ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា លោក Eldeen Husaini Hohd Hashim បាន​សន្យា​នឹង​កៀរគរ​វិនិយោគិន​របស់​ខ្លួន​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​លើ​វិស័យ​មួយចំនួន​ដូចជា ទេសចរណ៍ អចលនទ្រព្យ ពាណិជ្ជកម្ម កសិកម្ម និង​វិស័យ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ នៅ​ទឹកដី​ខេត្ត​កំពង់ស្ពឺ នាពេលខាងមុខ​ បន្ទាប់ពី​មើលឃើញ​ពី​សក្តានុពល​សេដ្ឋកិច្ច​ក្នុង​ខេត្ត​មួយ​នេះ​។

ការសន្យា​របស់លោក Eldeen Husaini Hohd Ha-shim បាន​ធ្វើឡើង​ក្នុងពេល​ដឹកនាំ​គណៈប្រតិភូ​ទៅ​ទស្សនកិច្ច​ស្វែងយល់​ពី​សក្តានុពល​របស់​ខេត្តកំពង់ស្ពឺ និង​បាន​ជួបពិភាក្សា​ជាមួយ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​ ១៦ ខែមីនា ឆ្នាំ​ ២០២២ នៅ​សាលាខេត្ត​កំពង់ស្ពឺ​។

លោក​ឯកអគ្គរដ្ឋទូត បាន​និយាយ​ថា នៅពេល​អ្នកវិនិយោគ​ម៉ាឡេស៊ី​ចូលមក​បណ្ដាក់ទុន​ក្នុង​ខេត្ត​កំពង់ស្ពឺ ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​នេះ​នឹង​ទទួលបាន​ប្រាក់ចំណូល​បន្ថែមទៀត​។

អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ខែមីនា​ថា មូលហេតុ​ដែល​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី ចាប់អារម្មណ៍ និង​មានបំណង​កៀរគរ​វិនិយោគិន​ខ្លួន​ឱ្យ​ចូលមក​វិនិយោគ​នៅក្នុង​ខេត្តកំពង់ស្ពឺ​គឺ​ដោយសារ​ខេត្ត​នេះ​មាន​សក្តានុពល​លើ​វិស័យ​ជាច្រើន ព្រមទាំង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ល្អប្រសើរ​ផងដែរ​។

លោក​បន្តថា មួយវិញទៀត​លោក​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ក៏​ទទួលបាន​ការចង្អុលបង្ហាញ​ពី​នាយករដ្ឋមន្ត្រី​របស់គាត់​ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ជួបពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុងខែ​កុម្ភៈ​។

លោក​បន្ថែមថា​៖ «​យើង​រីករាយ​ប្រសិនបើ​គេ​មក​បណ្តាក់ទុន​វិនិយោគ ព្រោះ​ស្មើនឹង​គេ​រក​ការងារ​ឱ្យ​ប្រជាពលរដ្ឋ​យើង​ធ្វើ​។ នៅពេល​មាន​ការងារ​ធ្វើ ប្រជាពលរដ្ឋ​នឹងមាន​ប្រាក់​ចំណូល​។ មិន​ត្រឹម​តែមាន​ប្រាក់​ចំណូល​ប៉ុណ្ណោះ​ទេ សេដ្ឋកិច្ច​ក៏​នឹង​កើន​ទៅតាម​ហ្នឹង​ដែរ​»​។

លោក សំណាង បានបញ្ជាក់​ទៀតថា នៅពេល​មាន​អ្នក​វិនិយោគ​ចូលមក​បណ្តាក់ទុន ក្នុងនាម​អាជ្ញាធរ​នឹង​ខំ​ជួយ​សម្រួល​ធ្វើយ៉ាងណា​ឱ្យ​ការបណ្តាក់ទុន​នោះ​មាន​ដំណើរការ​ទៅមុខ​ដោយ​រលូន ដើម្បី​ធ្វើឱ្យ​អ្នក​វិនិយោគ​មាន​ទំនុកចិត្ត​។ បើសិន​មិនមាន​ការយកចិត្ត​ទុកដាក់ ពួកគេ​នឹង​បង្វែរ​ទៅ​វិនិយោគ​នៅ​ប្រទេស​ផ្សេង​ដែល​នឹង​ធ្វើឱ្យ​ខាត​ប្រយោជន៍​ជាតិ ពិសេស​គឺ​ប្រជាជន​មិនមាន​ការងារ​។

បើតាម​លោក សំណាង ពេលនេះ​ក៏មាន​វិនិយោគិន​ម៉ាឡេស៊ី​កំពុង​បណ្តាក់ទុន​ក្នុង​ខេត្ត​កំពង់ស្ពឺ​ផងដែរ​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​លើ​វិស័យ​អគ្គិសនី​ដូចជា​ខ្សែភ្លើង និង​អំពូល​ភ្លើង​។

ក្នុង​ជំនួប​ពិភាក្សា​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី Ismail Sabri Yaakob កាលពីថ្ងៃ​ទី ​២៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ ភាគី​ទាំង​ ​២ ​បាន​ពិភាក្សាគ្នា​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រួមមាន វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ សេដ្ឋកិច្ច-​សង្គម ការពារជាតិ សន្តិសុខ និង​ការស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​។

ក្នុង​ជំនួប​នោះ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង ​២​ ក៏បាន​លើក​ទឹកចិត្ត​ដល់​ធុរជន និង​អ្នក​វិនិយោគ​ឱ្យ​ស្វែងរក​កាលានុវត្តភាព​បន្ថែមទៀត​អំពី​ឱកាស​អាជីវកម្ម និង​វិនិយោគ​ក្នុងប្រទេស​ទាំង​ ២ ដោយ​ប្រទេស​ទាំង​ ២ ​មាន​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​បង្ការ​ការ​គេចពន្ធ​ទាក់ទង​ការយកពន្ធ​លើ​ប្រាក់ចំណូល​រវាង​ប្រទេស​ទាំង​ ២​ ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២១ និង​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​ដែល​នឹង​ផ្តល់នូវ​ក្របខ័ណ្ឌ​ច្បាប់​បើកចំហ​មាន​តម្លាភាព អាច​ព្យាករ​បាន និង​មាន​ប្រសិទ្ធភាព​ជាង​មុន​សម្រាប់​ការវិនិយោគ​។

តាម​ទិន្នន័យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បង្ហាញថា គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​របស់​ប្រទេស​ម៉ាឡេស៊ី​ចំនួន ១៦២ ក្រោម​ទុនវិនិយោគ ៣,១៥​ ពាន់​លាន​ដុល្លារ​៕ LA