ភ្នំពេញៈ ក្រសួងទេសចរណ៍​បើក​កិច្ចប្រជុំ​លើកដំបូង​ជាមួយ​ក្រុមការងារ​ប្រតិបត្តិ​ ដើម្បី​វាយតម្លៃ និង​គ្រប់គ្រង​តំបន់​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​រាជធានី​ភ្នំពេញ ដើម្បី​សិក្សា​វាយតម្លៃ តាមដាន ចងក្រង​របាយការណ៍​សម្រាប់​គោលដៅ​រាជធានី​ភ្នំពេញ​។

លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ ដើម្បី​វាយតម្លៃ និង​គ្រប់គ្រង​តំបន់​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត «​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន ដើម្បី​ស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩»​។

លោក​បន្ថែមថា ក្រុមការងារ​នេះ​មាន​តួនាទី និង​ភារកិច្ច​ដឹកនាំ ចាត់ចែង និង​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​ផែនទី​ចង្អុល​ផ្លូវ​ (Roadmap)​ ស្ដីពី​ផែនការ​ស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​កូវីដ​ ១៩ ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩ ខណៈ​វិស័យនេះ​ធ្លាប់​ដើរ​តួនាទី​ជា​ចន្ទល់​នៃ​កំណើន​សេដ្ឋកិច្ច​ដ៏សំខាន់​។

លោក​បញ្ជាក់ថា​៖ «​ក្រុម​ការងារ​ប្រតិបត្តិ​ដើម្បី​វាយតម្លៃ និង​គ្រប់គ្រង​តំបន់​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​រាជធានី​ភ្នំពេញ​បាន​ឯកភាព​ដាក់ចេញ​ទិសដៅ​ការងារ​មួយចំនួន​រួមមាន ការបន្ត និង​ជំរុញ​បន្ថែម​លើ​ការងារ​វាយតម្លៃ​ទីផ្សារ​ទេសចរណ៍​អន្តរជាតិ ដែល​គួរ​ស្រូប​ទាញយក​ក្នុងដំណាក់កាល​នេះ ដោយ​បច្ចុប្បន្ន​ទីផ្សារ​ទេសចរណ៍​ពិតជា​មាន​ការប្រកួតប្រជែង​ស្រួចស្រាល់​បំផុត និង​កាន់តែ​តូចចង្អៀត​, បន្តធ្វើ​ការសហការ​ឱ្យ​បាន​ជាប់​ជាប្រចាំ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ ជាពិសេស​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​អន្តោប្រវេសន៍​, បន្ត​ពង្រឹង​ការនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​អប្បបរមា​សម្រាប់​អាជីវកម្ម​ទេសចរណ៍ ជាដើម​»​។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​១៦ ខែមីនា ថា បទដ្ឋាន​គតិយុត្ត​ផ្សេងៗ​ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កូវីដ​ ១៩ ត្រូវបាន​អាជ្ញាធរ​រាជធានី​រៀបចំ​ ដើម្បី​ដាក់ចេញ ដោយយោង​តាម​ការណែនាំ​ពី​ក្រសួង​ទេសចរណ៍​ និង​ក្រសួង​សុខាភិបាល​។

លោក​បន្ថែមថា ការអនុវត្ត​វិធានការ​សុវត្ថិភាព​ទាំងនោះ​បាន​ផ្តោតជាសំខាន់​ទៅ​ទីតាំង​អាជីវកម្ម​ទេសចរណ៍ ឬ​ទីតាំង​រមណីយដ្ឋាន​នានា ដែល​បម្រើសេវា​ដល់​ភ្ញៀវទេសចរ​។

លោក​និយាយថា​៖ «​ជា​ញឹកញយ ឯកឧត្តម​អភិបាល​តែង​ធ្វើការ​ក្រើនរំឭក​ដល់​អាជ្ញាធរ​តាម​ខណ្ឌ ចុះ​ត្រួតពិនិត្យ​ដោយ​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ ដើម្បី​អនុវត្ត​ស្តង់ដា​ទេសចរណ៍​សុវត្ថិភាព​។ យើង​ឃើញថា ភាគច្រើន គឺ​អនុវត្ត​បានល្អ នៅមាន​ខ្វះចន្លោះ​តិចតួច​ប៉ុណ្ណោះ ខណៈដែល​អាជ្ញាធរ​របស់​យើង ក៏​នៅតែ​បន្ត​ខិតខំ​ត្រួតពិនិត្យ​ដើម្បី​បញ្ចៀស​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​ នេះ​ឡើងវិញ​»​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី បានឱ្យ​ដឹងថា នៅមុន​កូវីដ-១៩​ផ្ទុះឡើង រាជធានី​ភ្នំពេញ​បាន​ស្រូបយក​ភ្ញៀវទេសចរ​អន្តរជាតិ​ចន្លោះ​ពី​ ៥០ ​ទៅ​ ៦០ ​ភាគរយ ដោយសារតែ​ភ្នំពេញ​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​។

លោក​បាន​អះអាងថា​៖ «​បទពិសោធ​ ២​ ឆ្នាំ​នៅក្នុង​បរិបទ​កូវីដ​ ១៩ ខ្ញុំ​យល់ថា គ្រប់​វិស័យ​ទាំងអស់​បាន​បន្សាំ​ខ្លួន​ជាមួយ​ជំងឺ​នេះហើយ ដោយ​គ្រប់គ្នា​ចាប់ផ្តើម​រៀន​រស់នៅ​ជាមួយ​វា​។ ប៉ុន្តែ​សម្រាប់​ការបើកទទួល​ទេសចរ​អន្តរជាតិ ដើម្បី​សម្រេច​ផែនការ​ដែល​បាន​ដាក់ចេញ​កន្លងមក គឺ​ទាល់តែ​ដករ​នាំង​កូវីដ​ចេញ មានន័យថា ការ​កាត់បន្ថយ​ថ្ងៃ​ធ្វើ​ចត្តាឡីស័ក ការតេស្ត​ជាដើម ប៉ុន្តែ​ស្ថិតនៅក្នុង​ការអនុវត្ត​វិធានការ ៣ ​កុំ ៣ ​ការពារ​ទើប​វិស័យ​ទេសចរណ៍​កម្ពុជា​មានសង្ឃឹម​»៕ LA