ភ្នំពេញៈ​ តម្លៃ​ប្រេងសាំង​ធម្មតា​ និង​ប្រេងម៉ាស៊ូត​បាន​ហក់​ឡើង​ជាង ៥ ៣០០ រៀល​ ក្នុង ១ លីត្រ​ចាប់ពី​ថ្ងៃទី ១៦ មីនា ដល់​ថ្ងៃទី ៣១ មីនា ឆ្នាំ ២០២២ នេះ​ នៅ​លើ​ទីផ្សារ​លក់រាយ​នៅ​កម្ពុជា។

តម្លៃ​ប្រេង​ឥន្ធនៈ​ចាប់​ពី​ថ្ងៃទី ១៦ ដល់ ២៨ មីនា​ បាន​បន្ត​ឡើង​ថ្លៃ ៥០០ រៀល​បន្ថែម​ទៀត​ដោយ​កើន​ដល់​តម្លៃ ៥ ៣០០ រៀល ​ក្នុង ១ លីត្រ​ សម្រាប់​សាំង​ធម្មតា​ និង​ប្រេងម៉ាស៊ូត​មានតម្លៃ​ដូចគ្នា។ នេះ​បើតាម​ការ​ជូន​ដំណឹង​ពី​ក្រសួង​ពាណិជ្ជកម្ម។

តម្លៃ​នេះ​បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ក្នុង​កិច្ចការ​ដឹកជញ្ជូន​ដែលជា​អ្នក​ប្រើប្រាស់​ផ្ទាល់​នូវ​ប្រេងសាំង​ជា​ចាំបាច់មាន​ក្តីបារម្ភ​ចំពោះ​ការ​បាត់បង់​ប្រាក់​ចំណូល​ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​ការរីក​រាល​ជំងឺ​កូវីដ ១៩ អស់​រយៈពេល​ជាង ២ ឆ្នាំ រួច​ទៅ​ហើយ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​អ្នក​លក់​ដូរ​តាម​ផ្ទះ​ អ្នក​ដឹក​អីវ៉ាន់​តាម​អនឡាញ​ អ្នក​រត់​ម៉ូតូឌុប​ អ្នក​រត់​រ៉ឺម៉ក​កង់ ៣ និង​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​បាន​ប្រាប់​ថា ​នៅ​តាម​តំបន់​ជាយក្រុង​ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ប្រេងសាំង​ធម្មតា​មាន​តម្លៃ ៥ ៥០០ រៀល ខណៈ​ដែល​ស្ថានីយ​ខ្លះ​អស់​ប្រេង​ក្នុង​ស្តុក​ថែម​ទៀត​ផង។

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច លោក ប៉ែន សុវិជាតិ ធ្លាប់​បាន​លើក​ឡើង​ថា​ ការ​ឡើង​ថ្លៃ​នៃ​ប្រេង​ឥន្ធនៈ​នេះ គឺ​ជា​និន្នាការ​របស់​ពិភព​លោក​ដោយ​ក្នុង​នោះ​ប្រេង​អន្តរជាតិ​ក៏​មាន​ការ​ឡើង​ថ្លៃ​ដូច​គ្នា។តែ​លោក​បញ្ជាក់ថា នៅ​ពេលដែល​តម្លៃ​ប្រេង​ឡើងដល់​កម្រិត​មួយ​ខ្ពស់​ពេក​ ក្រសួង​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​វិស័យ​ឯកជន​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ៕