សៀមរាបៈ រដ្ឋបាលខេត្ត​សៀមរាប​សហការ​ជាមួយ​សហភាព​សហព័ន្ធ​កម្ពុជា​ខេត្ត​នឹង​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​ឆ្នាំ​ ២០២២ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ខ្មែរ​នាពេល​ដ៏ខ្លី​ខាងមុខនេះ និង​ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍ និង​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ឱ្យមាន​សកម្មភាព​ឡើងវិញ​។

លោក ស៊ុន ចំណាន នាយករដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ ខែមីនា​ថា សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​ឆ្នាំ​ ២០២២ មិនជា​ធំ​ដុំ​អ្វី​ទេ គឺ​ខាង​សហភាព​សហព័ន្ធ​កម្ពុជា​ខេត្ត​ជា​អ្នករៀបចំ និង​ក៏​មិនទាន់​ដឹងថា មាន​ល្បែង និង​កម្មវិធី​អ្វីខ្លះ​នៅឡើយ​ទេ ព្រោះ​បច្ចុប្បន្ន​កំពុង​រៀបចំ​។

លោក​បាន​បន្តថា ទោះ​រៀបចំ​សង្ក្រាន្ត ឬក៏​មិន​រៀបចំ ក៏​ខេត្តសៀមរាប​ទទួល​បាន​ទេសចរ​ច្រើន​ដែរ ព្រោះ​ជា​ខេត្ត​ទេសចរណ៍ ជាក់ស្តែង​នៅពេល​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខេត្ត​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន​។ ដូច្នេះ​ក្នុងអំឡុងពេល​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ ក៏​នឹងមាន​ភ្ញៀវទេសចរ​ច្រើន​ដែរ​ស្របពេល​ខេត្ត​ក៏បាន​រៀបចំ​ផ្លូវ​ទាំង ៣៨​ ខ្សែ​រួចរាល់​ហើយ ដោយ​នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៤ ខែមេសា ខាងមុខ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​វា​នឹង​កើនឡើង ហើយ​ភ្ញៀវទេសចរ​។ ម្យ៉ាង​បច្ចុប្បន្ន​ខេត្ត​ក៏មាន​ភ្ញៀវទេសចរ​បរទេស​ជា​ហូរហែ​ដែរ ដោយ​មាន​ជើងហោះហើរ​ពី​ថៃ និង​សិង្ហ​បុរី​។ តាម​តួលេខ​ដែល​ខ្ញុំ​ទទួល​បាន​ផ្ទះសំណាក់ និង​សណ្ឋាគារ​បាន​បើក​ដំណើរការ​ឡើងវិញ​បាន​ប្រមាណ ៨០ ​ទៅ​ ៩០ ​ភាគរយ​ហើយ​»​។

លោក មូល សំនៀង បុគ្គលិក​ទទួលភ្ញៀវ​នៃ​សណ្ឋាគារ ភីឡា​សៀមរាប និយាយថា ការរៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​ឆ្នាំ​ ២០២២ ដើម្បី​អបអរសាទរ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ គឺ​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍ និង​អាជីវកម្ម​សណ្ឋាគារ​នៅក្នុង​ខេត្តសៀមរាប ខណៈ​បច្ចុប្បន្ន​សណ្ឋាគារ និង​ផ្ទះសំណាក់ មួយចំនួនធំ​មិន​ទទួលបាន​ភ្ញៀវ​ចូល​ស្នាក់​នៅទេ​។

លោក​ប្រាប់ថា​៖ «​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​វា​ល្អ ព្រោះ​នៅពេល​មាន​មនុស្ស​មកលេង​ច្រើន សណ្ឋាគារ និង​ផ្ទះសំណាក់​នឹងមិន​ស្ងាត់​ឡើយ​»​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បាន​ស្វាគមន៍​ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍ ដោយ​លោក​លើកឡើងថា ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​ខេត្ត​សៀមរាប​បង្កើន​ប្រាក់ចំណូល​តាមរយៈ​ការចំណាយ​របស់​ភ្ញៀវទេសចរ​។

លោក​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ បើ​ខេត្ត​ដទៃទៀត​អាចធ្វើ​បាន​ដូច​ខេត្តសៀមរាប គឺជា​ការល្អ ព្រោះ​អាចជួយ​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ឱ្យ​រីកចម្រើន​បាន​ថែម​មួយកម្រិត​ទៀត​»៕ LA