ភ្នំពេញៈ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហបុរី លោក Gan Kim Yong បាន​អះអាងថា សិង្ហបុរី​ប្តេជ្ញាចិត្ត​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ និង​សន្យា​ជួយ​គាំទ្រ​ពេញលេញ ដើម្បី​ជួយ​កម្ពុជា​ឱ្យទទួល​ជោគជ័យ​នៅក្នុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ជាពិសេស​កិច្ចប្រជុំ​ចង្អៀត​ខាងមុខ​។

ការលើកឡើង​របស់លោក Gan Kim Yong ធ្វើឡើង​ក្នុង​អំឡុងពេល​ជួបពិភាក្សា​ជាមួយ​លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​ ១៤ ខែមីនា ស្តីពី​ការពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា-​សិង្ហបុរី និង​ជាពិសេស​ការត្រៀមខ្លួន​របស់​កម្ពុជា​ក្នុង​ការរៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​ ២៨ (28th AEM Retreat) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ១៦-១៧ ខែមីនា នេះ​។

លោក Gan Kim Yong បាន​និយាយថា ប្រទេស​សិង្ហបុរី​ប្តេជ្ញាចិត្ត​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ឱ្យបាន​កាន់តែ​ល្អ ព្រមទាំង​ចូលរួម​គាំទ្រ​ពេញលេញ​ក្នុង​ការផ្តល់​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ ដើម្បី​ជួយ​គាំទ្រ​កម្ពុជា​ឱ្យទទួល​ជោគជ័យ​នៅពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។

លោក​ថ្លែងថា​៖ «​សិង្ហបុរី​ប្តេជ្ញាចិត្ត​បន្ត​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយនឹង​កម្ពុជា​បន្ថែម​ទៀត និង​ជាពិសេស​ការសម្រេចបាន​នូវ​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ ២០២២ និង​អាទិភាព​ការងារ​ប្រចាំឆ្នាំ​ ២០២២ ក្រោម​សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ក្នុង​អំឡុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២២»​។

ក្នុងជំនួប​ពិភាក្សា​នោះ​កម្ពុជា-​សិង្ហបុរី ក៏បាន​ផ្លាស់ប្ដូរ​យោបល់​លើ​របៀបវារៈ​មួយចំនួន ដែល​គ្រោង​នឹង​លើក​យកទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ចង្អៀត​នា​ថ្ងៃទី ​១៦-១៧ ខែមីនា នេះ​ផងដែរ​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្ដិ បាន​ថ្លែង​អំណរគុណ​ចំពោះ​ការគាំទ្រ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហបុរី​ដល់​កម្ពុជា​ដែល​បច្ចុប្បន្ន​កំពុងកាន់​តួនាទី​ជា​ប្រធាន​ដឹកនាំ​អាស៊ាន និង​កន្លងមក​បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​ឧត្តមមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​លើក​ទី​ ១ នៃ​ឧត្តមមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កិច្ចប្រជុំ​លើក​ទី ៥៣ នៃ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​។

អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា គិត​មកដល់​ត្រឹម​ឆ្នាំ​ ២០២២ កម្ពុជា​-​សិង្ហបុរី មាន​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​ជា​ផ្លូវការ​ជាមួយគ្នា​ជិត ៥៧ ​ឆ្នាំ​មកហើយ​។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​ការផ្លាស់ប្តូរ​ទំនិញ និង​ការចូល​បណ្តាក់ទុន​របស់​អ្នកវិនិយោគ​សិង្ហបុរី​នៅ​កម្ពុជា​បានបង្ហាញ​ពី​ភាពវិជ្ជមាន​ជា​បន្តបន្ទាប់ ពិសេស​ចាប់ពី​ឆ្នាំ​ ២០១០​។ លោក​បន្តថា សិង្ហបុរី គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​ទាំង​កម្រិត​តំបន់ និង​ពិភពលោក ហេតុនេះ​ការប្តេជ្ញា​ចូលរួម​ជួយ​គាំទ្រ​ដល់​ភាពរីកចម្រើន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា គឺជា​ធាតុ​ផ្សំ​ដ៏សំខាន់​ក្នុងការ​បង្កើត​នូវ​កាលានុវត្តភាព​ថ្មីៗ​ ដើម្បី​រួមចំណែក​ដល់​សម្ទុះ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​ ១៥ ខែមីនា ថា​៖ «​នេះ​ជាការ​ផ្តល់នូវ​ទំនុកចិត្ត និង​ភាពកក់ក្តៅ​មួយ​បន្ថែមទៀត​ដល់​វិនិយោគិន​បរទេស ពិសេស​វិនិយោគិន​សិង្ហបុរី ក្នុង​ការចូល​មក​បណ្តាក់ទុន​នៅ​កម្ពុ​ជាពិសេស​នៅក្នុង​អំឡុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​-១៩​។ តាមរយៈ​នេះ​វា​ក៏​នឹង​ជួយ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​»​។

ជាទូទៅ​ផលិតផល​ដែល​កម្ពុជា​នាំទៅ​ប្រទេស​សិង្ហបុរី​មានដូចជា ផលិតផល​វាយនភណ្ឌ កសិកម្ម និង​គ្រឿងអលង្ការ ជាដើម ចំណែក​ទំនិញ​ដែល​សិង្ហបុរី​នាំមក​កម្ពុជា​មានដូចជា ប្រេងឥន្ធនៈ សម្ភារ​ការិយាល័យ ភេសជ្ជៈ សារធាតុ​គីមីឧស្សាហកម្ម គ្រឿង​អគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក​។

យោងតាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​សិង្ហបុរី ក្នុង​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ជាង ៤ ៣៦៨,៨ ​លាន​ដុល្លារ កើនឡើង ៥១,២៧​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ២ ៨៨៨,២ លាន​ដុល្លារ​។

តួលេខ​បង្ហាញ​ទៀតថា ក្នុង​រយៈពេល​ខាងលើ​ការនាំចេញ​របស់​កម្ពុជា​មាន​ទឹកប្រាក់ ១១២,៣ លាន​ដុល្លារ ថយចុះ ៩៥,៤៧ ​ភាគរយ និង​ការនាំចូល​ពី​សិង្ហបុរី​វិញ​មាន​ទឹកប្រាក់​ជាង ៤ ២៥៦,៤៧ ​លាន​ដុល្លារ កើនឡើង ៩៣៨,១២ ភាគរយ​។

ទាក់ទង​នឹង​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​ខាងលើ លោក ហុង វណ្ណៈ អះអាង​ថា កម្ពុជា​ត្រូវតែ​ខិតខំ​បន្ថែមទៀត​ក្នុង​ការធ្វើ​ពិពិធធម្ម​ផលិតផល​នាំចេញ​របស់ខ្លួន ដើម្បី​បង្កើន​សក្តានុពល​នាំចេញ ក៏ដូចជា​ការកាត់បន្ថយ​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​ខាងលើ​ផងដែរ​។

ទិន្នន័យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ ឱ្យដឹងថា គិត​ត្រឹម​ចុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​មាន​ទឹកប្រាក់​សរុប ៣៩​ ពាន់​លាន​ដុល្លារ ដោយមាន​អត្រាកំណើន​មធ្យម​ប្រចាំឆ្នាំ ៩,៦ ​ភាគរយ​។ ក្នុងចំណោម​ប្រទេស​បណ្តាក់ទុន​នៅ​កម្ពុជា​ច្រើនជាងគេ គឺ​សិង្ហបុរី​ស្ថិតនៅ​លេខ​ ៤ ដោយមាន​ប្រាក់​ ២,៤ ​ពាន់​លាន​ដុល្លារ​ស្មើ​ ៦,៤%​ នៃ​ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​៕ LA