
ទិដ្ឋភាពពីខាងលើច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ស្ទឹងបត់-បាណងអៀន) កាលពីឆ្នាំ ២០២១។ រូបថត MPWT
ភ្នំពេញៈ ការស្នើបើកច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ស្ទឹងបត់-បាណងអៀន) របស់ភាគីកម្ពុជា នៅមិនទាន់មានពន្លឺនៅឡើយទេ ខណៈភាគីថៃចង់ឱ្យបើកច្រកនេះបន្ទាប់ពីបញ្ចប់ការសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ខ្លួនឱ្យបាន ១០០ ភាគរយសិន។
លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែមីនាថា ភាគីកម្ពុជាដោយមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីស្នើសុំឱ្យភាគីថៃបើកច្រកនេះបណ្តោះអាសន្នសិន បើទោះបីមិនទាន់បញ្ចប់ការសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យនៃប្រទេសទាំង ២ ក៏ដោយ។
លោកបន្ថែមថា ដោយសារការដឹកជញ្ជូនទំនិញពីខាងថៃមកកម្ពុជាមានការកកស្ទះ និងយឺតយ៉ាវ ហើយដើម្បីសម្រួលដល់បញ្ហានេះ ក្រសួងសាធារណការ និងស្ថាប័នពាក់ព័ន្ធ កាលពីអំឡុងខែមិថុនា ឆ្នាំ ២០២១ បានស្នើឱ្យភាគីថៃដើម្បីបើកច្រកនេះបណ្តោះអាសន្នសិន។ ប៉ុន្តែមកដល់ពេលនេះភាគីថៃនៅមិនទាន់សម្រេចអនុញ្ញាតឱ្យបើកច្រកនេះបណ្តោះអាសន្ននៅឡើយទេ បើទោះបីមានការបើកកិច្ចពិភាក្សារវាងអាជ្ញាធរកម្ពុជា-ថៃ ជាបន្តបន្ទាប់ក៏ដោយ។ អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ លើកឡើងថា ត្រូវរង់ចាំការសម្រេចពីគណៈកម្មាធិការសន្តិសុខជាតិរបស់ខ្លួនជាមុនសិន។
លោកបញ្ជាក់ថា៖ «យើងបានប្រើគ្រប់មធ្យោបាយអស់ហើយ ប៉ុន្តែនៅតែមិនទាន់មានការឆ្លើយតបឱ្យមានការបើកច្រកនេះនៅឡើយ ដោយខាងអាជ្ញាធរខេត្តស្រះកែវធ្លាប់ជូនដំណឹងមកយើងថា គណៈកម្មាធិការសន្តិសុខជាតិរបស់គេ មិនទាន់អនុញ្ញាត»។
កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២២ អាជ្ញាធរកម្ពុជា-ថៃ បានបើកកិច្ចប្រជុំមួយទៀត ដើម្បីពិភាក្សាពីដំណើរការបើកជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-ច្រកបាណងអៀន ដោយក្នុងនោះភាគីកម្ពុជាដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ ខណៈភាគីថៃដឹកនាំដោយលោក Parinya Phothisat អភិបាលខេត្តស្រះកែវ ដែលកិច្ចពិភាក្សានេះមិនទាន់បានលទ្ធផលជាផ្លែផ្កានៅឡើយទេ។
លោក ស៊ិន ចន្ទី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បាននិយាយថា វិស័យឯកជនកំពុងរង់ចាំការអនុញ្ញាតឱ្យបើកច្រកនេះជាបណ្តោះអាសន្នដែរ ព្រោះច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានភាពមមាញឹកខ្លាំងណាស់សព្វថ្ងៃ ហើយបើសិនប្រទេសទាំង២អនុញ្ញាតឱ្យមានការបើកពេញលេញទៀតនោះការចរាចរណ៍ទំនិញនឹងយឺតយ៉ាវ។
លោកបញ្ជាក់ថា៖ «ថ្វីដ្បិតបច្ចុប្បន្នការដឹកជញ្ជូនទំនិញតាមច្រកប៉ោយប៉ែតមិនទាន់ចោទជាបញ្ហាខ្លាំង ប៉ុន្តែការបើកច្រកស្ទឹងបត់-បាណងអៀនជាបណ្តោះអាសន្ននឹងធ្វើឱ្យការដឹកជញ្ជូនកាន់តែប្រសើរ លឿនជាងមុន និងជំរុញឱ្យការដោះដូរទំនិញរវាងកម្ពុជា និងថៃកាន់តែមានកំណើន»។
បើតាមអ្នកនាំពាក្យក្រសួងសាធារណការ ការសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យរបស់កម្ពុជាទើបសម្រេចបានប្រមាណ ៣០-៤០ ភាគរយប៉ុណ្ណោះ ដែលអាចនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ ២០២៣។ ចំណែកភាគីថៃអាចនឹងបញ្ចប់នៅអំឡុងឆ្នាំ ២០២២ នេះ។
របាយការណ៍ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បង្ហាញថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ឆ្នាំ ២០២១ មានទឹកប្រាក់ជិត ៨ ពាន់លានដុល្លារ កើន ១០ ភាគរយ ខណៈរដ្ឋាភិបាលថៃបានដាក់ផែនការបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែនឱ្យបានពី ៥ ភាគរយ ទៅ ៧ ភាគរយក្នុង ១ ឆ្នាំ៕ LA