
ភ្នំពេញៈ ជាអតីតផ្លូវរថភ្លើងក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ព្រឹកដល់ពាក់កណ្តាលអធ្រាត្រសំឡេងម៉ាស៊ីនដេរលាន់លឺរ៉ាវៗជាប់គ្នាមិនដាច់ចេញពីផ្ទះឈើលើថ្មក្រោមមួយខ្នងនៅជាប់នឹងផ្លូវបេតុងតូចមួយដែលនោះជាផ្ទះរបស់អ្នកស្រី ឌួង ស៊ីណែត ដែលពោរពេញទៅដោយក្រណាត់ចម្រុះពណ៌ គ្រប់ប្រភេទគរលើគ្នាស្អេកស្កះ និងម៉ាស៊ីនដេរជាង១០គ្រឿង ដែលមានសុភាពនារីជាង១០នាក់កំពុងញាប់ដៃញាប់ជើង ក្នុងការកាត់និងដេរសម្លៀកបំពាក់រាប់រយឈុតក្នុងមួយថ្ងៃៗ។
ស្ថិតក្នុងវ័យ ៣៨ឆ្នាំ បានរៀបការរួច និងមានបុត្រីម្នាក់អាយុជាង១ខួបអ្នកស្រី ស៊ីណែត ដែលជាអតីតកម្មការិនីកាត់ដេរម្នាក់ ដោយបានបម្រើការងារនៅក្នុងរោងចក្រអស់ជិត១០នៅ ម្តុំផ្សារទួលសង្កែនិងបានទទួលប្រាក់បៀវត្សត្រឹមតែអាចផ្គត់ផ្គង់ការចាយវាយប្រចាំថ្ងៃ តែមិនមានសល់សោះនោះ អ្នកស្រីបានចាប់ផ្តើមធ្វើការបណ្តើរ ហើយរៀនកាត់ដេរសម្លៀកបំពាក់បណ្តើរ ដោយរំពឹងថា នឹងអាចបើកហាងកាត់ដេរសម្លៀកបំពាក់ផ្ទាល់ខ្លួននៅថ្ងៃណាមួយ។ នៅក្នុងអំឡុងឆ្នាំ២០០៨ អ្នកស្រីស៊ីណែត បានសម្រេចឈប់ពីការងារ និងបានចាប់ផ្តើមអាជីវកម្មកាត់ដេរសម្លៀកបំពាក់ផ្ទាល់ខ្លួន ជាមួយម៉ាស៊ីនដេរ២គ្រឿង។
អ្នកស្រីបានប្រាប់ថា៖«ដោយសារខ្ញុំមានស្គាល់អ្នកលក់សម្លៀកបំពាក់សម្រាប់ចូលរួមកម្មវិធីផ្សេងៗនៅផ្សារអូរឬស្សី និងផ្សារអូឡាំពិក គេបានឱ្យខ្ញុំយកក្រណាត់មកដេរអាវទាំងអស់នោះ ដោយអាវមួយគេឱ្យតម្លៃ២ម៉ឺនរៀល ហើយខ្ញុំបានចាប់ផ្តើមទិញម៉ាស៊ីនដេរ២គ្រឿង និងសម្ភារមួយចំនួនទៀត ដើម្បីប្រើប្រាស់ក្នុងការកាត់ដេរ»។
អ្នកស្រី ស៊ីណែត អាចរកចំណូលបានច្រើនជាង៥លានរៀល ឬលើសពីនេះ ក្នុងមួយខែៗ។លុះដោយមើលឃើញពីតម្រូវការមានការកើនឡើង អ្នកស្រី ស៊ី ណែត បានប្រមូលបងប្អូនមកធ្វើជាមួយ ដោយចែកភាគរយគ្នា និងបានបង្កើនចំនួនម៉ាស៊ីនដេរជាបន្តបន្ទាប់។ ទោះបីជាមុខរបរកាត់ដេរនេះ ហាក់ដូចជាកាក់កបមែន ប៉ុន្តែអ្នកស្រីមិនមានថវិកាផ្ទាល់ខ្លួន ក្នុងការពង្រីកអាជីវកម្មនេះនោះទេ ដូចនេះអ្នកស្រីបានសម្រេចចិត្តខ្ចីធនាគារបន្ថែមចំនួន៥ពាន់ដុល្លារ។
« ចាប់របរនេះ បានមួយរយៈ ខ្ញុំឃើញថាកាក់កបគ្រាន់បើ ម្ល៉ោះហើយខ្ញុំក៏ពិភាក្សាជាមួយប្តីថា គួរពង្រីកថែមទើបបាន បើយើងចង់ចំណេញច្រើនជាងនេះ ប៉ុន្តែយើងមានលុយទាំងដុំទៅទិញសម្ភារថែម យើងក៏គិតថា មានតែទៅចងការប្រាក់ពីអ្នករកស៊ីចងការលុយឯកជន។ ប៉ុន្តែយើងសម្រេចចិត្តមិនខ្ចីវិញ ព្រោះការប្រាក់ថ្លៃពេក និងត្រូវមានវត្ថុបញ្ចាំទៀត ក្រោយមកយើងក៏សម្រេចទៅខ្ចីពីធនាគារវិញនៅអំឡុងឆ្នាំ២០១០។ ដំបូងប្តីខ្ញុំថា ខ្លាចធនាគារគេមិនឱ្យ ព្រោះគាត់គិតថា គេឱ្យតែអ្នកធ្វើការងារប៉ុណ្ណោះ អ្នករកស៊ីមិនងាយទេ ប៉ុន្តែជាក់ស្តែង ធនាគារ បានសម្រេចឱ្យយើងខ្ចី ព្រោះឃើញថា ខ្ញុំមានអាជីវកម្មនិងចំណូលច្រើនគួរសម ហើយទៀងទាត់ច្បាស់លាស់ និងមានទ្រព្យបញ្ចាំសមស្រប ដែលគេទទួលយកបាន»។
ក្រោយពីកម្ចីសម្រាប់អាជីវកម្ម ត្រូវបានសងរួចរាល់ ក្នុងរយៈពេល២ឆ្នាំ ហើយអាជីវកម្មកាន់តែរីកចម្រើនផងនោះ អ្នកស្រីបានបង្កើនចំនួនដេរដល់ជាង១០គ្រឿង និងមានកូនជាងប្រមាណ១០នាក់ និងរថយន្តមួយគ្រឿងសម្រាប់ដឹកអីវ៉ាន់។ ភាពរីកចម្រើននៃអាជីវកម្មនេះ បានជំរុញឱ្យអ្នកស្រី ស៊ីណែត បន្តកម្ចីពីធនាគារបន្ថែមទៀត ដើម្បីទិញលំនៅឋានសមរម្យមួយ។
អ្នកស្រីចាន់ ស៊ីនឿន ជាកូនជាងម្នាក់ របស់អ្នកស្រី ស៊ីណែត បានចាប់ផ្តើមការងារនេះកាត់ដេរនៅផ្ទះនេះ ជិតមួយឆ្នាំហើយ។ អ្នកស្រីថា មុខរបរងាយស្រួលជាង ធ្វើការរោងចក្រ និងបានលុយប្រហាក់ប្រហែលគ្នា ឬច្រើនជាង បើសិនជាខំប្រឹងដេរ។ ប៉ុន្តែនៅពេលដែលស្ថានជំងឺកូវីដ១៩ បានចូលមកដល់ និងជាពិសេសនៅពេលរាជរដ្ឋាភិបាលប្រកាសផ្អាករៀបចំកម្មវិធីផ្សេងៗទៀត ធ្វើឱ្យស្បើយការងារមួយរយៈពេល។
« ខ្ញុំដេរអាវសម្រាប់ពាក់ក្នុងកម្មវិធីមង្គលការហ្នឹង គឺចែកភាគរយពីមេជាង ដោយអាវមួយបានតម្លៃ១ម៉ឺនរៀល ហើយមួយថ្ងៃខ្ញុំដេរបាន៥ទៅ៦អាវដែរ ដូចនេះបានចំណូលបានប្រហែលធ្វើការរោងចក្រដែរ គ្រាន់តែថាមិនសូវហត់នឿយពេក យើងអាចមានពេលសម្រាក ឬឈប់បាន។ ប៉ុន្តែកាលពីជំងឺកូវីដផ្ទុះខ្លាំងដែលអាជ្ញាធរបានបិទខ្ទប់នោះ មេជាងបានផ្អាកយូរដែរ ទម្រាំតែគេបើកវិញ ធ្វើឱ្យបាត់ចំណូលច្រើន»។
ពិតណាស់ ក្នុងនាមជាមេជាងម្នាក់ អ្នកស្រី ស៊ីណែត ធ្លាប់តែរកចំណូលបានរាប់លានក្នុងមួយខែៗ បែរជាបាត់ចំណូលស្ទើរតែទាំងស្រុង ដោយបានបង្ខំឱ្យអ្នកស្រីយកលុយដែលខំសន្សំជាយូរមកដោះស្រាយជាបណ្តោះអាសន្ន នៅក្នុងគ្រានោះសិន។ ការអនុញ្ញាតឱ្យធនាគារឯកជន អាចរៀបចំឥណទានឡើងវិញនៅអំឡុងពេលនោះ បានជួយឱ្យអ្នកស្រីដោះស្រាយការលំបាកមួយគ្រាដែរ។
«កាលពីកូវីដផ្ទុះខ្លាំង ខ្ញុំត្រូវផ្អាកអាជីវកម្មច្រើនខែដែរ ទម្រាំគេបើកឡើងវិញ។កាលនោះ ខ្ញុំបារម្ភជាងគេ គឺគ្មានលុយបង់ធនាគារ ព្រោះថា លុយដែលខ្ញុំខំសន្សំ ត្រូវដកយកមកប្រើជិតអស់ តែសំណាងដែរ ដែលខាងធនាគារ គេឱ្យរៀបចំឥណទានឡើងវិញ ដូចនេះយើងអាចបង់តិចជាងមុន ទើបយើងចេះតែបង់បន្តៗមករហូត។ ឥឡូវគេឱ្យរៀបចំពិធីមង្គលការវិញហើយ ម៉ូយនៅផ្សារអូឡាំពិក និងផ្សារអូឬស្សីក៏កម្មង់ច្រើនធម្មតាវិញដែរ ដូចនេះ ខ្ញុំអាចមានលទ្ធភាពបង់ធនាគារធម្មតាវិញហើយ»។
វិស័យធនាគារនៅក្នុងប្រទេសកម្ពុជាគឺជាប្រព័ន្ធដែលមាន២ថ្នាក់ រួមមាន វិស័យសាធារណៈ (ធនាគារ ជាតិនៃកម្ពុជា) និងវិស័យឯកជន រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអង្គការ ក្រៅរដ្ឋាភិបាលមួយចំនួនដែលបានចូលរួមនៅក្នុងសកម្មភាពឥណទានជនបទ ។
រាជរដ្ឋាភិបាលកម្ពុជា រួមទាំងវិស័យឯកជន ធ្លាប់បានលើកឡើងថា វិស័យធនាគារនិងហិរញ្ញវត្ថុឯកជន គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។ តែសង្គមស៊ីវិលវិញ តាមរយៈរបាយការណ៍របស់ខ្លួន ធ្លាប់បានលើកឡើងថា ស្ថាប័នទាំង២នេះ ត្រូវតែពង្រឹងការផ្តល់កម្ចីដែលធានាមិនធ្វើឱ្យប៉ះពាល់ដល់ការរំលោភសិទ្ធិមនុស្ស។
តើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ពិតជាបានរួមចំណែកក្នុងការលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជាមែន ឬយ៉ាងណា?
អេស៊ីលីដា ដែលជាគ្រឹះស្ថានធនាគារឯកជនមួយ ក្នុងចំណោមសមាជិកចំនួន៦៥ នៃសមាគមធនាគារនៅកម្ពុជាបានឱ្យដឹងថា គិតមកត្រឹមដំណាច់ឆ្នាំ២០២១ នេះ ធនាគារ អេស៊ីលីដា បានផ្តល់កម្ចីសម្រាប់ការអភិវឌ្ឍអាជីវកម្មខ្នាតតូចដល់ទៅជាង៧០% នៃអតិថិជនឥណទានសរុបប្រមាណជាង៣២ម៉ឺនអតិថិជនរបស់ខ្លួន។ លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជានិងជាប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានប្រាប់ថា ទុនហិរញ្ញវត្ថុ គឺជាទុនមួយដ៏សំខាន់ទី៤ក្នុងចំណោមទុនធំៗទាំង៤ ដែលប្រើប្រាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសនីមួយៗ ហើយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គឺជាស្ថាប័នដែលផ្តល់ទុនហិរញ្ញវត្ថុនេះ។
លោកបញ្ជាក់ថា៖«តាមរូបភាពជាក់ស្តែង ដើម្បីឱ្យប្រជាជនអាចមានមុខរបរថ្មី ឬអាចមានប្រាក់ចំណូលបន្ថែម មានការងារធ្វើ នោះគាត់ត្រូវរកទុនពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រោះថានៅក្នុងប្រទេសណាក៏ដោយ ឱ្យតែមានប្រភពទុន គឺពិតរួមចំណែកក្នុងការអភិវឌ្ឍ។ ហើយដើម្បីឱ្យទុន ដែលពលរដ្ឋខ្ចីនោះយកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងមានការីកចម្រើននពិតប្រាកដ ក្រៅតែពីការផ្តល់ប្រាក់កម្ចីហើយ ធនាគារនឹងមានការតាមដាន និងប្រឹក្សាយោបល់លើអាជីវកម្មបន្ថែមទៀត ដើម្បីចៀសវាងការលិចលង់នឹងបំណុល»។
លោក សឿង ភ័ណ ប្រធានផ្នែកឥណទាន នៃធនាគារអេស៊ីលីដា បានឱ្យដឹងថា ដើម្បីចៀសវាងកើតមានឥណទានដែលខូច មន្ត្រីឥណទាននៃធនាគារនេះ បានពិនិត្យនិងអង្កេតយ៉ាងច្បាស់លាស់ ទៅលើអាជីវកម្ម ឬប្រភពចំណូលសមស្រប មានឯកសារសម្គាល់អត្តសញ្ញាណរបស់ខ្លួន មានទ្រព្យធានា(ករណីចាំបាច់) ជាដើម មុននឹងផ្តល់កម្ចីដល់អតិថិជន។
« យើងសង្កេតឃើញថា ប្រាក់កម្ចី ពិតជាបានជួយដល់ពួកគាត់ក្នុងការលើកស្ទួយជីវភាពរស់ នៅឱ្យកាន់តែប្រសើរឡើងជាលំដាប់ ព្រោះថា មុនពេលផ្តល់ប្រាក់កម្ចី ធនាគារបាន ពិនិត្យវិភាគ វាយតម្លៃ ប្រឹក្សាយោបល់ លើភាពសមស្របនៃការជ្រើសរើសយកទំហំទឹកប្រាក់កម្ចី អត្រាការប្រាក់ រយៈពេលខ្ចី របៀបសងត្រឡប់មកវិញ ការប្រើប្រាស់ប្រាក់កម្ចី ការយល់ដឹងពីការគ្រប់គ្រងចាត់ចែងធនធានហិរញ្ញវត្ថុ និងអាជីវកម្ម ។ ក្រោយពេលទទួលប្រាក់កម្ចី ធនាគារ នៅបន្តពិនិត្យ តាមដាន និង ប្រឹក្សាយោបល់ លើការប្រើប្រាស់ប្រាក់កម្ចី ការគ្រប់គ្រងចាត់ចែងធនធានហិរញ្ញវត្ថុ និងអាជីវកម្មថែមទៀត» ។
កាលពីខែសីហា ឆ្នាំ២០១៩ របាយការណ៍ស្ទង់មតិរបស់សង្គមស៊ីវិលចំនួន២ គឺអង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូ និងសមាគមធាងត្នោត ដែលមានចំណងជើងថា ការធ្វើឱ្យខូចខាតទ្រព្យបញ្ចាំ បានរកឃើញថា កម្រិតបំណុលកើនឡើងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងបង្ខំឱ្យពលរដ្ឋនៅតាមជនបទលក់ដីរបស់ពួកគេ។
របាយការណ៍ ដដែលនេះបានបង្ហាញទៀតថា ប្រជាពលរដ្ឋកម្ពុជាជាង ២លាននាក់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហើយនាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតនៃបំណុលរបស់ប្រជាពលរដ្ឋបានកើនឡើងកាន់តែខ្លាំងឡើងៗដែលនេះបណ្តាលឱ្យអាចកើតមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន រួមមានការបង្ខំឱ្យលក់ដីការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយសារបំណុល និងការបញ្ចាំខ្លួនដើម្បីដោះបំណុល។
ប៉ុន្មានថ្ងៃបន្ទាប់ពីរបាយការណ៍របស់សង្គមស៊ីវិលបានចេញផ្សាយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានធ្វើការរិះគន់ថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីតថភាពពិតនៅក្នុងវិស័យហិរញ្ញវត្ថុ ដោយបានផ្តោតតែលើគំរូតូចមួយនៃ អ្នកខ្ចីប្រាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលមិនបានឆ្លុះបញ្ចាំងតថភាពពិតនៅកម្ពុជា និង បានទទូចឱ្យអង្គការទាំង២ខាងលើនេះ បង្ហាញពីព័ត៌មានបន្ថែម អំពីរបាយការណ៍របស់ខ្លួន ដើម្បីបញ្ជាក់ពីការពិត និងសម្រាប់ឱ្យសមាគមមីក្រូហិរញ្ញវត្ថុអាចយកទៅសិក្សាស្រាវជ្រាវបន្ត។
ជាមួយគ្នាដែរ ធនាគារជាតិ បានយល់ស្របនឹងការឆ្លើយតបសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ចំពោះរបាយការណ៍នេះ ដែលកាលណោះ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា(NBC) បាននិយាយថា ការសិក្សានេះមិនមានភាពទូលំទូលាយលើវិស័យហិរញ្ញវត្ថុទេ ប៉ុន្តែក៏មិនបានច្រានចោលរបាយការណ៍នោះទាំងស្រុងដែរ ចំពោះការប៉ះពាល់ដល់២៨ គ្រួសារនោះ ប្រសិនបើជារឿងពិត។
លោកស្រី ជា សិរី ធ្លាប់លើកឡើងថា៖« ធនាគារជាតិនៃកម្ពុជា NBC នឹងធ្វើការស៊ើបអង្កេតនិងថ្កោលទោសចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលផ្តល់កម្ចីមិនគោរពក្រមសីលធម៌ »។
លោក គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់ជីវភាពគ្រួសាររបស់ពលរដ្ឋ ជាពិសេសអ្នកដែលអ្នកប្រកបអាជីវកម្មខ្នាតតូច ប៉ុន្តែវិស័យនេះ ហាក់បីដូចជាមានអត្រាការប្រាក់ខ្ពស់នៅឡើយសម្រាប់កម្ពុជា បើធៀបនឹងបណ្តាប្រទេសផ្សេងៗ។
អ្នកសេដ្ឋកិច្ចរូបនេះបន្តថា៖« បើនិយាយពីបញ្ហាហិរញ្ញប្បទាននេះ លុះត្រាតែមានការប្រកួតប្រជែងគ្នា ទើបអាចឱ្យពលរដ្ឋ អាចទទួលបានឥណទាន ក្នុងអត្រាការទាប និងផ្តល់ផលប្រយោជន៍បានច្រើនដល់អ្នកខ្ចី ។ម្យ៉ាងវិញទៀត ត្រូវមានការសិក្សាឱ្យបានច្បាស់អំពីការផ្តល់កម្ចី ដោយយើងស្នើដល់សមាគម(CMA)នេះ ក្រៅពីជួយដល់គ្រឹះស្ថានហិរញ្ញវត្ថុ គឺត្រូវជួយអ្នកខ្ចីផងដែរ ដើម្បីធានាថា អ្នកខ្ចីទៅ អាចយកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព»។
ក្នុងនាមកូនបំណុលរបស់ធនាគារម្នាក់ អ្នកស្រី ឌួង ស៊ីណែត យល់ឃើញថា ការខ្ចីបុលពីធនាគារ អាចរីកចម្រើនទៅបាន ល្គឹកណាតែ មានផែនការនិងគោលបំណងច្បាស់លាស់ ថាតើ ខ្ចីក្នុងគោលបំណងអ្វី ហើយមានលទ្ធភាពក្នុងការសងត្រលប់ទៅវិញឬអត់។
« តាមទស្សនៈខ្ញុំឃើញថា បំណុលមាន២ គឺបំណុលរីកចម្រើន និងបំណុលវ័ណ្ឌក បំណុលរីកចម្រើន គឺយើងខ្ចីគេយកមករកស៊ី យកមកធ្វើដើមទុនពង្រីកមុខរបរ តែបើខ្ចីយកមកលេងល្បែង ចាយវាយហ៊ឺហា សម្ភារនិយម នេះគេហៅថា បំណុលវ័ណ្ឌកហើយ»។នេះបើយោងតាមការលើកឡើងរបស់លោកស្រី ស៊ីណែត៕