ភ្នំពេញៈ សមាគម​ធុរកិច្ច​បង្កើត​ថ្មី​អ៊ីនធឺណិត​កម្ពុជា (CISA) និង​សមាគម​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​កម្ពុជា (CAFT) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ដើម្បី​លើកកម្ពស់​វិជ្ជាជីវៈ​និង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ និង​ធុរជន​ក្នុង​វិស័យនេះ​កាន់តែច្រើន​បន្ថែមទៀត​ ដើម្បី​ដើរ​ស្រប​របត់​សេដ្ឋកិច្ច​ដែល​បាន​ប្រែប្រួល​យ៉ាងខ្លាំង​ និង​មាន​និន្នាការ​ងាក​ទៅរក​ឌីជីថល​ បន្ទាប់ពី​ឆ្លងកាត់​ការផ្ទុះ​ឡើង​នៃ​វិបត្តិ​កូវីដ​ជាង​ ២ ​ឆ្នាំ​។

អនុស្សរណៈ​យោគយល់​គ្នា​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ១២ ខែមីនា នៅក្រៅ​ជំនួប​នៃ​វេទិកា​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ក្រោយ​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា ដែល​ប្រមូលផ្តុំ​ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន រួមមាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រុមហ៊ុន Huawei Cambodia ក្រុមហ៊ុន Zhengheng Group សមាគម​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​កម្ពុជា (CAFT)​។​ល​។

លោក Jack Lee នាយក​ក្រុមប្រឹក្សាភិបាល និង​ជា​សហស្ថាបនិក​ CISA ស្ថាបនិកកម្មវិធី Smile Shop App បានឱ្យដឹងថា CISA ត្រូវបាន​ផ្តួចផ្តើម​រួមគ្នា​ដោយ​ក្រុមហ៊ុន​ឈានមុខ​គេ​របស់​ប្រទេស​ចិន​នៅក្នុង​ឧស្សាហកម្ម​អ៊ីនធឺណិត​នៅ​កម្ពុជា រួមមាន​ក្រុមហ៊ុន​ Smile Shop កម្មវិធី Gold Zone Media ​ក្រុមហ៊ុន​58cam.com​ក្រុមហ៊ុន ​Compass Real Estate ក្រុមហ៊ុន​ CamHR, FOCUS DIGITAL ជាដើម​។ CISA ប្ដេជ្ញា​ពង្រីក​បណ្តាញ​ធុរកិច្ច ធុរកិច្ច​បង្កើត​ថ្មី និង​ការផ្តល់សេវា​កម្មជាប់​ទាក់ទង​នឹង​ការបណ្តុះបណ្តាល ការវិនិយោគ និង​ហិរញ្ញវត្ថុ​។

លោក​ Jack Lee លើកឡើងថា​៖ «CISA ស្វែងរក​ការ​ផ្តួចផ្តើម​គំនិត កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​វិនិយោគ​ធុរកិច្ច​បង្កើត​ថ្មី​ផ្សេងទៀត និង​បម្រើ​ជា​ស្ពាន​មួយ​ដើម្បី​ជួយ​សម្រួល​ដល់​ការទំនាក់ទំនង​ក្នុងចំណោម​សហគមន៍​ធុរកិច្ច នៅ​កម្ពុជា​។ តាមរយៈ​ការនាំ​មុខការ​វិនិយោគ​បន្ថែម​ពី​ប្រទេស​ចិន​ឆ្ពោះ​ទៅ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ឧស្សាហកម្ម​អ៊ីនធឺណិត​កម្ពុជា យើង​មាន​គោលបំណង​ផ្តល់​សិទ្ធិអំណាច​ដល់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក និង​ជួយ​ពួកគេ​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ​»​។

លោក Tomas Pokorny អគ្គលេខាធិការ CAFT សហស្ថាបនិក​ក្រុមហ៊ុន Pi Pay បានបញ្ជាក់​ពី​ផលប៉ះពាល់​ជា​វិជ្ជមាន​របស់ CISA លើ​ការផ្តល់​សិទ្ធិអំណាច​ដល់​ធុរកិច្ច​បង្កើត​ថ្មី​នៅក្នុង​ឧស្សាហកម្ម​អ៊ីនធឺណិត តាមរយៈ​ការនាំ​មុខ​ក្នុង​ការវិនិយោគ​កាន់តែច្រើន និង​ការសម្របសម្រួល​បណ្តាញ​ឧស្សាហកម្ម​។

លោក​បានចង្អុលបង្ហាញ​ពី​និន្នាការ​សំខាន់ៗ​មួយចំនួន​នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល និង​ប្រព័ន្ធ​អេកូឡូស៊ី fintech របស់​កម្ពុជា ជា​ឧទាហរណ៍ ការបង្កើន​ការទទួលយក​ការទូទាត់​តាម​ឌីជីថល ការឆ្លើយតប​រហ័ស (QR) កូដ​សម្រាប់​ការទូទាត់​តាម​ឌីជីថល​នឹង​ត្រូវ​បាន​ប្រមូលផ្តុំ និង​មាន​លក្ខណៈ​ស្តង់ដា អេឡិចត្រូនិក​ស្គាល់​អ្នកប្រើប្រាស់ (E-kyc) នៅពេល​ខាងមុខ ពង្រឹង​ការទំនាក់​ទំនង​គ្នា​តាមរយៈ​គម្រោង​បាគង បង្កើន​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកប​នវានុវត្តន៍ ដើម្បី​ចាប់យក​អតិថិជន និង​វិស័យ​ MSME​។

លោក​បាន​បន្តថា​៖ «​ប្រទេស​កម្ពុជា​ជា​ទីផ្សារ​តូច​មួយ បើ​និយាយ​ពី​ចំនួន​ប្រជាជន ប៉ុន្តែ​ទីផ្សារ​នេះ​កំពុង​កើនឡើង​យ៉ាង​រស់រវើក​ហើយ​នៅតែមាន​សក្ដានុពល​ដ៏ធំ​សម្រាប់​ចាប់យក​។ និន្នាការ​ថ្មី​ដែល​រីកចម្រើន​រហ័ស​ថ្មីៗ​នឹង​បង្ហាញ​ពី​ឱកាស​សម្រាប់​វិស័យនេះ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ក្រោយ​»​។

«​ទោះបីជា វិស័យ​ធុរកិច្ច​បង្កើត​ថ្មី​កំពុង​កើនឡើង​ក៏ដោយ ក៏​ជំងឺ​កូវីដ​ ១៩ ​បានធ្វើឱ្យ​ធ្លាក់ចុះ​ដល់​ការផ្តល់​មូលនិធិ​ពី​ខាងក្រៅ​នៅ​កម្ពុជា​។ ស្ថិតក្រោម​កាលៈទេសៈ​នេះ កិច្ចខិតខំ​ប្រឹងប្រែង​វិនិយោគ​រួម​មូលធន​ផ្ទៃក្នុង​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការវិនិយោគ​សម្រាប់​ធុរកិច្ច​បង្កើត​ថ្មី​។ នេះ​បង្ហាញ​ពី​ឱកាស​សម្រាប់​ចូល​ថ្មី​ពី​ខាងក្រៅ​មក​ក្នុង​វិស័យនេះ​។

លោក​បាន​បន្តថា ឱកាស​វិនិយោគ​លើ​ការទូទាត់​តាម​ទូរស័ព្ទ ធនាគារ​ឌីជីថល និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​រវាង​ធុរកិច្ច និង​ធុរកិច្ច​ហិរញ្ញវត្ថុ​វិមជ្ឈការ និង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ក៏ដូចជា​រូបិយប័ណ្ណ​ឌីជីថល​ (blockchain)​។

លោក ជា កុកហុង អគ្គនាយករង​ផែនការ​គោលនយោបាយ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើង​អំពី​គោលនយោបាយ​របស់​រដ្ឋាភិបាល និង​ឱកាស​វិនិយោគ​លើ​សេដ្ឋកិច្ច​ឌីជីថល​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នក រកស៊ី​ក្នុង​វិស័យនេះ​។

លោក​ថ្លែងថា​៖ «​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដ៏រស់រវើក ដោយ​ដាក់​មូលដ្ឋានគ្រឹះ​ដើម្បី​លើកកម្ពស់​ការទទួលយក​ឌីជីថល និង​ការផ្លាស់ប្តូរ​នៅក្នុង​តួអង្គ​សង្គម​ទាំងអស់ រួមទាំង​រដ្ឋ ប្រជាពលរដ្ឋ និង​ធុរជន ដើម្បី​បង្កើនល្បឿន​កំណើនសេដ្ឋកិច្ច​ថ្មី និង​លើកកម្ពស់​សុខុមាលភាព​សង្គម​តាម​គន្លង​ប្រក្រតីភាព​ថ្មី​»៕LA