ភ្នំពេញៈ Thai Vietjet Air បាន​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ទី​ ១ ក្នុង​រយៈពេល ២​ ឆ្នាំកន្លងមក​ដែល​បើក​ដំណើរការ​ជើងហោះហើរ​មក​ប្រទេស​កម្ពុជា ខណៈ​ក្នុង​រយៈពេល​ខាងលើ​កម្ពុជា​មិនដែល​ទទួលបាន​ជើងហោះហើរ​ថ្មី​នោះទេ ដោយមាន​ត្រឹមតែ​ក្រុមហ៊ុន​ស្នើសុំ​ផ្អាក​ជើងហោះហើរ​បណ្តោះអាសន្ន ឬ​បិទ​ជើង​ជើងហោះហើរ​គ្មាន​កាលកំណត់ ឬ​ប្រកាស​ក្ស័យធន​។ នេះ​បើតាម​លោក ម៉ៅ ហាវណ្ណាល់ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។

នៅក្នុង​ពិធី​ទទួល​ស្វាគមន៍​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​របស់​ក្រុមហ៊ុន​អាកាសចរ Thai Vietjat Air រវាង​រាជធានី​បាងកក​ជាមួយ​រាជធានី-​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​ ១៦ ខែមីនា លោក​ ម៉ៅ ហាវណ្ណាល់ បាន​លើកឡើងថា លោក​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ Thai Vietjat Air ដែល​បាន​ដាក់ឱ្យ​ដំណើរការ​ជើងហោះហើរ​ថ្មី​ពី​រាជធានី-​បាងកក មកកាន់​រាជធានី​ភ្នំពេញ​នៅក្នុង​ដំណាក់កាល​ដែល​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា និង​ថៃ កំពុង​ជួបប្រទះ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​នៃ​ការ​រាតត្បាត​របស់​ជំងឺ​កូវីដ​ ១៩ និង​ការកើនឡើង​នៃ​តម្លៃ​ប្រេង​យ៉ាងគំហុក ដោយសារ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​។

លោក​ថ្លែងថា​៖ «​ការបើក​ដំណើរការ​របស់ Thai Vietjet Air នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្តល់នូវ​ជម្រើស​កាន់តែ​សម្បូរបែប​ដល់​អ្នកធ្វើដំណើរ​តាមផ្លូវ​អាកាស​រវាង​កម្ពុជា និង​ថៃ​។ គិត​មកដល់​ពេលនេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៦ ​ដែល​កំពុង​ហោះហើរ​លើផ្លូវ​ហោះហើរ​នេះ​។ Thai Vietjat Air នឹង​រួមចំណែក​ដោយផ្ទាល់​ដល់​ការបង្កើន​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​លើ​សកម្មភាព​ដោះដូរ​ពាណិជ្ជកម្ម វប្បធម៌ និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ ២»​។

លោក Woranate Laprabang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Thai VietJet បាន​និយាយថា បន្ទាប់ពី​សម្រាក​យ៉ាងយូរ​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្រុមហ៊ុន Thai VietJet មាន​ក្តីរីករាយ​នៅ​ក្នុងការ​លាតសន្ធឹង​ស្លាប​របស់ខ្លួន​តាមរយៈ​ការពង្រីក​បណ្តាញ​ហោះហើរ​អន្តរជាតិ​ម្តងទៀត​។ តាមរយៈ​ការតភ្ជាប់​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​ទាំង ​២ ការបើក​ដំណើរការ​ប្រកបដោយ​ជោគជ័យ​នៃ​សេវាកម្ម​ភ្នំពេញ-​បាងកក​របស់​ក្រុមហ៊ុន Thai VietJet គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយទៀត​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​តភ្ជាប់​ក្នុង​តំបន់​របស់​ក្រុមហ៊ុន Thai VietJet Air»​។

លោក​បន្ថែមថា​៖ «​យើង​មាន​ទំនុកចិត្ត​ថា សេវាកម្ម​ថ្មី​នេះ​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ផ្សារភ្ជាប់​ប្រជាជន​រវាង​ប្រទេស​ទាំង​ ២ ក៏ដូចជា​ការរួមចំណែក​ដល់​ការរស់​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​»​។

យោងតាម​លោក Woranate ការចាប់ផ្តើម​ដំបូង​សេវា​អន្តរជាតិ​ភ្នំពេញ​-​បាងកក (​សុវណ្ណ​ភូមិ​) នឹង​ដំណើរការ ៣ ​ជើង​ក្នុង​ ១​ សប្តាហ៍ រៀងរាល់ថ្ងៃ​ចន្ទ ពុធ និង​ថ្ងៃ​សុក្រ​។

បន្ថែម​ពីលើ​នេះ លោក Woranate បាន​បញ្ជាក់ថា នៅពេល​ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ មាន​ភាពល្អប្រសើរ​ក្រុមហ៊ុន Thai Vietjet Air ក៏មាន​ផែនការ​ពង្រីក​ជើងហោះហើរ​រវាង​ទីក្រុង​បាកក​ទៅកាន់​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ផងដែរ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១៦ ខែមីនា​ថា នេះ​គឺជា​សញ្ញា​វិជ្ជមាន​ថ្មី​នៃ​ការចាប់ផ្តើម​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា បន្ទាប់ពី​ស្ងប់ស្ងាត់​ជាង ២ ​ឆ្នាំ​ដែល​បណ្តាលមកពី​ការរីក​រាលដាល​ជំងឺ​កូវីដ​។ លោកស្រី​បន្តថា ការជ្រើសរើស​កម្ពុជា​ធ្វើជា​ផ្លូវ​ហោះហើរ​របស់ Thai Vietjet Air នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ព្រោះ​ភ្ញៀវ​ដែល​នៅ​ប្រទេស​ផ្សេងៗ​ក៏​អាចធ្វើ​ដំណើរ​មក​កម្ពុជា​តាមរយៈ​ក្រុមហ៊ុន​នេះដែរ​។

លោកស្រី​ថ្លែងថា​៖ «​បើ​និយាយ​ពី​ផ្លូវ​ហោះហើរ គឺ​មិន​ថ្មី​ទេ ប៉ុន្តែ​អ្វីដែល​ថ្មី​គឺ Thai Vietjet Air ជា​ក្រុមហ៊ុន​ថ្មី​ដែល​ចាប់​ផ្តើមធ្វើ​ប្រតិបត្តិការ​ហោះហើរ​មក​កម្ពុជា​ជា​លើកដំបូង ពិសេស​នៅក្នុង​ដំណាក់​កាលដែល​ជំងឺ​កូវីដ ​១៩ នៅ​បន្ត​ការរីករាលដាល​នៅឡើយ​»​។

យោងតាម​លោក ម៉ៅ ហាវណ្ណាល់ វិស័យ​អាកាសចរណ៍​កម្ពុជា​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅមុន​មានការ​ផ្ទុះឡើង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ដោយ​ក្នុង​ឆ្នាំ​ ២០២១ វិស័យ​អាកាសចរណ៍​កម្ពុជា​បាន​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន ១១,៦​ លាន​នាក់ ដោយមាន​ក្រុមហ៊ុន​អាកាសចរណ៍​ហោះហើរ​ចេញ-​ចូល​ (​ដឹក​អ្នកដំណើរ និង​ទំនិញ​) ចំនួន ៤៨ ​ក្រុមហ៊ុន និង​មាន​ជើងហោះហើរ​ប្រមាណ ១១៣ ៤០០ ​ជើង​។ ប៉ុន្តែ​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ឬ​នៅក្នុង​ឆ្នាំ​ ២០២១ ហើយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​កម្ពុជា បាន​ដឹកជញ្ជូន​អ្នក​ដំណើរ​បានតែ​ប្រមាណ ២៧ ​ម៉ឺន​នាក់​ប៉ុណ្ណោះ ធ្លាក់ចុះ ៩៨ ​ភាគរយ​។

ទោះយ៉ាងណា ខណៈ​បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​កូវីដ ​១៩ ហាក់​មិនសូវ​បង្ក​ការគំរាមកំហែង​ខ្លាំង​ដោយសារ​វឌ្ឍនភាព​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា កាន់តែ​ល្អប្រសើរ និង​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ពេញលេញ​ត្រូវបាន​ធ្វើជា​បន្តបន្ទាប់ លោក ហាវណ្ណាល់ បាន​អះអាងថា​៖ «​ដំណើរការ​ហោះហើរ​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស​ក្នុង​ឆ្នាំ​ ២០២២​ នេះ នឹងមាន​ភាពល្អប្រសើរ​ឡើងវិញ​ប្រមាណ ៣៥ ​ភាគរយ​បើ​ធៀប​មុនពេល​វិបត្តិ​ជំងឺឆ្លង​កូវីដ​ ១៩ និង​អាច​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​ក្នុង​ឆ្នាំ​ ២០២៥ ឬ​ឆ្នាំ ​២០២៦ ដូចនឹង​ការ​ព្យាករ​របស់​ស្ថាប័ន​អាកាសចរណ៍​អន្តរជាតិ​នានា​ផងដែរ​»​។

បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៤ Thai VietJet បាន​សហការ​ជាមួយ VietJet ដើម្បី​ពង្រីក​បណ្តាញ​ហោះហើរ​របស់ខ្លួន និង​ផ្តល់ឱកាស​កាន់តែច្រើន​សម្រាប់​អ្នកធ្វើដំណើរ​ដើម្បី​ទៅ​ប្រទេស​ថៃ និង​ប្រទេស​ជាច្រើន​ទៀត​៕ LA