
ភ្នំពេញៈ ធនាគារជាតិ នៃកម្ពុជា (NBC) នឹងរៀបចំឱ្យមានការប្រកួតប្រជែងលើការសិក្សាស្រាវជ្រាវលើបញ្ហាផលប៉ះពាល់ចំពោះ សេដ្ឋកិច្ចកម្ពុជា អំឡុងពេល និងក្រោយវិបត្តិកូវីដ ១៩ ក្រោមប្រធានបទ ដំណើរឆ្ពោះទៅកាន់ការស្តារឡើងវិញ និងភាពធន់ក្រោយកូវីដ ១៩។
យោងតាមសេចក្តីជូនដំណឹង របស់ធនាគារជាតិ នៃកម្ពុជា បានបង្ហាញថា ធនាគារជាតិនៃកម្ពុជានឹងផ្តល់ការគាំទ្រ ព្រមទាំងការប្រឹក្សាយោបល់ចំពោះអត្ថបទស្រាវជ្រាវដែលត្រូវបានទទួលយក។បន្ទាប់ពីការជ្រាវ ត្រូវបានបញ្ចប់ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៩ នៅខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ និងពង្រឹងបណ្តាញទំនាក់ទំនងក្នុងការងារស្រាវជ្រាវនេះផងដែរ។ សន្និសីទនេះ ក៏មានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិផងដែរ។
ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា វិបត្តិជំងឺកូវីដ១៩បានធ្វើឱ្យភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែធ្ងន់ធ្ងរនៅតាមបណ្តាប្រទេសនានា។ រយៈពេល និងទំហំនៃផលប៉ះពាល់អាស្រ័យទៅលើសមត្ថភាពរបស់ ប្រទេសនីមួយៗក្នុងការឆ្លើយតបទៅនឹងវិបត្តិ ដែលផ្សារភ្ជាប់ជាមួយនឹងស្ថានភាពសង្គមនិងសេដ្ឋកិច្ច មុនពេលមានវិបត្តិ ភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ សមត្ថភាពបច្ចេកទេសនិងហិរញ្ញវត្ថុចំពោះការអនុវត្តគោលនយោបាយគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ហើយសំខាន់ជាងនេះគឺការទទួលបានវ៉ាក់សាំង។
ធនាគារជាតិបានបញ្ជាក់ទៀតថា ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានប្រាក់ចំណូលទាបជាច្រើន បាននិងកំពុងប្រឈមនឹងការស្តារសេដ្ឋកិច្ចឡើងវិញ ដោយប្រទេសទាំងនោះកំពុងព្យាយាមស្វែងរក មធ្យោបាយដើម្បីគាំទ្រការវិនិយោគ លើកកម្ពស់ឌីជីថលូបនីយកម្ម អនុវត្តកំណែទម្រង់ជារចនាសម្ព័ន្ធ ជាដើម។កម្ពុជាក៏មិនខុសពីប្រទេសដទៃទៀតដែរ។ ដើម្បីសម្រេចបាននូវការស្តារឡើងវិញដោយរលូន និងកំណើនប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងកំណែទម្រង់ផ្សេងៗ ដើម្បីការពារវិស័យងាយរងគ្រោះបំផុត និងគាំទ្រដល់វិស័យដែលមានសក្តានុពលក្នុងគោលបំណងលើកកម្ពស់ផលិតភាពរបស់ពួកគេ។ ទន្ទឹមនេះ វិស័យឯកជនក្នុងគោលដៅជួយរាជរដ្ឋាភិបាលជំរុញ សកម្មភាពសេដ្ឋកិច្ចដែលកំពុងមានដំណើរការ ក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផងដែរ។ ស្ថាប័នហិរញ្ញវត្ថុ ជាពិសេសធនាគារនៅតែមានតួនាទីសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់សេដ្ឋកិច្ច និងគាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញ។
ដើម្បីជំរុញការស្រាវជ្រាវលើបញ្ហាទាំងនេះ ធនាគារជាតិនៃកម្ពុជាបានជ្រើសរើសប្រធានបទស្រាវជ្រាវឆ្នាំនេះសម្រាប់សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៩ ឆ្នាំ២០២២ ស្តីពី៖ "ដំណើរឆ្ពោះទៅកាន់ការស្តារឡើងវិញ និងភាពធន់ក្រោយកូវីដ១៩”។
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើខ្លឹមសារស្រាវជ្រាវសង្ខេប សំណើស្រាវជ្រាវ ឬ អត្ថបទស្រាវជ្រាវពេញលេញអមជាមួយប្រវត្តិរូបសង្ខេបមកកាន់នាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និង សហប្រតិបត្តិការអន្តរជាតិ ដើម្បីពិនិត្យលក្ខណសម្បត្តិ។ ការផុតកំណត់នៃការទទួលសំណើស្រាវជ្រាវនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២, ការជូនដំណឹងស្តីពីសំណើស្រាវជ្រាវដែលត្រូវបានជ្រើសរើសនៅ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២, ការផុតកំណត់នៃការទទួលអត្ថបទស្រាវជ្រាវពេញលេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ការរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩៖ ខែវិច្ឆិកា ឆ្នាំ២០២២។
ធនាគារជាតិនៃកម្ពុជានឹងជ្រើសរើសយកអត្ថបទស្រាវជ្រាវដែលមានគុណវុឌ្ឍដើម្បីចូលរួម ធ្វើបទបង្ហាញនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩នេះ។ ម្ចាស់អត្ថបទស្រាវជ្រាវដែលបានធ្វើបទបង្ហាញនៅក្នុងសន្និសីទនឹងទទួលបាននូវរង្វាន់លើកទឹកចិត្តហើយអត្ថបទស្រាវជ្រាវ នឹងត្រូវបានបោះផ្សាយជាកាលិកបត្រស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា៕