ភ្នំពេញៈ ធនាគារ​វីង បាន​បន្ត​បើក​សាខា​ចំនួន ២​ បន្ថែម​ទៀត​នៅ​តំបន់​សែន​សុខនិង​វិមាន​ឯករាជ្យ ដើម្បី​ពង្រីក​សេវា​ហិរញ្ញវត្ថុដល់​ពលរដ្ឋ​កម្ពុជា និង​ មាន​គោលដៅ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ធំៗ ឈាន​មុខ​គេ​នៅ​លើ​ពិភព​លោក។

ក្រោយ​ពី​ទទួល​បាន​ទទួល​អាជ្ញា​ប័ណ្ណ​ធនាគារ​ពាណិជ្ជពី​ធនាគារ​ជាតិ កាល​ពី​ខែ​មេសា ឆ្នាំ​ ២០២១ ធនាគារ​នេះ​បាន​ចាប់​ផ្តើម​ពង្រីក​សក្តានុពល​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​ក្នុង​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ​ ២០២២ ធនាគារ​នេះបាន​បន្ត​បើក​សាខា​ពីរ​ក្នុង​ថ្ងៃ​តែមួយ ដើម្បី​ពង្រីក​សេវា​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

លោក គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សាភិ​បាល​ធនាគារ​វីង និង ​ជា​អគ្គនាយក​ក្រុមហ៊ុន ​រ៉ូយ៉ាល់​គ្រុប បាន​ថ្លែង​ថា ការ​បើក​សម្ពោធ​សាខា​ធនាគារ​វីង ​ទាំង​ពីរ​នេះ គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ទៀត​សម្រាប់​ធនាគារ​វីង ដើម្បី​ពង្រីក​ការ​ផ្តល់​សេវា​បន្ថែម ដើម្បី​បម្រើ​សហគមន៍​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​បែប​ឌីជីថល ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិតផ្តល់​នូវ​ផលិត​ផល និង ​សេវាកម្ម​ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​អតិថិ​ជនក៏​ដូច​ជា​ ចាប់​ដៃគូ​ជាមួយ​ក្រុម​ហ៊ុន​ធំៗឈាន​មុខ​គេ​នៅ​លើ​ពិភព​លោក។

លោក​បាន​បញ្ជាក់​ថា​៖ «ធនាគារ​វី​ង បាន​បង្កើត​ផលិតផល និង ​សេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​បន្ថែម​ទៀត រួម​មាន សេវា​ឥណទាន និង ​សេវា​ប្រាក់​បញ្ញើ ដើម្បី​បំពេញ​បន្ថែម​លើ​សេវាកម្ម​ហិរញ្ញវត្ថុបែប​ឌីជីថល​របស់​វីង ដែល​មាន​ស្រាប់ដោយ​សេវា​ទាំង​នេះ ត្រូវ​បាន​ផ្តល់​ជូន​តាម​រយៈ​កម្មវិធី​វីង​ប៊ែងអេប ដែល​មាន​បណ្តាញ​ភ្នាក់​ងារ​វីង​នៅ​ទូទាំង​ប្រទេស​ជាង ១០០០០ ​កន្លែង»។

លោក រ័ត្ន សុវណ្ណ​នរៈ អគ្គ​នាយក​ត្រួតពិនិត្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់​ធនាគារ​វីង ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​ការ​រីក​ចម្រើន​របស់​វិស័យ​ធនាគារ​នៅ​កម្ពុជាថែម​ទាំង​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិនទាំង​បរទេស និង ​ក្នុងស្រុកចំពោះ​វិស័យនេះ​ បើទោះបី​ស្ថិតក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ១៩ ​ក៏​ដោយ។

លោក​បាន​បន្ត​ថា រលក​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ នៅ​ក្នុង​ឆ្នាំ ​២០២០ បាន​បង្ក​ផល​ប៉ះពាល់​ដល់​សន្ទុះ​ងើប​ឡើង​នៃ​សេដ្ឋ​កិច្ច និង​ ចំណូល​របស់​ក្រុមហ៊ុនសហ​គ្រាស និង ​ប្រជាពលរដ្ឋជាមួយ​នឹង​ការ​ថមថយ​នៃ​លំហូរ​មូលធន​ពី​បរទេស។

លោក​បញ្ជាក់​ថា៖ «ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​និង​កំពុង​ខិតខំ​បន្ត​អនុវត្ត​គោល​នយោបាយ​រូបិយ​វត្ថុប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​ថ្លៃ និង​ អត្រា​ប្តូរប្រាក់ព្រមទាំង​ពង្រឹង​យន្តការ​ត្រួត​ពិនិត្យ​សំដៅ​រក្សា​នូវ​ភាព​រឹងមាំ​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា»។

លោក ហ៊ុន ម៉ាណែ​ត អគ្គ​មេបញ្ជាការ​រង​នៃ​កង​យុទ្ធ​ខេមរភូមិន្ទយល់​ឃើញ​ថា ឥណទាន​នៃ​វិស័យធនាគារ គឺជា​ប្រភព​ទុន​មួយ​យ៉ាង​សំខាន់​ក្នុងការ​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ចលើ​គ្រប់​វិស័យ។

លោក​បាន​បញ្ជាក់​ថា៖ «ការ​រួម​ចំណែក​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជនក្នុងការ​សហការ​ជាមួយ​រាជរដ្ឋាភិបាលនៅ​ក្នុង​កម្មវិធី​សហ​ហិរញ្ញប្បទាន ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូចនិង​មធ្យម​កម្ពុជាទាំង​ ២​ ដំណាក់​កាល ដែល​មាន​ទឹក​ប្រាក់​សរុប ​២៩០ ​លាន​ដុល្លារ។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​ធនាគារ​វី​ង ក្នុងការ​ពិនិត្យ​លទ្ធភាព​ផ្តល់​ឥណទាន​ឱ្យបាន​កាន់​ច្រើន​ដល់​សហគ្រាស​ទាំងនេះដោយ​ប្រើប្រាស់​ដើមទុន​ផ្ទាល់​របស់​គ្រឹះស្ថាន»។

បើតាម​អគ្គនាយក​ត្រួតពិនិត្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅក្នុង​ឆ្នាំ ២០២១ ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា មានទ្រព្យ​សកម្ម​ចំនួន ៦៩,៦ ពាន់​លាន​ដុល្លារ ( ១៧២ ​ភាគ​រយ), ប្រាក់​បញ្ញើ​អតិថិជន ​ចំនួន ៣៩,២ ពាន់​លាន​ដុល្លារ (១៦,៥ ភាក​រយ និង ​ឥណទាន​អតិថិជន​ចំនួន ៤៦,៧ ពាន់​លាន​ដុល្លារ (២២,៧ ​ភាគ​រយ​)។ ស្ថានភាព​ប្រព័ន្ធ​ធនាគារ​មានមាន​ភាព​ធន់​និង​រឹងមាំដែល​ឆ្លុះបញ្ចាំង​តាមរយៈ​អនុ​បាត​គ្រប់គ្រាន់នៃ​ដើមទុន ២៣,១ ​ភាគ​រយអនុ​បាតសន្ទនីយ​ភាព ១៥១ ​ភាគ​រយ ​និង ​អនុ​បាត​ឥណទាន​មិន​ដំណើរការ ​២ ​ភាគ​រយ។

វី​ងបាន​ចាប់​ផ្តើម​ប្រតិបត្តិការ​លើ​សេវា​ទូទាត់និង​ផ្ទេរ​ប្រាក់ នៅក្នុង​ឆ្នាំ ២០០៨ ហើយ​បាន​វិវឌ្ឍ​មក​ជា​ធនាគារ​ឯកទេស​វី​ង ក្នុង​ឆ្នាំ ​២០១៤ និង​បាន​ក្លាយជា​ធនាគារ​ពាណិជ្ជ​នៅក្នុង​ឆ្នាំ ២០២១៕