ភ្នំពេញៈ តម្លៃ​ភ័ស្តុភារកម្ម ឬ​ការដឹកជញ្ជូន​នៅ​ប្រទេស​កម្ពុជា​មិនទាន់​កើនឡើង​នោះទេ ទោះបី​តម្លៃ​ប្រេងឥន្ធនៈ​ក្នុង​ប្រទេស និង​ពិភពលោក​បាន​កើនឡើង​ដ៏​ឆាប់រហ័ស​ដែល​បណ្តាលមកពី​វិបត្តិ​នៃ​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​ប្រទេស​អ៊ុយក្រែន ក៏ដោយ​។ នេះ​បើ​យោងទៅតាម​ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​។ លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ ខែមីនា​ថា បើ​គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែមីនា​វិស័យ​ភ័ស្តុភារកម្ម​កម្ពុជា​បាន​ទទួលរង​ផលប៉ះពាល់​ចំនួន ២ គឺ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ដែល​បានធ្វើឱ្យ​សកម្មភាព​នៃ​ការដឹកជញ្ជូន​ធ្លាក់ចុះ និង​បញ្ហា​នៃ​ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​នាពេល​ថ្មីៗ​នេះ​។

លោក​បន្តថា ក្រៅពី​ជួប​បញ្ហា​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩ វិស័យ​ភ័ស្តុភារកម្ម​កម្ពុជា ក៏​កំពុង​ជួប​បញ្ហា​ប្រឈម​ទៅលើ​តម្លៃ​កប៉ាល់ ដែល​កើន​ខ្ពស់​ខ្លាំង ជាពិសេស​ការដឹកជញ្ជូន​ឆ្លង​ទ្វីប ដូចជា ទៅ​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប និង​អាមេរិក​។ លោក​បន្ថែមទៀតថា មួយវិញទៀត​វិស័យនេះ​ក៏​កំពុង​ជួប​បញ្ហា​កង្វះ​ទូកុងតឺន័រ​ផ្ទុកទំនិញ ព្រោះ​នៅ​ប្រទេស​ដែលមាន​កំពង់ផែ​មួយចំនួន​បាន​កកស្ទះ​កុងតឺន័រ និង​មានការ​យឺតយ៉ាវ​នៅក្នុង​ការបញ្ជូន​សម្បក​កុងតឺន័រ​មកប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​រួមទាំង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​អាស៊ី​ទាំងមូល មាន​ការខ្វះខាត​ទូ​កុងតឺន័រ​ច្រើន​។

បើតាម លោក ចន្ធី ក្នុង​ឆ្នាំ ​២០២២ នេះ ជាពិសេស​នៅ​ចុងខែ​កុម្ភៈ និង​ដើមខែ​មីនា នេះ​វិស័យ​ភ័ស្តុភារកម្ម​កម្ពុជា​បាន​ជួយ​បញ្ហា​ប្រឈម​មួយទៀត គឺ​បញ្ហា​ប្រេងឥន្ធនៈ​ឡើងថ្លៃ ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​។ ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​កំពុង​ធ្វើឱ្យ​អ្នកធ្វើការ​ខាង​ភ័ស្តុភារ និង​ការដឹកជញ្ជូន​ពិចារណា​ថា នឹងមាន​ការឡើង​ថ្លៃ​បន្តិចបន្តួច​ទៀត ដើម្បីឱ្យ​រួច​ថ្លៃដើម ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែមីនា​នេះ មិនទាន់​ឡើងថ្លៃ​តាម​ប្រេងឥន្ធនៈ​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​យើង​ចេះតែមាន​ការអនុគ្រោះ​រវាង​អ្នកប្រើប្រាស់ និង​អ្នករកស៊ី ប៉ុន្តែ​ឥឡូវ​ពី​ ១ ​ថ្ងៃ​ទៅ​ ១​ ថ្ងៃ​ប្រេងសាំង​មិន​ថយចុះ​សោះ​។ អ៊ីចឹង​មិនដឹងថា ពេល​ណាមួយ​នៅពេល​ខ្លី​ខាងមុខនេះ​អាច​នឹងមាន​ឡើង​បន្តិច ដើម្បី​បង្គ្រប់​នូវ​ការចំណាយ និង​ដើម្បីឱ្យ​រួច​ថ្លៃដើម បើ​មិន​ដូច្នោះ​ទេ អ្នក​ដឹកជញ្ជូន​នឹង​ខាត​ព្រោះ​សាំង​ឡើងថ្លៃ​»​។

លោក ម៉ែន សុភក្តិ ប្រធាន​ក្រុមហ៊ុន​វិនិយោគ សុភក្តិនីកា ដែល​ដាំដុះ និង​នាំចេញ​កៅស៊ូ​បាន​និយាយថា លោក​មិនទាន់​ទទួល​សេចក្តី​ជូនដំណឹង​ណាមួយ​ពី​ការកើនឡើង​តម្លៃ​ដឹកជញ្ជូន​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ក្រៅប្រទេស​ទេ ខណៈ​ត្រឹម​ថ្ងៃទី​ ១៤ ខែមីនា គឺ​តម្លៃ​នៅ​ថេរ​ដដែល ទោះ​តម្លៃ​ប្រេងឥន្ធនៈ​លើ​សកលលោក​បាន​ហក់​ឡើង​ខ្ពស់​។

លោក​ថ្លែងថា​៖ «​ទោះជា​យ៉ាងណា សម្រាប់​ការដឹកជញ្ជូន​ទំនិញ​នៅក្នុង​ស្រុក​ទៅកាន់​ព្រំដែន​ភាគច្រើន​គឺ​ក្រុមហ៊ុន​មាន​រថយន្ត​ខ្លួនឯង ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​ចំណាយ​ខ្ពស់​ព្រោះ​ថ្លៃ​ប្រេងឥន្ធនៈ​បាន​ហក់​ឡើង​ខ្ពស់​ជា​បន្តបន្ទាប់​។ ជារួម តម្លៃ​ឡូជីស្ទិក​គឺ​មិនមាន​ការប្រែប្រួល​នោះទេ​»​។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​យល់​ឃើញថា វិស័យ​ដឹកជញ្ជូន​របស់​កម្ពុជា មិនគួរ​ឡើងថ្លៃ​ទេ ព្រោះ​តម្លៃ​នៃ​ការដឹកជញ្ជូន​នៅក្នុង​ប្រទេស​កម្ពុជា វា​ខ្ពស់ជាង​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេសជិតខាង​រួចស្រេច​ទៅហើយ​។

លោក​បន្តថា មួយវិញទៀត​ក្រុមហ៊ុន​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ក៏​គួរតែ​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ប្រាក់ចំណេញ​របស់ខ្លួន​ខ្លះ​ថែមទៀត ដើម្បី​ទប់​តម្លៃ​ប្រេងឥន្ធនៈ​កុំឱ្យ​ឡើង​លឿន និង​ដើម្បី​រួមចំណែក​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​ពី​បញ្ហា​នេះ​។

លោក​ថ្លែងថា​៖ «​ក្នុង​វិបត្តិ​នេះ គ្មាន​នរណា​អាចជួយ​បាន ប៉ុន្តែ​ក្រុមហ៊ុន​ប្រេង​នៅតែ​ទទួលផល​ចំណេញ​ខ្ពស់​នៅឡើយ​ក្នុង​ការនាំចូល​ប្រេង​។ ជាមួយ​គ្នានេះ​ក្រុមហ៊ុន​ដឹកជញ្ជូន​ក៏​នៅមាន​ផលចំណេញ​ខ្ពស់ និង​នៅមាន​ក្រុមហ៊ុន​ប្រេង​មួយចំនួន​ទៀត ដោយមាន​ការបង់ពន្ធ​តិចតួច និង​គេចពន្ធ​ច្រើន ដែល​ធ្វើឱ្យ​ពួកគេ​ទទួលបាន​ប្រាក់​ចំណេញ​ខ្ពស់​»​។

តម្លៃ​អតិបរមា​ប្រេងឥន្ធនៈ​លក់រាយ​នៅតាម​ស្ថានីយ​ទាំងអស់ សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ​ ២០២២ ដែល​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម គឺ​ប្រេងសាំង​ធម្មតា​មានតម្លៃ ៤ ៨០០ ​រៀល​ក្នុង​ ១​ លីត្រ និង ៤ ៥០០​ រៀល​ក្នុង​ ១ ​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​៕ LA