល ដោយសារ​យើង​ជា​អ្នក​នាំចេញ​មិនចាំបាច់​ព្រួយ​​បារម្ភ​ពី​ការខ្វះខាត​កន្លែង​ស្តុក និងឡស​ម្ងួ​ត ហើយ​កសិករ​អាច​លក់​ស្រូវ​បាន​ក្នុងតម្លៃ​សមរម្យ​។ ចំពោះ​យើង​ជា​ឈ្មួញ​ក៏​លក់​ចេញ​បាន​តម្លៃ​ប្រកួត​ក្នុង​ទីផ្សារ​ផងដែរ​»​។​

​យោងតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម ក្នុង​ឆ្នាំ ​២០២១ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​បរិមាណ​សរុប ៦១៧ ០៦៩ ​តោន ថយចុះ ១០,៦៨​ ភាគរយ​ បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ឆ្នាំ ​២០២០ ដែលមាន ៦៩០ ៨២៩ ​តោន​។ ដោយឡែក​ក្នុង​រយៈពេល ២ ខែ​ដើមឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​សរុប ១០៣ ០៥៨ តោន កើនឡើង ៣៥,២១ ភាគរយ​បើ​ធៀប​នឹង​បរិមាណ​នាំចេញ​រយៈពេល ២ ខែ ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៧៦ ២២២ តោន​៕ LA