ទីក្រុងអាប៊ូ ដាប៊ីៈ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson នឹង​បញ្ចុះបញ្ចូល​ថ្នាក់ដឹកនាំ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​អារ៉ាប់រួម (UAE) ឱ្យ​បង្កើន​ការ​បូម​ប្រេង​បន្ថែម ទៀត ដើម្បី​រម្ងាប់​ទីផ្សារ​ប្រេង​ដែលមាន​ភាពច្របូកច្របល់ នៅពេល​លោក​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋ​នៅ​តំបន់​ឈូង​សមុទ្រ​ក្នុង​មជ្ឈិមបូព៌ា​កាលពី​ថ្ងៃ​ពុធ​។

លោក Johnson បានមក​ដល់ទី​ក្រុង Abu Dhabi ដើម្បី​ពិភាក្សា​ជាមួយ​ព្រះអង្គម្ចាស់ Mohammed bin Zayed ហើយ​គ្រោង​នឹង​បន្តដំណើរ​ទៅកាន់​ទីក្រុង Riyadh នៅពេល​ក្រោយ ខណៈ​ដែល​ប្រទេស​លោកខាងលិច​ស្វែងរក​ការបញ្ចប់​ការពឹង​ផ្អែកលើ​ប្រេង​របស់​រុស្ស៊ី បន្ទាប់ពី​ការ​លុកលុយ​លើ​ប្រទេស​អ៊ុយក្រែន​។

ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស ខណៈពេល​ដែល​តម្លៃ​ប្រេង​មើលឃើញ​នូវ​ការប្រែប្រួល​យ៉ាងខ្លាំង ស្របពេល​ជាមួយ​នឹង​ការ​ថ្កោលទោស​ជាថ្មី​នៃ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត បន្ទាប់ពី​បុរស​ ៨១ ​នាក់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដ៏ធំ​មួយ​កាលពី​ថ្ងៃ​សៅរ៍​។

នាយករដ្ឋមន្ត្រី​អង់គ្លេស​ក៏នឹង​ជួប​ជាមួយ​មេដឹកនាំ​អារ៉ាប៊ី- សាអ៊ូឌីត គឺ​ព្រះអង្គម្ចាស់ Mohammed bin Salman ផងដែរ ខណៈ​ដែល​គាត់​ក្លាយជា​មេដឹកនាំ​ ១ ​រូប​ក្នុងចំណោម​មេដឹកនាំ​បស្ចិម​ប្រទេស​មួយ​ចំនួន​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​រីយ៉ាដ ចាប់តាំងពី​ការសម្លាប់​អ្នកកាសែត​អារ៉ាប៊ី សាអ៊ូឌីត ឈ្មោះ Jamal Khashoggi ឆ្នាំ​ ២០១៨​។

ប្រធានាធិបតី​អាមេរិក Joe Biden និង​ព្រះអង្គម្ចាស់ Mohammed មិនទាន់បាន​និយាយ​គ្នា​នៅឡើយ​ទេ ចាប់តាំងពី​លោក Biden ឈាន​ជើង​ចូល​សេត​វិមាន​ហើយ​បាន​ប្តេជ្ញា​ថា​នឹង​ចាត់ទុក​ព្រះរាជាណាចក្រ​ជា​រដ្ឋ «pariah» (​ជា​រដ្ឋ​ឯកោ ឬក៏​អាច​រង​ទណ្ឌកម្ម ឬក៏​អាច​លុកលុយ​ដោយ​កម្លាំង​អន្តរជាតិ​) ជុំវិញ​ការសម្លាប់​លោក Khashoggi ដែល​ភា្នក់ងារ CIA បាន​ស្តីបន្ទោស​ទៅលើ​រាជវង្ស អារ៉ាប៊ី សាអ៊ូឌីត​។

អ្នកនាំពាក្យ​របស់​មេដឹកនាំ​ចក្រភព​អង់គ្លេស​បាន​ទទូចថា លោក​នឹង​លើកឡើង​ពី​កង្វល់​សិទ្ធិមនុស្ស និង​ការប្រហារជីវិត​នាពេល​ថ្មីៗ​នេះ ហើយនឹង​ស្នើឱ្យ​លោក Bin Salman ថ្កោលទោស​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ជុំវិញ​ការវាយលុក​របស់ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន​។

អារ៉ាប៊ី សាអ៊ូឌីត និង UAE ដែលជា​ប្រទេស​នាំចេញ​ប្រេង​ធំ​បំផុត​របស់​ពិភពលោក ហើយ​ប្រទេស​ទាំង​ ២ ​មាន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី រហូតមក​ដល់​ពេលនេះ​បានគេច​ពី​គោលជំហរ​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​។

ប៉ុន្តែ លោក Johnson បាន​និយាយ​មុនពេល​ចាកចេញ​ថា ផលប៉ះពាល់​នៃ​ការវាយប្រហារ «​ដ៏ឃោរឃៅ និង​មិន​មានការ​បង្កហេតុ​» របស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នឹងមាន​អារម្មណ៍​លើសពី​អឺរ៉ុប​។

លោក​បាន​បន្ថែមថា នៅពេល​ដែល​ទណ្ឌកម្មរ​បស់​បណ្តា​ប្រទេស​លោកខាងលិច​ចាប់ផ្តើម​ខាំ សម្ព័ន្ធ​អន្តរជាតិ​ថ្មី​មួយ​គឺ​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ទូទាត់​ផលប៉ះពាល់​របស់​ពួកគេ​ទៅលើ​អ្នកប្រើប្រាស់​ដែល​រង​សម្ពាធ​ពី​ការកើនឡើង​ពី​អតិផរណា និង​ការកើនឡើង​នៃ​តម្លៃ​រស់នៅ​។

លោក​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​ពិភពលោក​ត្រូវតែ​ផ្តាច់ខ្លួន​ចេញពី​អ៊ីដ្រូកាបូន​របស់​រុស្ស៊ី និង​ធ្វើឱ្យ​លោក ពូទីន ស្រេកឃ្លាន ចំពោះ​ប្រេង និង​ឧស្ម័ន​»​។

លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ថា​៖ «​អារ៉ាប៊ី សាអ៊ូឌីត និង​អេមីរ៉ាត អារ៉ាប់រួម​គឺជា​ដៃគូ​អន្តរជាតិ​ដ៏សំខាន់​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ​នោះ​»​។

លោក​បន្ថែម​៖ «​យើង​នឹង​ធ្វើការ​ជាមួយ​ពួកគេ​ដើម្បី​ធានា​សន្តិសុខ​ក្នុង​តំបន់ គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះ​មនុស្សធម៌ និង​ធ្វើឱ្យ​ទីផ្សារ​ថាមពល​ពិភពលោក​មាន​ស្ថិរភាព​សម្រាប់​រយៈពេល​វែង​ជាង​នេះ​»​។

ការិយាល័យ​របស់ Johnson បាន​និយាយថា អារ៉ាប់រួម និង​អារ៉ាប៊ី សាអ៊ូឌីត គឺជា​ដៃគូ​សេដ្ឋកិច្ច​ដ៏ធំ​បំផុត​ ២ ​របស់​ចក្រភព​អង់គ្លេស​នៅក្នុង​តំបន់​ជាមួយ​នឹង​ពាណិជ្ជកម្ម​ទ្វេភាគី​មានតម្លៃ ១២,២ ​ពាន់​លាន​ផោន (១៥,៩​ ពាន់​លាន​ដុល្លារ ១៤,៥ ​ពាន់​លាន​អឺរ៉ូ​) និង ១០,៤ ​ពាន់​លាន​ផោន​ក្នុង​ឆ្នាំ​ ២០២០៕ RR

វីដេអូ៖