
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងចំពោះមុខគណៈកម្មការទី ៣ និងគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ នាវិមានរដ្ឋសភា។ រូបថត សហការី
ភ្នំពេញៈ ក្រសួងកសិកម្ម កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ដើម្បីឆ្លើយតបទៅនឹងការនាំចេញកសិផលកម្ពុជាទៅទីផ្សារអន្តរជាតិឱ្យស្របតាមលក្ខខណ្ឌភូតគាមអនាម័យ និងទប់ស្កាត់កសិផល និងរុក្ខជាតិ ដែលអាចមានសត្វល្អិតចង្រៃ សារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិត ហូរចូលមកកាន់ប្រទេសកម្ពុជា។
កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ នាវិមានរដ្ឋសភានៅចំពោះមុខគណៈកម្មការទី ៣ និងគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិយាយថា សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលក្រសួងកសិកម្មបានខិតខំកសាងដោយមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការក្នុងគោលបំណងចាំបាច់មួយ គឺរៀបចំចងក្រងឯកសារគតិយុត្តពេញលេញមួយ និងមានអំណាចគ្រប់គ្រាន់លើវិសាលភាពនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
លោក វេង សាខុន បានបញ្ជាក់ថា៖ «គោលបំណងនៃសេចក្តីព្រាងច្បាប់នេះគឺធានាដល់ការគ្រប់គ្រង ការការពាររុក្ខជាតិ និងភូតគាមអនាម័យលើកសិផលទាំងនាំចេញ និងនាំចូល ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងបំពេញសេចក្តីត្រូវការរបស់សង្គម និងសេដ្ឋកិច្ចជាតិ»។
លោក សម វិទូ អ្នកប្រឹក្សាឯករាជ្យ ផ្នែកវិស័យកសិកម្មកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១៧ ខែមីនាថា ជាទូទៅប្រទេសនីមួយៗត្រូវមានច្បាប់ការការពាររុក្ខជាតិ និងភូតគាមអនាម័យរៀងៗខ្លួន ដើម្បីបញ្ចៀសបញ្ហាដែលកើតដោយសារការឆ្លងមេរោគពីកសិផលនាំចូល និងការលួចចម្លងហ្ស៊ែនរបស់រុក្ខជាតិជាដើម។
លោកបញ្ជាក់ថា៖ «កន្លងទៅ ដូចជាផលិតផលស្វាយកម្ពុជាជាដើម ដែលយើងបាននាំចេញទៅប្រទេសចិន គឺត្រូវទទួលការត្រួតពិនិត្យតឹងរ៉ឹងណាស់ពីគយចិន ព្រោះផលិតផលកសិកម្មទាំងនេះអាចនាំមេរោគ ឬសមាសភាពចង្រៃទៅចម្លងដល់រុក្ខជាតិនៅប្រទេសគេបាន ហើយនេះជាចំណុចសំខាន់ដែលកម្ពុជាក៏ត្រូវតែមានច្បាប់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន»។
លោកបន្ថែមថា នៅពេលដែលមានច្បាប់នេះ ក្រសួងពាក់ព័ន្ធគួរតែគិតគូរបន្ថែមទៅលើឧបករណ៍ ដើម្បីពិសោធចល័តឱ្យបានគ្រប់កន្លែងច្រកចេញ-ចូលដែលមានទំនិញ ពិសេសកសិផលចូលមក ដើម្បីជំរុញការអនុវត្តច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យឱ្យមានប្រសិទ្ធភាព។
បើតាមលោករដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់នេះមានអត្ថប្រយោជន៍សំខាន់ៗដូចជា គ្រប់គ្រង ការពាររុក្ខជាតិ និងការអនុវត្តវិធានការភូតគាមអនាម័យ, គាំទ្រគោលនយោបាយ និងយុទ្ធសាស្ត្រជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម, ជាឧបករណ៍បទដ្ឋានគតិយុត្តក្នុងការអនុវត្តវិធានការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីទប់ស្កាត់ការបង្ក ការរាតត្បាត និងការបំផ្លាញពីសំណាក់សមាសភាពចង្រៃគ្រប់ប្រភេទ, គ្រប់គ្រងសុខភាពរុក្ខជាតិ លើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាព, រក្សាអធិបតេយ្យភាព និងសន្តិសុខភូតគាមអនាម័យតាមរយៈការទប់ស្កាត់ការហូរចូលផលិតផលកសិកម្មដែលអាចមានផ្ទុកសមាសភាពចង្រៃ និងសារធាតុបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈជាដើម។
ទិន្នន័យក្រសួងកសិកម្មបង្ហាញថា ក្នុងឆ្នាំ ២០២១ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសក្នុងបរិមាណជិត ៨ លានតោនកើនឡើងជាង ៣,១ លានតោន ស្មើនឹង ៦៣,៨៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២០៕ LA