
ស្ត្រីម្នាក់កំពុងស្វែងរកទិញផលិតផលសម្រាប់ប្រើប្រាស់តាមប្រព័ន្ធអនឡាញ។ ហុង មិនា
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារពេលការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) រហូតដល់ដើមខែមេសា ឆ្នាំ ២០២២។
ការសម្រេចនេះត្រូវបានលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងកិច្ចពិភាក្សាស្តីពីពន្ធលើប្រាក់ចំណូល ពន្ធលើចំណេញមូលធន អតប ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។
លោក គង់ វិបុល បានលើកឡើងថា ចំពោះនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ បានធ្វើការផ្សព្វផ្សាយជាច្រើនលើកហើយ។ នៅពេលនេះរាជរដ្ឋាភិបាលបានសម្រេចពន្យារលើការអនុវត្តនៃពន្ធប្រភេទនេះរហូតដល់ដើមខែមេសា ឆ្នាំ ២០២២។
លោកបញ្ជាក់ថា៖ «ការពន្យារពេលនេះ គឺដើម្បីឱ្យវិស័យឯកជន (អាជីវកម្មតាមអនឡាញ) មកចុះបញ្ជីក៏ដូចជា ត្រៀមលក្ខណៈឱ្យបានរួចជាស្រេច មុននឹងចាប់អនុវត្ត ដើម្បីឱ្យមានភាពរលូនកុំឱ្យមានបញ្ហា។ រាជរដ្ឋាភិបាលបានសម្រេចថា ឱ្យពន្យារពេលរហូតដល់ថ្ងៃទី ១ ខែមេសា»។
បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ចាប់តាំងពីមានការប្រកាសមក មានក្រុមហ៊ុនបរទេស និងសហគ្រាសមួយចំនួនបានទៅចុះបញ្ជីហើយ រួមមាន ក្រុមហ៊ុន Microsoft, សូហូ អបផើរេសិន, Master car, Tik Tok ខណៈក្រុមហ៊ុន Google ក៏បានចាប់ផ្តើមដំណើរការឯកសារចុះបញ្ជីជាបណ្តើរៗដែរ ដើម្បីអនុវត្តអាករលើតម្លៃបន្ថែមលើទំនិញ និងសេវាឌីជីថល ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។
ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (អនឡាញ) សំដៅដល់សកម្មភាពទិញ លក់ ជួល ផ្លាស់ប្តូរទំនិញ ឬសេវាកម្ម ដោយរាប់បញ្ចូលទាំងសកម្មភាពពាណិជ្ជកម្ម និងរដ្ឋប្បវេណីតាមប្រព័ន្ធអេឡិចត្រូនិក។
លោក រិន សុក្រិត្យ នាយកប្រតិបត្តិក្រុមហ៊ុន សុក្រិត្យ អេន ពិភារ ខសម៉េកទិក ដែលជាក្រុមហ៊ុននាំចូលផលិតផលថែរក្សាសម្រស់តាមប្រព័ន្ធអនឡាញបានប្រាប់ថា ក្រុមហ៊ុនរបស់លោកបានចុះបញ្ជីរួចរាល់ហើយតាមការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារដែលបានផ្សព្វផ្សាយ។
យ៉ាងណាមិញ លោកបានបន្ថែមថា ចំពោះការសម្រេចពន្យារពេលការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករហូតដល់ដើមខែមេសានេះ គឺជាសម្រេច និងយោគយល់ពីរដ្ឋាភិបាល ដែលអាចអនុញ្ញាតឱ្យអ្នកបើកអាជីវកម្មតាមអនឡាញមានការយល់ដឹងកាន់តែច្បាស់ ខណៈវិស័យនេះទើបតែចាប់ផ្តើមរីកចម្រើន។
លោកបញ្ជាក់ថា៖ «ជារឿងល្អដែលអ្នកប្រកបអាជីវកម្មអនឡាញត្រូវតែ ចុះបញ្ជីឱ្យបានត្រឹមត្រូវនៅក្រសួងស្ថាប័នពាក់ព័ន្ធ ព្រោះនេះជាការរកស៊ីប្រកបដោយការទទួលខុសត្រូវ ខណៈមានអ្នកលក់អនឡាញខ្លះមិនទាន់ចុះបញ្ជីត្រឹមត្រូវនៅឡើយ។ ការចូលរួមបង់ពន្ធបានត្រឹមត្រូវគឺជាកាតព្វកិច្ចរបស់យើង»។
អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានជាង ៥១២ លានដុល្លារក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២២ កើនឡើងជិត ២៣ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ នឹងត្រូវប្រមូលថវិកាឱ្យបាន ២ ៨១៩,៥៤ លានដុល្លារ៕ LA