
យន្តហោះមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាពេលកន្លងទៅ។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរំពឹងថា នឹងមានលទ្ធផលវិជ្ជមានពីការភ្ជាប់ជើងហោះហើរជាមួយជប៉ុនឡើងវិញក្នុងពេលឆាប់ៗ បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុនមកកាន់កម្ពុជានៅថ្ងៃទី ១៩ មីនា ខាងមុខ។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបាននិយាយថា កម្ពុជាកំពុងតែស្នើឱ្យភាគីជប៉ុនគិតគូរពីការបើកជើងហោះជាមួយកម្ពុជាឡើងវិញឆាប់ៗនេះ បន្ទាប់ពីបានសន្យាជាមួយកម្ពុជាកាលពីឆ្នាំ ២០២១ ប៉ុន្តែមិនទាន់ឃើញមានការរៀបចំហោះហើរឡើងវិញពីខាងជប៉ុននៅឡើយ។
លោកថ្លែងថា៖ «យើងសង្ឃឹមថា ការអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន នៅចុងសប្តាហ៍នេះនឹងមានសញ្ញាវិជ្ជមានសម្រាប់ការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំង ២ ឡើងវិញ»។ លោកបានបន្ថែមថា ការមិនទាន់ចាប់ផ្តើមហោះហើរឡើងវិញនេះ ដោយសារកត្តាទីផ្សារ និងកត្តាតម្រូវការនៃការធ្វើដំណើរតាមផ្លូវអាកាសត្រូវបានធ្លាក់ចុះ ស្របពេលដែលវិធានការចត្តាឡីស័កនៅប្រទេសជប៉ុននៅតឹងរ៉ឹងនៅឡើយ ដែលធ្វើឱ្យប្រជាជនពិបាកធ្វើដំណើរ។
លោកលើកឡើងថា៖ «យើងរំពឹងថា ប្រទេសជប៉ុននឹងកែប្រែវិធានចត្តាឡីស័ក ដែលនឹងនាំមកនូវការហោះហើរឡើងវិញ ស្របពេលកម្ពុជាបានបើកប្រទេសពេញលេញឡើងវិញ ចាប់តាំងពីចុងឆ្នាំ ២០២១ មក»។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថា ការតភ្ជាប់ជើងហោះហើរជាមួយប្រទេសជប៉ុនឡើងវិញ គឺជារឿងវិជ្ជមានបំផុតសម្រាប់ប្រទេសទាំង ២ លុះត្រាតែការតភ្ជាប់មានលក្ខណៈបើកទូលាយ។
នៅក្នុងន័យនេះ លោក វណ្ឌី បានពន្យល់ថា ករណីការបើកឡើងវិញដោយមិនមានភ្ជាប់លក្ខខណ្ឌ ដោយមិនជាប់រនាំងកូវីដ ១៩ ដែលរួមមាន វិធានការចត្តាឡីស័ក ការធ្វើតេស្តដែលនាំឱ្យចំណាយពេលវេលា និងថវិកាច្រើនសម្រាប់ភ្ញៀវទេសចរជាដើម នោះនឹងនាំឱ្យមានផលចំណេញទាំងសងខាង។
លោកបញ្ជាក់ថា៖ «កាលពីអំឡុងឆ្នាំ ២០០៨ និង ២០០៩ ភ្ញៀវទេសចរជប៉ុនឈរនៅលំដាប់ទី ១ និងក្រោយមកបានធ្លាក់មកដល់លំដាប់ថ្នាក់ទី ៧ ដោយភាគច្រើនភ្ញៀវទេសចរជប៉ុនមកជាលក្ខណៈទេសចរណ៍សហគមន៍មានន័យថា គាត់មកកម្សាន្តផង និងមកជួយដល់សហគមន៍ក្រីក្រនានានៅកម្ពុជាផង។ វិស័យឯកជនចង់ឱ្យខាងជប៉ុនដករនាំងកូវីដ ១៩ ចេញ ដោយរំពឹងថា រាជរដ្ឋាភិបាលនឹងជួយសម្របសម្រួលលើបញ្ហានេះ។
តាមរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលចំពោះលទ្ធផលនៃការដឹកជញ្ជូនតាមផ្លូវអាកាសបានបង្ហាញថា ជើងហោះហើរក្នុងស្រុក នៅក្នុងខែមករា ឆ្នាំ ២០២២ មានចំនួន ១២៧ កើន ១៨ ភាគរយ ខណៈជើងហោះហើរក្រៅស្រុកមានចំនួន ១ ០៨១ ជើង ថយចុះ ៣ ភាគរយ បើធៀបនឹងខែធ្នូ ឆ្នាំ ២០២១។
តួលេខក្រសួងទេសចរណ៍ នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ នេះបានឱ្យដឹងថា ចុងសប្ដាហ៍ថ្ងៃទី ១២-១៣ ខែមីនា ឆ្នាំ ២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុប ២៥៣ ៨៧៦ នាក់ ក្នុងនោះភ្ញៀវជាតិ ២៤២ ១៨៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១១ ៦៨៨ នាក់។ ភ្ញៀវទាំងនេះបានទៅគោលដៅទេសចរណ៍សំខាន់ៗដូចជា ខេត្តព្រះសីហនុ, ខេត្តពោធិ៍សាត់, រាជធានីភ្នំពេញ, ខេត្តសៀមរាប, បាត់ដំបង, កំពង់ស្ពឺ, កំពត និងខេត្តកែប ១១ ៤៤៣ នាក់៕ LA