ប្រទេសប្រេស៊ីលៈ រដ្ឋាភិបាល​ប្រេស៊ីល​នៅ​ដើម​សប្តាហ៍​បាន​ធានា​ចំពោះ​អាមេរិក​ថា ខ្លួន​នឹង​បង្កើន​ការផលិត​ប្រេង ជាការ​សម្រេចចិត្ត​មួយ ដែល​អាចជួយ​បន្ធូរបន្ថយ​ការបារម្ភ​ជុំវិញ​ការផ្គត់ផ្គង់​ប្រេងឆៅ​ជា​សកល​ បន្ទាប់ពី​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​។

លោក Bento Albuquerque រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​របស់​ប្រទេស​ប្រេស៊ីល​បានឱ្យ​ដឹងថា លោក​បាន​ថ្លែង​ទៅកាន់​សម​ភាគី​អាមេរិក​របស់លោក គឺ លោកស្រី​ Jennifer Granholm រដ្ឋមន្ត្រីក្រសួង​ថាមពល ហើយ​បាន​បញ្ជាក់ថា ប្រទេស​ប្រេស៊ីល​នឹង​ស្វែងរក​ការបង្កើន​ទិន្នផល​ប្រេង​របស់ខ្លួន​។

លោក Albuquerque បានឱ្យដឹង​នៅក្នុង​របាយការណ៍​មួយ​ដែល​ក្រសួង​បាន​ផ្ញើ​ទៅ​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ​ថា​៖ «​លោកស្រី​បាន​សួរ​ខ្ញុំ​ថា តើ​ប្រទេស​ប្រេស៊ីល​អាចជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ (​ដើម្បី​ផលិត​ប្រេង​បន្ថែមទៀត​) ដែរឬទេ​? ខណៈពេល​ដែល​ប្រទេស​ជា​សមាជិក​អង្គការ​​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) ​ភាគច្រើន​បាន​កាត់បន្ថយ​ការផលិត​។ ​យើង​បាន​បង្កើន​ផលិតកម្ម​របស់​យើង​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុងក្រោយនេះ​»​។

ក្នុងអំឡុងពេល​សន្ទនា លោកស្រី Granholm បាន​ពន្យល់ថា បណ្ដា​ប្រទេស​ផ្សេងទៀត​កំពុង​ធ្វើការ​សម្រេចចិត្ត​ស្រដៀង​គ្នា ដើម្បី​ចៀសវាង​ការប្រែប្រួល​កាន់តែខ្លាំង​នៅក្នុង​ទីផ្សារ​ប្រេង​ពិភពលោក​។

ក្រសួង​រ៉ែ និង​ថាមពល​មិន​បាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ចំនួន​ប៉ុន្មាន ដែល​ខ្លួន​មានបំណង​បង្កើន​ផលិតកម្ម ឬ​នៅពេលណា​នោះទេ​។

ប្រទេស​ប្រេស៊ីល​ស្ថិតក្នុង​ចំណោម​ប្រទេស​ផលិត​ប្រេង​ឈានមុខ​គេ​ទាំង​ ១០ ​នៅលើ​ពិភពលោក ដែល​ផលិតកម្ម​របស់​ប្រទេស​នេះ​មាន​ប្រហែល​ ៣ ​លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​។

តម្លៃ​គោល​ប្រេង​ឆៅ​ Brent ដែល​បាន​កើនឡើង​ដល់​តម្លៃ​ជិត​ដល់​កម្រិត​ខ្ពស់បំផុត ១៤០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល កាលពី​ថ្ងៃទី​ ៧ ខែមីនា​បាន​បិទ​ការជួញដូរ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ក្នុង​ចំនួន ១០៦,៩០ ​ដុល្លារ​។

បន្ទាប់ពី​ការប្រកាស ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​ការនាំចូល​ឥន្ធនៈ​ហ្វូស៊ីល​ពី​ប្រទេស​រុស្ស៊ី​ជា​ការដាក់​ទណ្ឌកម្ម ដោយសារ​តែ​ការលុកលុយ​របស់ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន កំពុង​ស្វែងរក​មធ្យោបាយ​ ដើម្បី​កាត់បន្ថយ​សម្ពាធ​លើ​តម្លៃ​ប្រេង​ដែល​ស្ថិតក្នុង​កម្រិត​មួយ​ខ្ពស់​រួចទៅហើយ មុនពេល​ជម្លោះ​នេះ​ចាប់ផ្តើម​៕ LA