ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានអនុម័ត​លើ​គម្រោង​វិនិយោគ​ចំនួន ៣៧ ដែលមាន​ទឹកប្រាក់​ប្រមាណ ២ ៤០០ ​លាន​ដុល្លារ ពី​ខែមករា និង​កុម្ភៈ ឆ្នាំ​ ២០២២​។

របាយការណ៍ CDC បង្ហាញថា គម្រោង​ដែល​បានអនុម័ត​នៅក្នុង​រយៈពេល ២ ​ខែ​ដើមឆ្នាំ​ ២០២២ ភាគច្រើន​ជា​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​, គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​វេចខ្ចប់​ផ្លែឈើ​, គម្រោង​ផលិត​សម្បក​កង់​យានយន្ត និង​គម្រោង​មួយចំនួនទៀត​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គម្រោង​ដែល CDC​ ទើប​អនុម័ត​ថ្មីៗ​នេះ​ភាគច្រើន​នៅតែ​ជា​គម្រោង​របស់​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​។ លោក​បន្ថែមថា អ្វីដែល​គួរឱ្យ​មោទនភាព​នោះ​គឺ គម្រោង​វិនិយោគ​ទាំងនោះ ភាគច្រើន​មិនមែន​ក្នុង​វិស័យ​កាត់ដេរ ដោយ​ភាគច្រើន​ក្នុង​អនុវិស័យ ដូចជា គម្រោង​ផលិត​សម្បក​កង់​រថយន្ត និង​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម ដែលជា​ឧស្សាហកម្ម​គាំទ្រ​ដល់​សេដ្ឋកិច្ច​កម្ពុជា​បាន​នឹងនរ ប្រសើរ​ជាង​វិស័យ​កាត់ដេរ​។

លោក​បញ្ជាក់ថា​៖ «​ឧស្សាហកម្ម​ធុន​ស្រាល ឬ​វិស័យ​កាត់ដេរ​អាច​នឹងមាន​ផលប៉ះពាល់​លឿន ប៉ុន្តែ​បើ​មានការ​វិនិយោគ​ប្រភេទ​ឧស្សាហកម្ម​ធុន​មធ្យម ឬ​វិស័យ​មិនមែន​កាត់ដេរ​ច្រើន នោះ​វា​ជួយ​ដល់​លំនឹង​សេដ្ឋកិច្ច ដែលជា​ការបង្កើត​ទីផ្សារ​ក្នុងស្រុក ជាពិសេស​ការយក​វត្ថុធាតុដើម​ក្នុងស្រុក​ដើម្បី​កែច្នៃ​សម្រាប់​នាំចេញ ដូចជា​កៅស៊ូ និង​ផលិតផល​កសិកម្ម​ជាច្រើន​ទៀត​»​។

លោក​លើកឡើងថា ក្នុង​ឆ្នាំ​ ២០២២ នេះ​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ពង្រីក​ទំនាក់ទំនង​ច្រើន​ជាមួយ​បរទេស ដោយ​ថ្មីៗ​នេះ​សភាពាណិជ្ជកម្ម​តួកគី ក៏ដូចជា​ពាណិជ្ជករ​តួកគី សន្យាថា​នឹង​មក​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ដើម្បី​អនុវត្ត និង​សិក្សា​គម្រោង​វិនិយោគ​នៅ​កម្ពុជា​។ លោក​បន្តថា សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ជួយ​ជ្រោមជ្រែង និង​ដោះស្រាយ​បញ្ហា​ឱ្យ​វិស័យ​ឯកជន​បាន​ច្រើន​នៅក្នុង​រយៈពេល​ចុងក្រោយ ដោយ​កត្តា​នេះ​បានផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក បន្ត​ទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅ​ថែមទៀត​។

លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​និយាយថា ការខិតខំ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ការសហការ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​វិស័យ​ឯកជន​ក្នុងស្រុក​ក្នុង​ការកៀរគរ​វិនិយោគ​ពី​ក្រៅប្រទេស​បាន​ជំរុញ​ឱ្យមាន​គម្រោង​វិនិយោគ​ថ្មី​។ លោក​បន្ថែមថា វា​ជា​ចំណុច​ចាប់ផ្តើម​ដ៏ល្អ​ក្នុង​ឆ្នាំ​ ២០២២ នេះ ទោះបី​ជំងឺ​កូវីដ​ ១៩ នៅតែ​បន្ត​យាយី​ក៏ដោយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដូច​យើង​ដឹង​ហើយ​ថា កម្ពុជា​ក៏​នៅតែ​ទទួលបាន EBA ពី​សហភាព​អឺរ៉ុប ហើយក៏​នៅតែ​ទទួលបាន ​GSP ពី​សហរដ្ឋអាមេរិក​នៅ​ឡើយ ដែល​នេះ​ក៏​ជា​លក្ខខណ្ឌ​មួយ ដែល​ធ្វើឱ្យ​វិនិយោគ​នានា នៅ​មាន​ក្តីសង្ឃឹម​ក្នុងការ​ផលិត​នូវ​ផលិតផល​របស់ខ្លួន​សំដៅ​ធ្វើ​ការនាំចេញ​ទៅ​លក់​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​អាមេរិក​»​។

រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​ចំនួន​ ៨ រួមមាន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC), ក្រសួង​សេដ្ឋកិច្ច​, ក្រសួង​រៀបចំ​ដែនដី​, ក្រសួង​ឧស្សាហកម្ម​, ក្រសួង​ពាណិជ្ជកម្ម​, ក្រសួង​ការងារ​, ក្រសួង​រ៉ែ និង​ក្រសួង​សាធារណការ ក្រោម​ជំនួយ​ពី​ចក្រភព​អង់គ្លេស បានរៀបចំ​សេចក្តី​ព្រាង​ផែនទី​បង្ហាញ​ផ្លូវការ​អភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​វិស័យ​ឯកជន​បន្ថែមទៀត និង​បង្កើន​ទំហំ​នាំចេញ​ក្នុង​ទំហំ​ទឹកប្រាក់​លើសពី ២​ ពាន់​លាន​ដុល្លារ​នៅក្នុង​រយៈពេល ៥​ ឆ្នាំ​ខាងមុខ​៕ LA