ភ្នំពេញៈ ស្របពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​បន្ត​បំប្លែង​ថ្មី អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រមូល​ចំណូល​ពន្ធ​បាន​ជាង ៥១២ ​លាន​ដុល្លារ​នៅក្នុង​រយៈពេល ២​ ខែ​ដំបូង​នៃ​ឆ្នាំ ​២០២២ កើន​ជិត ២៣​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ទិន្នន័យ​នេះ​ត្រូវបាន​អ្នកជំនាញ​អះអាងថា ជា​ស្ថានភាព​ល្អ​នៃ​ការកៀរគរ​ចំណូល​ពន្ធ ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ​។

ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​កុម្ភៈ ឆ្នាំ​ ២០២២ ព្រមទាំង​ទិសដៅ​អនុវត្ត​បន្ត ដែល​រៀបចំ​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ១៤ ខែមីនា លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើកឡើងថា ក្នុង​រយៈពេល​ ២​ ខែ ដើមឆ្នាំ​នេះ ចំណូល​ពន្ធអាករ​ដែល​អង្គភាព​ពន្ធដារ​ប្រមូលបាន​មាន​ចំនួន ២ ០៧៤,៦៦ ​ពាន់​លាន​រៀល ស្មើ​ប្រមាណ ៥១២,២៦ ​លាន​ដុល្លារ កើនឡើង ២២,៦៩ ភាគរយ ធៀប​នឹង​រយៈពេល​ ២ ​ខែ​ដើមឆ្នាំ​ ២០២១​។ ក្នុងនោះ​ខែកុម្ភៈ ឆ្នាំ​ ២០២២ ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​មាន​ចំនួន ២២៣,៩៦​ លាន​ដុល្លារ​ស្មើនឹង ៧,៩៤ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២២​។

លោក​បន្ថែមថា ចំណូល​នេះ​បើ​ធៀប​នឹង​ខែកុម្ភៈ ឆ្នាំ​ ២០២១ បាន​កើនឡើង​ជិត ១២ ​ភាគរយ ដែល​ស្មើនឹង​ប្រមាណ​ជាង ៩៦ ​លាន​ដុល្លារ​។ ក្នុងនោះ​ចំណូល​ពី​ប្រភេទ​ពន្ធ​សំខាន់ៗ​ ៥ ប្រភេទ បាន​បន្ត​រក្សា​កំណើន​ឡើង​គួរឱ្យ​កត់សម្គាល់​បើ​ធៀប​នឹង​ខែកុម្ភៈ ឆ្នាំ​ ២០២១ ដោយ​ក្នុងនោះ​ពន្ធ​លើ​ប្រាក់ចំណូល​កើនឡើង ១៤,១៨​ ភាគរយ​, អាករ​លើ​តម្លៃបន្ថែម​កើន ៥,៥២ ​ភាគរយ អាករ​ពិសេស​កើន ១៧,១៩​ ភាគរយ​,​ពន្ធ​លើ​ប្រាក់បៀវត្សរ៍​កើន ២៣,១៧ ​ភាគរយ​, និង​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​កើនឡើង ១៦,៩៨ ​ភាគរយ​។

លោក វិបុល ចាត់ទុកថា ការកើនឡើង​ចំណូល​របស់​ពន្ធដារ​ក្នុង​រយៈពេល ២ ​ខែ​នេះ គឺជា​សមិទ្ធផល​ដ៏ជោគជ័យ​មួយ​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ឆ្នាំ​ ២០២២ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល​ពន្ធ​ឱ្យបាន​តាម​គ្រប់​ផែនការ អង្គភាព​ទាំងអស់​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ត្រូវ​បន្ត​ពង្រឹង​អនុវត្ត​វិធានការ​គោលនយោបាយ​ និង​រដ្ឋបាល​សារពើពន្ធ​រួមមាន បន្ត​អនុវត្តតាម​អនុសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ពង្រឹង​កាតព្វកិច្ច​ដំឡើង​ឧបករណ៍​វាស់​ចំណុះ​ស្រាបៀរ និង​ភេសជ្ជៈ​គ្មាន​អាល់កុល​ក្នុងស្រុក ពង្រឹង​ការគ្រប់គ្រង​ការបង្វិល​សង​អាករ​តម្លៃបន្ថែម​, គ្រប់គ្រង​តាមដាន​លិខិត​ប្រកាស​ពន្ធ​របស់​សហគ្រាស និង​ការពង្រឹង​លើ​ការងារ​មួយចំនួនទៀត​»​។

លោក គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ការកើនឡើង​ចំណូល​ពន្ធដារ​ក្នុង​ដើមឆ្នាំ​ ២០២២ ​នេះ ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​ចាប់ផ្តើម​ល្អប្រសើរ​។

ទោះយ៉ាងណា​លោក​បន្ថែមថា ដោយសារ​ថ្មី​នេះ​មាន​វិបត្តិ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​នឹង​ធ្វើឱ្យប៉ះពាល់​ទៅដល់​ការដឹកជញ្ជូន ដែល​កើតឡើង​ដោយសារតែ​សង្គ្រាម​នៅ​អ៊ុយក្រែន ស្របពេល​ដែល OPEC កាត់បន្ថយ​ការផ្គត់ផ្គង់​ប្រេង និង​គួបផ្សំ​នឹង​អាមេរិក​បន្ទាប​អត្រា​ប្តូរប្រាក់​ដុល្លារ​ផង បាន​ធ្វើឱ្យ​កើតមាន​អតិផរណា​នៅក្នុង​ប្រទេស​។ លោក​បន្តថា កត្តា​ទាំងនេះ​អាច​រារាំង​ដល់​សម្ទុះ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ខ្លះ​។

បែបនេះ​ក្តី​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា សេដ្ឋកិច្ច​កម្ពុជា បើ​ទោះ​មិន​បាន​ឡើង​ដូចនឹង​ការព្យាករ​ (៥,៦​ ភាគរយ​) ក៏​មិនអាច​ថយ​ដែរ គឺ​នៅមាន​កំណើន​ដដែល ពីព្រោះ​ការកើនឡើង​នៃ​ថ្លៃ​ប្រេង​វា​ជះឥទ្ធិពល​ដល់​ការចាយវាយ​នៅក្នុង​ស្រុក ដូចនេះ​វា​ប៉ះពាល់​ដល់​វិស័យ​លក់រាយ និង​វិស័យ​សេវាកម្ម​។ ចំណែក​ការនាំចេញ​របស់​យើង​ក៏​អាច​ប្រឈម​នឹង​ផលប៉ះពាល់​តិចតួច​ដែរ​។ ជារួម​ឆ្នាំនេះ​សេដ្ឋកិច្ច​នឹង​បន្ត​មាន​កំណើន​គ្រាន់តែ​កើន​មិន​ដូច​ការរំពឹងទុក​»​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​ ២០២២ បានដាក់​ផែនការ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​ឱ្យបាន ២ ៨១៩,៥៤ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២ នេះ ខណៈ​ឆ្នាំ ​២០២១ អង្គភាព​នេះ​ប្រមូល​ចំណូល​បាន​ជាង ២,៧ ​ពាន់​លាន​ដុល្លារ​ស្មើនឹង​ ១២៤,០២ ​ភាគរយ លើស​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២១៕ LA