ទីក្រុងប៉ារីសៈ ក្រុមហ៊ុន​ថាមពល​ TotalEnergies របស់​ប្រទេស​បារាំង​បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹងមិន​ស្វែងរក​សំណង​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​ការសម្រេចចិត្ត​ដកខ្លួន​ចេញពី​អាជីវកម្ម​បូម​ប្រេង​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដោយសារ​ការព្រួយបារម្ភ​អំពី​ការរំលោភសិទ្ធិ​មនុស្ស​ក្រោយ​រដ្ឋប្រហារ​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន​ថាមពល​យក្ស​របស់​បារាំង និង​ដៃគូ​អាមេរិក Chevron បានប្រកាស​កាលពី​ខែមករា​ថា ពួកគេ​នឹង​ដកខ្លួន​ចេញពី​កន្លែង​ឧស្ម័ន Yadana ដោយ​ក្រុមហ៊ុន TotalEnergies បានលើកឡើង​ពី​ស្ថានភាព «​កាន់តែ​អាក្រក់​» សម្រាប់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​។

ក្រុមហ៊ុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ «​ដោយ​គិតពី​ស្ថានភាព​ពិសេស ក្រុមហ៊ុន TotalEnergies បានជ្រើសរើស​ដកខ្លួន​ចេញពី​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​មិន​ស្វែងរក​សំណង​ផ្នែក​ហិរញ្ញវត្ថុ​ណាមួយ​សម្រាប់​ទ្រព្យសម្បត្តិ​របស់ខ្លួន​»​។

តំបន់​ប្រេង​នៅ​សមុទ្រ Andaman ផ្តល់​អគ្គិសនី​ដល់​មីយ៉ាន់ម៉ា និង​ប្រទេស​ថៃ​ជិតខាង​។

ក្រុមហ៊ុន TotalEnergies បាន​រង​សម្ពាធ​ពី​ក្រុម​សិទ្ធិមនុស្ស ដើម្បី​កាត់ផ្តាច់​ទំនាក់ទំនង​ហិរញ្ញវត្ថុ​របស់ខ្លួន​ទៅនឹង​របប​យោធា ចាប់តាំងពី​កងទ័ព​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២១​។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​និយាយថា គម្រោង​ឧស្ម័ន​ធម្មជាតិ​ជាច្រើន​គឺជា​ប្រភព​ចំណូល​រូបិយប័ណ្ណ​បរទេស​ដ៏សំខាន់ និង​ធំ​បំផុត​តែមួយគត់​របស់​ប្រទេស​មីយ៉ាន់ម៉ា ដែលមាន​ចំនួន​ច្រើនជាង ១​ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​។

ក្រុមហ៊ុន TotalEnergies បាន​និយាយថា ការដកខ្លួន​ចេញពី Yadana និង​បំពង់​បង្ហូរ​ប្រេង MGTC នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​ ២០ ខែកក្កដា​។

ភាគហ៊ុន ៣១,៤ ​ភាគរយ​របស់​ក្រុមហ៊ុន​នៅក្នុង​តំបន់​ឧស្ម័ន Yadana គឺជា​ក្រុមហ៊ុន​ដ៏ធំ​បំផុត​នៅក្នុង​សម្ព័ន្ធ​ក្រុមហ៊ុន ដែល​រួមមាន​ក្រុមហ៊ុន Chevron ក្រុមហ៊ុន​ថៃ PTTEP និង​ក្រុមហ៊ុន MOGE ដែល​គ្រប់គ្រង​ដោយ​កងទ័ព​របស់​ប្រទេស​មីយ៉ាន់ម៉ា​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​បារាំង​នឹងត្រូវ​កាន់កាប់​ដោយ​ក្រុមហ៊ុន PTTEP របស់​ប្រទេស និង Chevron ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។

ខណៈពេល​ដែល​ឥឡូវនេះ​ក្រុមហ៊ុន Chevron នឹង​កាន់កាប់​ភាគហ៊ុន​ដ៏ធំ​បំផុត​នៅ ៤១,១​ ភាគរយ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អាមេរិក​បានបញ្ជាក់​ពី​ផែនការ​របស់ខ្លួន​ក្នុងការ​ចាកចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា ទោះបីជា​ក្រុមហ៊ុន​នេះ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​ដើម្បី​ចាកចេញ​ពី​ប្រតិបត្តិការ​អាជីវកម្ម​ប្រេង​ក្នុងប្រទេស​នេះ​ក្តី​។

អ្នកនាំពាក្យ​រូបនេះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌​មានបារាំង AFP ថា Chevron បាន​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​ដែលមាន​របៀប​រៀបរយ និង​មាន​ផែនការ​គ្រោងទុក​ជាមុន​ឱ្យបាន​រួចរាល់​។

ក្រុមហ៊ុន PTTEP បានឱ្យដឹង​នៅ​ដើម​សប្តាហ៍​នេះ​ថា ខ្លួន​នឹង​ទទួលយក​ការដំណើរការ​នៃ​តំបន់​ឧស្ម័ន​ Yadana ក្នុង​ខែកក្កដា​៕ RR

វីដេអូ៖