ភ្នំពេញៈ ប្រទេស​កម្ពុជា​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវទេសចរ វិនិយោគិន និង​ជើងហោះហើរ​កាន់តែច្រើន​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​ប្រទេសមួយ​នេះ​ប្រកាស​បើក​ព្រំដែន​សម្រាប់​អ្នកដំណើរ​អន្តរជាតិ​ឡើងវិញ​ចាប់ពី​ថ្ងៃ​​ទី​ ១ ខែមេសា ឆ្នាំ​ ២០២២​។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ២ ​ប៉ុណ្ណោះ​ដែល​កំពុងតែ​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​ប្រចាំ​សប្តាហ៍​រវាង​ទីក្រុង​គូឡាឡាំពួរ-​ភ្នំពេញ​។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ខែមីនា​ថា បច្ចុប្បន្ន ជើងហោះហើរ​ពី​ទីក្រុង​គូឡាឡាំពួរ មក​ទីក្រុង​ភ្នំពេញ មាន​តែ ២ ​ប៉ុណ្ណោះ គឺ​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia និង​ក្រុមហ៊ុន Malay-sia Airlines ដែល​កំពុង​ប្រតិបត្តិការ​ហោះហើរ​ប្រចាំ​សប្តាហ៍ ប៉ុន្តែ​មិនសូវ​មាន​ភ្ញៀវ​ទេ​។ លោក​បន្តថា នៅពេល​ប្រទេស​ម៉ាឡេស៊ី​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ កម្ពុជា​នឹង​ទទួលបាន​ជើងហោះហើរ​កាន់តែច្រើន​ថែមទៀត​ពី​ប្រទេស​នេះ ព្រោះ​បច្ចុប្បន្ន​ភ្ញៀវ​មាន​ការព្រួយបារម្ភ​ពី​ការធ្វើ​ចត្តាឡីស័ក ដូច្នេះ​ពួកគេ​មិនសូវ​ហ៊ាន​ធ្វើដំណើរ​ឆ្លងកាត់​ទេ ប៉ុន្តែ​បើ​បើក​ប្រទេស​ដូច​កម្ពុជា​អាច​នឹងមាន​ភ្ញៀវ​ធ្វើដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​កាន់តែច្រើន​។

បើតាម លោក ចាន់សេរីវុត្ថា ក្រៅពី​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia និង​ក្រុមហ៊ុន Malaysia Airlines កាលពីមុន​ក៏មាន​ក្រុមហ៊ុន​អាកាសចរណ៍ Malindo Air បាន​បើក​ប្រតិបត្តិការ​ហោះហើរ​ដែរ ប៉ុន្តែ​បាន​ផ្អាក​វិញ​ដោយសារ​អ្នកធ្វើដំណើរ​មាន​ចំនួន​តិច និង​ទីផ្សារ​មិនទាន់​ល្អប្រសើរ​។ ទោះ​យ៉ាងណា​នៅពេល​ភ្ញៀវ​មាន​ចំនួន​ច្រើន​វិញ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ និង​ក្រុមហ៊ុន​ផ្សេងទៀត​នឹង​បើក​ការហោះហើរ​មកកាន់​កម្ពុជា​។

លោក​បន្ថែមថា តាម​ស្ថានភាព​ជាក់ស្តែង​នាពេលនេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ធ្វើដំណើរ​ក្នុង​រង្វង់ ១ ០០០ ទៅ​ជាង ១ ០០០ ​នាក់​ប៉ុណ្ណោះ​ក្នុង ​១​ ថ្ងៃ ដែល​ភាគច្រើន​មកពី​តំបន់​អាស៊ាន អាស្រ័យ​ទៅលើ​ការប្រតិបត្តិការ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ព្រោះ​ក្រុមហ៊ុន​អាកាសចរណ៍​ខ្លះ​បាន​ហោះហើរ ២ ​ជើង និង​ក្រុមហ៊ុន​ខ្លះ​ហោះហើរ​ច្រើន​ជើង​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​ខ្លះ​ហោះ ២ ​ជើង និង​ក្រុមហ៊ុន​ខ្លះ​ហោះ ៣ ​ជើង​ក្នុង ១ ​សប្តាហ៍ ភាគច្រើន​មកពី​តំបន់​អាស៊ាន​ដែលមាន Flights ច្រើនជាងគេ ព្រោះ​តំបន់​អាស៊ាន​បាន​តភ្ជាប់​ជើងហោះហើរ​រួច​អស់ហើយ ដូចជា​ម៉ាឡេស៊ី ថៃ សិង្ហបុរី វៀតណាម និង​ប្រទេស​មួយទៀត​»​។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​ ៩ ខែមីនា ឆ្នាំ​ ២០២២ ឱ្យដឹងថា ដោយ​ពិចារណា​ផ្អែកលើ​វិទ្យាសាស្ត្រ និង​ភាពជាក់ស្ដែង​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ក៏ដូចជា​ការបើក​ព្រំដែន​ឡើងវិញ​របស់​ប្រទេស​ដទៃទៀត និង​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ជាពិសេស​ឧស្សាហកម្ម​ទេសចរណ៍​ដែល​បាន​រង​ផលប៉ះពាល់​ខ្លាំង​ពី​ជំងឺ​កូវីដ ​១៩ រដ្ឋាភិបាល​ម៉ាឡេស៊ី​សម្រេច​បើក​ព្រំដែន​សម្រាប់​អ្នកដំណើរ​អន្តរជាតិ​ឡើងវិញ ដែល​នឹង​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​ ១ ខែមេសា ឆ្នាំ​ ២០២២ តទៅ​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ការសម្រេច​បើក​ព្រំដែន​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​នឹងធ្វើ​ឱ្យមាន​ចំនួន​អ្នកដំណើរ និង​ការភ្ជាប់​ជើងហោះហើរ​កាន់តែច្រើនរ​វាង​ទីក្រុង​គូឡាឡាំពួរ មក​ប្រទេស​កម្ពុជា និង​ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ផងដែរ​។

លោកស្រី​បន្តថា វិស័យ​ទេសចរណ៍​ដែល​អាច​ដំណើរការ​ទៅបាន​អាស្រ័យ​ទៅលើ​ការចូលរួម​ពី​វិស័យ​ដឹកជញ្ជូន​ដែលមាន​លក្ខណៈ​សម្បូរបែប និង​មកពី​គ្រប់ទិសទី​ទាំង​ក្នុង​តំបន់ និង​ពិភពលោក រួម​ជាមួយ​នឹង​ការផ្តល់​ជម្រើស​ច្រើន​សម្រាប់​ភ្ញៀវទេសចរ ព្រោះ​ភ្ញៀវ​មិនអាច​ធ្វើដំណើរ​ថ្មើរជើង​បានទេ​។ ដូច្នេះ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​នេះ គឺមាន​សារៈសំខាន់​ណាស់​។

លោកស្រី​ថ្លែងថា​៖ «​ដូច្នេះ​ការបើក​ប្រទេស និង​មាន​ជើងហោះហើរ​ឡើងវិញ​នេះ នឹង​អាចជួយ​សម្រួល​ដល់​ភ្ញៀវទេសចរ​ដែលមាន​បំណង​ចង់​ចេញ​មក​កម្ពុជា ព្រោះ​កន្លងមក​គាត់​មក​អត់​រួច​ ដោយសារ​មានការ​រឹតត្បិត និង​ការហោះហើរ​មានការ​រឹតត្បិត ប៉ុន្តែ​ឥឡូវ​មានការ​ដកចេញ​ហើយ ដែល​វា​នឹង​ជំរុញឱ្យមាន​ការហោះហើរ​ឡើងវិញ ហើយ​វា​ក៏​នឹង​ជួយ​ឱ្យ​យើង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការទទួល​ភ្ញៀវ​ទេសចរ​មកកាន់​កម្ពុជា​ដែរ​»៕ LA