
ប្រជាពលរដ្ឋធ្វើដំណើរកាត់ស្ថានីយលក់ប្រេងឥន្ធនៈនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ ប្រជាពលរដ្ឋដែលមានចំណូលទាបបានត្អូញត្អែរអំពីការបន្តកើនឡើងតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតលក់រាយដោយតម្លៃបានហក់ឡើងដល់ ៥ ៣០០ រៀលក្នុង ១ លីត្រដូចគ្នា ក្នុងនោះប្រេងសាំងធម្មតាបានកើនឡើង ៥០០ រៀល និងប្រេងម៉ាស៊ូតកើន ៨០០ រៀល។ តម្លៃនេះនឹងគិតចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២។ នេះបើយោងតាមការជូនដំណឹងពីក្រសួងពាណិជ្ជកម្មដែលជាស្ថាប័នរៀបចំកិច្ចប្រជុំជាមួយក្រុមហ៊ុននាំចូលប្រេង និងលក់ប្រេងនៅកម្ពុជា។
ការឡើងថ្លៃដ៏ច្រើននេះបានធ្វើឱ្យមានផលប៉ះពាល់ដល់ការចំណាយលើមធ្យោបាយដឹកជញ្ជូនកាន់តែច្រើន ខណៈប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំងជាងគេភាគច្រើនជាអ្នកប្រកបរបរដឹកជញ្ជូន ដែលនឹងត្រូវបាត់បង់ប្រាក់ចំណូល បន្ទាប់ពីបានរងផលប៉ះពាល់ដោយសារការរីករាលដាលកូវីដអស់រយៈពេលជាង ២ ឆ្នាំមកហើយ។
អ្នកស្រី ស៊ុំ ស៊ីវន អាជីវករលក់ដូរនៅផ្ទះ ក្នុងសង្កាត់ភ្នំពេញថ្មី បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៦ ខែមីនា ថា ចាប់តាំងពីសាំងឡើងថ្លៃមក ទំនិញគ្រប់ប្រភេទក៏ឡើងថ្លៃដូចគ្នា ដែលធ្វើឱ្យគាត់ពិបាកលក់ ដោយមានអ្នកទិញជាច្រើនត្អូញត្អែរពីការឡើងថ្លៃនេះ។ អ្នកស្រីបានបន្ថែមថា ប៉ុន្មានថ្ងៃមុននៅស្ថានីយប្រេងឥន្ធនៈមួយដែលអ្នកស្រីតែងតែទៅទិញសាំងយកមកលក់បន្ត បានផ្អាកលក់ ដោយលើកហេតុផលថា ទុកសម្រាប់តែលក់រាយប៉ុណ្ណោះ ចំណែកអ្នកទិញទៅលក់បន្តលែងលក់ឱ្យហើយ ព្រោះខ្លាចអស់ស្តុក។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំបានប្តូរទៅទិញស្ថានីយផ្សេងទៀត គេក៏និយាយដូចគ្នាដែរ ដូចនេះខ្ញុំក៏សម្រេចផ្អាកលក់សាំងមួយរយៈសិន»។
ដោយឡែក លោក រិទ្ធិ ផល ប្រកបរបររត់ម៉ូតូឌុប នៅក្បែរផ្សារតូចក្នុងសង្កាត់ទួលសង្កែទី ១ បាននិយាយថា ចាប់តាំងពីសាំងឡើងថ្លៃមក ទំនិញប្រើប្រាស់ប្រចាំថ្ងៃដូចជា ម្ហូបអាហារ ហ្គាស ជាដើមក៏ឡើងថ្លៃដូចគ្នា ខណៈលោកត្រូវមានបន្ទុកច្រើនលើផ្ទះជួល ទឹក ភ្លើង និងកូនរៀន។
លោក ផល បានរៀបរាប់ថា៖ «ការចំណាយរបស់ខ្ញុំបានកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែចំណូលវិញបានថយចុះ ដោយសារមិនសូវមានអ្នកធ្វើដំណើរ និងខ្លះទៀតគេនិយមជិះកង់បីឥណ្ឌា។ ខ្ញុំមានការព្រួយបារម្ភណាស់ បើសិនប្រេងឥន្ធនៈនៅតែបន្តឡើងថ្លៃបែបនេះ ព្រោះខ្លាចថា រកមិនបានគ្រប់គ្រាន់ សម្រាប់ការចំណាយ»។
ចំណែកលោក សំ អាត ដែលជាអ្នកបើកបររថយន្តតាក់ស៊ីភ្នំពេញ-ត្បូងឃ្មុំ បានរៀបរាប់ថា កាលពីមុន នៅពេលដែលប្រេងសាំងមិនទាន់ឡើងលើស ៤ ០០០ រៀល លោកតែងបើកទៅមកយកម៉ូយ ៥ ទៅ ៦ ដងក្នុង ១ សប្តាហ៍។ ប៉ុន្តែនៅពេលសាំងឡើងដល់ជាង ៥ ០០០ រៀលបែបនេះ លោកនឹងកាត់បន្ថយចំនួនជើងនៅត្រឹម ២ ដងក្នុង ១ សប្តាហ៍វិញ និងច្នៃរថយន្តទៅជាប្រើប្រាស់ហ្គាសវិញ។
លោកលើកឡើងថា៖ «ខ្ញុំគិតថា កែរថយន្តដាក់ប្រើហ្គាសវិញ ក្រែងគ្រាន់បើជាង បានចំណេញខ្លះ ប៉ុន្តែនៅពេលសាំងឡើងថ្លៃ ហ្គាសក៏ឡើងថ្លៃដូចគ្នា គ្រាន់តែធូរជាងសាំងបន្តិច។ ទោះយ៉ាងណាបើគ្មានម៉ូយជិះ គឺខាតជើង អស់ថ្លៃហ្គាសដដែល»។
លោក ចាន់ សុវណ្ណ បានប្រកបរបររត់រ៉ឺម៉កកង់បីខ្មែរ នៅម្តុំវត្តឧណ្ណាលោមជាង ១០ ឆ្នាំមកហើយ បានរៀបរាប់ថា កាលពីមុន គាត់រកចំណូលបានច្រើនគួរសមតាមរយៈការដឹកភ្ញៀវបរទេស។ ប៉ុន្តែនៅពេលជំងឺកូវីដ ១៩ រីករាលដាល លែងសូវមានភ្ញៀវទេសចរអន្តរជាតិច្រើនដូចមុន ធ្វើឱ្យលោកបាត់ចំណូលច្រើន និងបានងាកមកដឹកទំនិញវិញ ព្រោះអ្នកជិះនិយមកង់បីឥណ្ឌា។
លោកបញ្ជាក់ថា៖ «ឥឡូវដឹកអីវ៉ាន់ឡើងថ្លៃទៅគេរអ៊ូលែងចង់ឱ្យដឹក តែមិនឱ្យឡើងថ្លៃយ៉ាងម៉េចបើសាំងឡើងថ្លៃដែរហ្នឹង បើមិនឱ្យខ្ញុំឡើងធ្វើម៉េចនឹងចំណេញ។ សាំងឡើងថ្លៃខ្លាំងពេក ខ្ញុំស្ទើរលែងចង់ប្រកបរបរហ្នឹងហើយ ប៉ុន្តែបើមិនរករបរហ្នឹង មិនដឹងទៅធ្វើអីវិញ ដូច្នេះមានតែចាំមើលពេលណាសាំងចុះថោកវិញ»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ យល់ឃើញថា និន្នាការនៃការឡើងថ្លៃប្រេងឥន្ធនៈបានបង្កការលំបាកច្រើនដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ និងបានធ្វើឱ្យទំនិញគ្រប់មុខឡើងថ្លៃទៅតាមនេះដែរ។ លោកបន្ថែមថា បញ្ហាប្រេងឥន្ធនៈឡើងថ្លៃខ្ពស់បានបង្កផលប៉ះពាល់មួយកម្រិតថែមទៀតចំពោះជីវភាពរបស់ពលរដ្ឋ ខណៈស្ថានភាពជំងឺកូវីដ ១៩ មិនទាន់បានធូរស្បើយនៅឡើយទេ ដែលបានធ្វើឱ្យរាំងស្ទះដល់ផលិតកម្ម និងការដឹកជញ្ជូនមានការឡើងថ្លៃជាដើម។
លោកបញ្ជាក់ថា៖ «ការអន្តរាគមន៍ចំពោះតម្លៃប្រេងសម្រាប់ប្រទេសនីមួយៗ គឺផ្អែកទៅលើសមត្ថភាពរបស់រដ្ឋាភិបាលនៃប្រទេសនីមួយ។ ដោយឡែកសម្រាប់ប្រទេសយើង កន្លងមករាជរដ្ឋាភិបាលកម្ពុជាក៏មានការបន្ធូរបន្ថយ និងអន្តរាគមន៍ដែរ ដូចជាការបញ្ចុះតម្លៃលក់រាយ ៤ សេនដុល្លារក្នុង ១ លីត្រ ជាដើម។ ប៉ុន្តែការអន្តរាគមន៍នោះស្ថិតនៅក្នុងកម្រិតមួយទាបនៅឡើយ ដូចនេះទើបធ្វើឱ្យតម្លៃប្រេងនៅខ្ពស់ជាងប្រទេសជិតខាង»។
តម្លៃប្រេងឆៅ WTI បានធ្លាក់ចុះ ៥ ភាគរយកាលពីថ្ងៃអង្គារដោយបានធ្លាក់មកក្រោម ១០០ ដុល្លារក្នុង ១ បារ៉ែល ដោយសារក្តីបារម្ភនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិនធ្វើឱ្យក្រុមវិនិយោគទុនចាប់ផ្តើមធ្វើការពិចារណាឡើងវិញនៃកត្តាតម្រូវការ។ តម្លៃប្រេងឆៅក្នុងកិច្ចសន្យាបានធ្លាក់ថ្លៃ ៥,៧ ភាគរយមកនៅត្រឹម ៩៧,៣ ដុល្លារក្នុង ១ បារ៉ែល ខណៈតម្លៃរបស់ប្រេងឆៅអាមេរិក Brent ធ្លាក់ ៦ ភាគរយមកត្រឹម ១០០,៥៤ ដុល្លារក្នុង ១ បារ៉ែល។ នេះបើយោងតាមការចុះផ្សាយរបស់ AFP។
ទោះយ៉ាងណា លោក វណ្ណៈ បន្ថែមថា រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាយ៉ាងច្រើនក្នុងការទប់ស្កាត់ និងប្រឆាំងជំងឺកូវីដ ១៩ អស់រយៈពេលជាង ២ ឆ្នាំមកហើយ ពិសេសចំណាយទៅលើវិស័យសុខាភិបាល និងវិស័យដែលរងផលប៉ះពាល់ពីកូវីដ ១៩ ដូចជាទេសចរណ៍ និងកាត់ដេរជាដើម។ លោកបន្តថា៖ «ការអន្តរាគមន៍ទៅលើតម្លៃប្រេងនេះ គឺជាកញ្ចប់មួយធំដែរ ដូចនេះអាស្រ័យទៅលើសមត្ថភាពរបស់រដ្ឋដែរ ដោយមិនចេះតែអន្តោម័តដោយខ្លួនឯងបានទេ។ តែខ្ញុំរំពឹងថា រាជរដ្ឋាភិបាលនឹងមិនព្រងើយកន្តើយចំពោះបញ្ហានេះនោះទេ»។
បើតាមការឱ្យដឹងពីប្រជាពលរដ្ឋ អ្នកលក់ដូរតាមផ្ទះ អ្នកដឹកអីវ៉ាន់តាមអនឡាញ អ្នករត់ម៉ូតូឌុប អ្នករត់រ៉ឺម៉កកង់បី និងអ្នកបើកបររថយន្តតាក់ស៊ី បានប្រាប់ថា នៅតាមតំបន់ជាយក្រុង និងតាមបណ្តាខេត្តមួយចំនួន ប្រេងសាំងធម្មតា មានតម្លៃ ៥ ៥០០ រៀល ខណៈស្ថានីយខ្លះអស់ប្រេងក្នុងស្តុកសម្រាប់លក់ថែមទៀតផង។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មធ្លាប់បានប្រាប់ថាការឡើងថ្លៃនៃប្រេងឥន្ធនៈនេះ គឺជានិន្នាការរបស់ពិភពលោក ដោយក្នុងនោះប្រេងអន្តរជាតិក៏មានការឡើងថ្លៃដូចគ្នា។ តែលោកបញ្ជាក់ថា នៅពេលដែលតម្លៃប្រេងឡើងដល់កម្រិតមួយខ្ពស់ពេក ក្រសួងពាណិជ្ជកម្មនឹងបើកកិច្ចប្រជុំបន្ទាន់មួយជាមួយវិស័យឯកជនពាក់ព័ន្ធ ដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហានេះ៕ LA
វីដេអូ៖