ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) និង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham Cambodia) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​កាត់ដេរ និង​យីហោ​សម្លៀកបំពាក់​ទាន់​សម័យ​របស់​អឺរ៉ុប​នៅ​កម្ពុជា​។

MoU នេះ ធ្វើឡើង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​កម្ពុជា និង​សហភាព​អឺរ៉ុប​បាន​សន្យា​ជាថ្មី​ថា នឹង​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី បើទោះបី​សេដ្ឋកិច្ច​ធ្លាក់ចុះ​ដោយសារតែ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ក៏ដោយ​។ MoU នេះ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ១៦ ខែមីនា ឆ្នាំ​ ២០២២ នៅ​វិទ្យាស្ថាន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​កាត់ដេរ​កម្ពុជា ​(CGTI)​ នៅ​រាជធានី​ភ្នំពេញ​។

ស្ថិតក្រោម MoU ​នេះ EuroCham​ នឹង​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​សាធារណៈ​ជាមួយ CGTI ដែល​ផ្តោតលើ​ប្រភព​វាយនភណ្ឌ​ប្រកបដោយ​និរន្តរភាព សុវត្ថិភាព និង​សុខភាព​ការងារ និង​ការអនុលោម​តាមច្បាប់​។

លោក គង់ សាង ប្រធាន GMAC បានឱ្យដឹង​ក្នុង​ពិធី​ចុះហត្ថលេខា​ថា សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​។ ភាពជោគជ័យ និង​កំណើន​នៃ​ការនាំចេញ​ដ៏​ល្អ​នៃ​ឧស្សាហកម្ម​របស់​កម្ពុជា​អាច​ចាត់ទុកជា​ផ្នែក​ដ៏​ធំ ចំពោះ​លទ្ធភាព​ចូល​ទីផ្សារ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ដែល​ត្រូវបាន​ផ្តល់ឱ្យ​ស្ថិតក្រោម​គម្រោង​អ្វីៗ​គ្រប់​យ៉ាង​លើកលែង​សព្វាវុធ​ (EBA)​។

លោក​ថ្លែងថា​៖ «​វា​មាន​សារៈសំខាន់​ក្នុង​ការទាញយក​ប្រយោជន៍​សេដ្ឋកិច្ច​ជា​អតិបរមា តាមរយៈ​សក្តានុពល​កំណើន​កាន់តែច្រើន​។ MoU ដែល​ចុះហត្ថលេខា​នេះ​គឺជា​ភាពជា​ដៃគូ​មួយ​ដែល​មិនអាច​កាត់ថ្លៃ​បាន​នៅ​ក្នុង​ការពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ឧស្សាហកម្ម​តាមរយៈ​ការបង្កើន​សមត្ថភាព​ក្នុង​វិស័យ​ជាច្រើន និង​ការពិភាក្សា​រួមគ្នា​ ដើម្បី​ផ្ដល់​ឥទ្ធិពល​លើ​គោលនយោបាយ​ជាប់​ពាក់ព័ន្ធ​»​។

លោក TassiloBrinzer ប្រធាន EuroCham Cambodia បានឱ្យដឹងថា EuroCham តំណាងឱ្យ​ការច្របាច់​បញ្ចូល​គ្នា​ដ៏ល្អ​នៃ​ម៉ាក​យីហោ​សម្លៀកបំពាក់​ទាន់សម័យ​ឈានមុខ​គេ​របស់​អឺរ៉ុប ដែល​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​ផលិតកម្ម​របស់​កម្ពុជា​។

លោក​និយាយថា​៖ «​ដូច្នេះ មាន​ការរួម​សហការគ្នា​យ៉ាងរឹងមាំ​នៅ​ទូទាំង​មូលដ្ឋាន​សមាជិកភាព​របស់​យើង ដែល​ធ្វើឱ្យ​យើង​ក្លាយជា​មហាអំណាច​មួយ ដែលមាន​សមត្ថភាព​ជំរុញ​ផលប្រយោជន៍​នៃ​ឧស្សាហកម្ម​នេះ និង​អ្នកពាក់ព័ន្ធ​របស់ខ្លួន​ឆ្ពោះទៅមុខ​»​។

លោក​បាន​បន្តថា​៖ «​ការទទួល​យកគំនិត​ផ្តួចផ្តើម​ថ្មីៗ​ដូចជា ខ្សែចង្វាក់​ផ្គត់ផ្គង់ ច្បាប់​ត្រួតពិនិត្យ​ឱ្យបាន​ល្អិតល្អន់​នៅក្នុង​សហភាព​អឺរ៉ុប ជាការ​ពិត​នឹង​មាន​សារៈសំខាន់​នៅក្នុង​ការបង្កើន​ឱកាស​នាំចេញ​។ យើង​មាន​ក្តីរីករាយ​ដែល GMAC ជា​អង្គការ​ឧស្សាហកម្ម​ដ៏សំខាន់ គឺជា​ដៃគូ​របស់​យើង​ក្នុង​ដំណើរ​ដ៏សំខាន់​នេះ​។ យើង​កំពុង​រង់ចាំ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា និង​ដើម្បី​បន្ថែម​ទស្សនវិស័យ​របស់​អឺរ៉ុប​ចំពោះ​ឧស្សាហកម្ម​កាត់ដេរ ស្បែកជើង និង​សម្លៀកបំពាក់​នៅ​កម្ពុជា​កាន់តែ​ទូលំទូលាយ​»​។

យោងតាម​លោក គង់ សាង សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏ចម្បង​របស់​កម្ពុជា​។ ក្នុង​ឆ្នាំ​ ២០២០ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​សហភាព​អឺរ៉ុប មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៤ ៣០០​ លាន​ដុល្លារ ហើយ​នៅក្នុង​ឆ្នាំ​ ២០២១ កើន​ដល់ ៤ ៥០០ ​លាន​ដុល្លារ ដែល​ក្នុងនោះ​ការនាំចេញ​សម្លៀកបំពាក់​មាន ២ ២០៧ ​លាន​ដុល្លារ ស្បែកជើង ៣៨៣​ លាន​ដុល្លារ និង​ផលិតផល​ធ្វើដំណើរ​មាន​ទឹកប្រាក់ ៩៣​ លាន​ដុល្លារ សរុប​មាន​ចំនួន ២៦៨៣ ​លាន​ដុល្លារ ដែល​ស្មើនឹង​ប្រមាណ ​៦០ ​ភាគរយ នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​។

លោក​លើកឡើងថា​៖ «​ពិតណាស់ ភាពជោគជ័យ និង​កំណើន​នាំចេញ​ដ៏ល្អ​របស់​យើង​មួយចំណែក​ធំ​គឺ​បានមកពី​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​សម្រាប់​ការនាំ​ចូល​ផលិតផល​ពី​កម្ពុជា ដោយ​កម្ពុជា​ស្ថិតក្នុង​ស្ថាន​ភាពជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​។ វា​ជា​កិច្ចការ​សំខាន់​ណាស់​ដែល​កម្ពុជា​ត្រូវ​រក្សា និង​ពង្រឹង​ថែមទៀត​នូវ​សមត្ថភាព​ប្រកួតប្រជែង​ ដើម្បី​បន្ត​ទាញយក​ប្រយោជន៍​សេដ្ឋកិច្ច​ជា​អតិបរមា​តាមរយៈ​សក្តានុពល​នៃ​កំណើន​ការនាំចេញ​៕ LA