ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧ នៅ​ថ្ងៃទី​២១ ខែ មីនា ខាងមុខនេះ ដើម្បី​បន្ត​ពង្រឹង និង​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យនេះ​ស្របតាម​បរិការណ៍​កម្ពុជា​។​

​យោងតាម​សេចក្តីជូនដំណឹង ក្រសួង​សេដ្ឋកិច្ច ដែល​បានចេញ​កាលពី​ថ្ងៃទី ​១៧ ខែមីនា បាន​បង្ហាញថា ការដាក់ឱ្យ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​នេះ នឹងមាន​ការចូលរួម​ពី​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ថ្នាក់ដឹកនាំ និង​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​, ស្ថានទូត​, ដៃគូ អភិវឌ្ឍន៍​, សង្គម​ស៊ីវិល​, សមាគម​ធុរកិច្ច និង​វិស័យ​ឯកជន តាម​ប្រព័ន្ធ វីដេអូ​ពី​ចម្ងាយ​។

​ក្នុង​លិខិត​ដដែល​នេះ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពិនិត្យឃើញ​ពី​សារៈសំខាន់ និង​ភាពចាំបាច់ ក្នុងការ​រៀបចំ និង​ដាក់ឱ្យអនុវត្ត​នូវ «​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧» សំដៅ​កំណត់​នូវ ចក្ខុវិស័យ​រួម គោលបំណង គោលដៅ និង​វិធានការ​ជា​យុទ្ធសាស្ត្រ ដើម្បី​បន្ត​ពង្រឹង និង​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យនេះ​ស្របតាម​បរិការណ៍​កម្ពុជា​ដែល​ស្ថិតក្នុង​ស្ថានភាព​ទ្វេ​ទិស មាន​ទាំង​បញ្ហា​ប្រឈម និង​កាលានុវត្តភាព ព្រមទាំង​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ​និម្មាបនកម្ម​តំបន់ និង​ពិភពលោក​។

​ជាមួយគ្នានេះដែរ ចក្ខុវិស័យ​នៃ​យុទ្ធសាស្ត្រ គឺ​ការអភិវឌ្ឍ​វិស័យនេះ ឱ្យទៅជា​ឧស្សាហកម្ម ដែលមាន​ចីរភាព​បរិស្ថាន មាន​ភាព​ធន់ មានតម្លៃ​បន្ថែម​ខ្ពស់ ផ្ដោតលើ ផលិតផល​ថ្លៃ​ខ្ពស់ និង​មាន​លក្ខណពិសេស មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ និង​ជា​មូលដ្ឋាន​គាំទ្រ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។​

​នៅក្នុង​វេទិកាសាធារណៈ​ស្តីពី ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ​២០២២ កាល​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា វិស័យ​កាត់ដេរ​ជា​វិស័យ​ចន្ទល់​សេដ្ឋកិច្ច​សំខាន់​សម្រាប់​កម្ពុជា ដូចនេះ ចាប់តាំងពី​ឆ្នាំ​២០២០​មក ក្រសួង​មានការ​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​។

​លោក​បាន​បន្ថែមថា នៅក្នុង​រយៈពេល ២០​ឆ្នាំ​កន្លងមកនេះ តម្លៃបន្ថែម​នៅក្នុង​វិស័យ​កាត់ដេរ គឺ​ស្ថិតនៅ​ទាប​នៅឡើយ ព្រោះ​ទំនិញ​ដែល​កម្ពុជា​ផលិត នៅមាន​លក្ខណៈសាមញ្ញ ដូចនេះ​ដើម្បីឱ្យ​វិស័យនេះ ទទួលបាន​តម្លៃ​ខ្ពស់ ហើយ​អាច​ផលិត​ទំនិញ​ល្អប្រសើរ​ជាង​មុន​បាន ដែល​សុទ្ធសឹងតែ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​យុទ្ធសាស្ត្រ​នេះ​។​

​លោក លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា បាន​ប្រាប់ថា យុទ្ធសាស្ត្រ​នេះ នឹង​ជំរុញ​និង​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​បន្ថែមទៀត នៅក្នុង​វិស័យ​កាត់ដេរ​ស្បែកជើង​នៅ​កម្ពុជា ខណៈដែល​ច្បាប់​វិនិយោគ​ថ្មី និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា នឹង​ជំរុញ​កំណើន​នៃ​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ​ទៅ​ក្រៅប្រទេស​៕