ភ្នំពេញៈ បន្ទាប់ពី​ទទួល​ជោគជ័យ​ពី​ការ​ដាក់លក់​ទឹកដោះ​គោ​ស្រស់​នៅ​តាម​ផ្សារ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ ក្រុមហ៊ុន Khmer Fresh Milk ដែលជា​ម្ចាស់​វិនិយោគ​លើ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ធំ​មួយ​នៅ​កម្ពុជា បានចាប់ផ្តើម​ពង្រីក​ការលក់​របស់ខ្លួន​ទៅតាម​ផ្ទះ​ «​គិរី​សួគ៌​ហៅស៍​» នៅ​ជាយ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត ដោយ​គ្រោង​នឹង​បង្កើត​ឱ្យបាន​ចន្លោះ​ពី ២០-៣០ នៅត្រឹម​ដំណាច់ឆ្នាំ​ ២០២២ នេះ​។

Khmer Fresh Milk គឺជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​បាន​បណ្តាក់ទុន​ប្រមាណ ១០ ​លាន​ដុល្លារ​លើ​កសិដ្ឋាន​គិរី​សួគ៌ (Kirisu Farm) ដើម្បី​ចិញ្ចឹម​គោ​យក​ទឹកដោះ​លើដី ៣០០ ​ហិកតា ក្នុងស្រុក​បាទី ខេត្ត​តាកែវ ដោយមាន​គោ​ផ្តល់​ទឹកដោះ​ពូជ Holstein heifers ប្រមាណ ៥០០ ​ក្បាល​មកពី​ប្រទេស​អូស្ត្រាលី​។ ក្រុមហ៊ុន​នេះ​ក៏មាន​រោងចក្រ​កែច្នៃ​ទឹកដោះគោ​ស្រស់​ផ្ទាល់ខ្លួន ដែល​បាន​បើក​ដំណើរការ​កាលពី​ខែកក្កដា ឆ្នាំ​ ២០២០ ផងដែរ​។

សហស្ថាបនិក​នៃ​ក្រុមហ៊ុន Khmer Fresh Milk លោក ជី សិលា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្នុង​ថ្ងៃទី​ ១៤ ខែមីនា ថា ការចិញ្ចឹម​គោ និង​ការផលិត​ទឹកដោះគោ​របស់​ក្រុមហ៊ុន Khmer Fresh Milk កំពុងមាន​ដំណើរការ​ទៅមុខ​យ៉ាង​រលូន ដោយ​បច្ចុប្បន្ន​ក្នុង​កសិដ្ឋាន​គិរី​សួគ៌​មាន​គោ​ផ្តល់​ទឹកដោះ​ជិត ៧០០ ​ក្បាល ក្នុងនោះ ៥០០ ​ក្បាល​ជា​ពូជ​គោ Holstein heifers ដែល​នាំចូល​មកពី​ប្រទេស​អូស្ត្រាលី និង​ប្រមាណ ២០០ ​ក្បាល​ទៀត​ជា​កូន​គោ​ពូជ Holstein heifers កើត​នៅ​ស្រុក​ខ្មែរ​កាលពី​ឆ្នាំ​ ២០២០​។ លោក​បន្តថា ជាមួយនឹង​ចំនួន​គោ​ខាងលើ បច្ចុប្បន្ន​កសិដ្ឋាន​គិរីសួគ៌ អាច​ប្រមូល​ទឹកដោះគោ​បាន​ប្រហែល ១២ ០០០​ លីត្រ​ក្នុង​ ១ ​ថ្ងៃ ដោយ​ក្នុងនោះ​ចំនួន​ជិត ១០ ០០០ ​លីត្រ ត្រូវបាន​ចម្រាញ់​ជា​ទឹកដោះគោ​ស្រស់​ (​មាន ៣ ប្រភេទ​) ក្រៅពីនោះ​ក៏មាន​យ៉ៅអួរ (៤ រសជាតិ​) និង​ប៊័រ​ផងដែរ​។

ទាក់ទង​នឹង​តម្រូវការ​ទីផ្សារ លោក សិលា បាន​បញ្ជាក់ថា តម្រូវការ​ទឹកដោះគោ​ស្រស់​កំពុង​កើនឡើង​ជា​បន្តបន្ទាប់ ប៉ុន្តែ​ការផ្គត់ផ្គង់​នៅក្នុង​ស្រុក​នៅតែមាន​កម្រិត​ទាប​ដដែល​។

លោក​បាន​ថ្លែងថា​៖ «​ដោយសារ​បច្ចុប្បន្ន​តម្រូវការ​ទឹកដោះគោ​ស្រស់​នៅតាម​ទីផ្សារ​កើនឡើង​ជា​ប្រចាំ ក្រុមហ៊ុន​ក៏បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​បន្ថែម​តាមរយៈ​ការបង្កើត​កន្លែង​លក់​នៅតាម​ផ្ទះ​ដែល​ហៅថា គិរី​សួគ៌​ហៅស៍ ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ពង្រីក​ទីតាំង​បាន​ចំនួន ៩ ​ទីតាំង​ហើយ​នៅ​ប្រជុំជន​ជាយ​រាជធានី​ភ្នំពេញ​»​។

បើតាម​លោក សិលា គិរីសួគ៌​ហៅស៍ នឹង​ផ្តល់​ផលប្រយោជន៍​ចម្បងៗ​ចំនួន ២ គឺ​ជួយ​បង្កើន​ប្រាក់ចំណូល​សម្រាប់​គ្រួសារ​ក្នុងអំឡុងពេល​ទទួលរង​ផលវិបាក​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ និង​បាន​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន​ក្នុងការ​ស្វែងរក​ផលិតផល​ទឹកដោះគោ​ស្រស់​ក្នុងស្រុក ដែលមាន​គុណភាព​កម្រិត​ស្តង់ដា​អន្តរជាតិ​។

លោក​បាន​បញ្ជាក់ថា​៖ «​ចាប់ពី​ដើមឆ្នាំ​រហូតដល់​ពេលនេះ ហាង​គិរីសួគ៌​ហៅស៍ បាន​បើក​ដំណើរការ​ចំនួន ៩ ហើយ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្រុមហ៊ុន​មាន​ផែនការ​ពង្រីក​ទីតាំង​បន្ថែម​ឱ្យបាន​ពី ២០-៣០ ​ទីតាំង​នៅតាម​តំបន់​ជាយ​រាជធានី​-​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មាន​សក្តានុពល​មួយចំនួន​»​។

យោងតាម​លោក សិលា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​កសិដ្ឋាន​ធំៗ ចិញ្ចឹម​គោ​យក​ទឹកដោះ​ប្រមាណ ៣-៤ ​ប៉ុណ្ណោះ ដោយ​អាចមាន​សមត្ថភាព​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​ប្រហែល​ជាង ២០ ​ភាគរយ ហើយ​ក្រៅពីនោះ​គឺជា​ផលិតផល​នាំចូល​ពី​ក្រៅប្រទេស​។

លោក​បន្ថែមថា បច្ចុប្បន្ន​ទឹកដោះគោ​ស្រស់​របស់ Khmer Fresh Milk ត្រូវបាន​គេ​ទទួល​ស្គាល់​ថា មាន​គុណភាព​ល្អ និង​តម្លៃ​សមរម្យ​។

បច្ចុប្បន្ន​ក្រៅពី Kirisu Farm នៅ​កម្ពុជា​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ធំៗ​ចំនួន ២ កន្លែង​ទៀត គឺ​កសិដ្ឋាន​ផលិត​ទឹកដោះគោ​តេជោសែន​ឫស្សីត្រឹប​ក្នុង​ខេត្តព្រះវិហារ និង​កសិដ្ឋាន Moo Moo Farms ក្នុង​ខេត្តកណ្តាល​៕ LA