ភ្នំពេញៈ ប្រធាន​នា​ធិបតី​ចិន សន្យាថា ចិន​នឹង​នាំចូល​អង្ករ​ឱ្យបាន​កាន់តែ​ច្រើនជាង​មុន ព្រមទាំង​ផលិតផល​កសិកម្ម​មួយចំនួនទៀត ដូចជា​ផ្លែ ចេក ស្វាយ និង​ផ្លែ​មៀន​ជាដើម បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន បាន​ចូល​ជា​ធរមាន​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទៅលើ​ចំណុច​ជាច្រើន​នៅក្នុង​កម្រិត​ទ្វេភាគី តំបន់ និង​បញ្ហា​របស់​ពិភពលោក​តាម​ទូរស័ព្ទ​ជាមួយ លោក ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា កាល​រសៀល​ថ្ងៃ ទី​១៨ ខែមីនា ឆ្នាំ​២០២២​នេះ លោក ស៊ី ជិន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បច្ចុប្បន្ន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន បាន​ចូល​ជា​ធរមាន ដូច្នេះ ចិន​នឹង​នាំចូល​អង្ករ​ឱ្យបាន​កាន់តែ​ច្រើនជាង​មុន ព្រមទាំង​ផលិតផល​កសិកម្ម​មួយចំនួនទៀត ដូចជា​ផ្លែ ចេក ស្វាយ និង​ផ្លែ​មៀន​ជាដើម ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។

​លោក​ប្រធានាធិបតី​ចិន​ថ្លែងថា​៖«​កម្ពុជា​ត្រូវ​ប្រើប្រាស់​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​និង​កម្ពុជា​ឱ្យបាន​ល្អប្រសើរ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ឈានដល់​កម្រិត​ថ្មី​មួយទៀត​។ ភាគី​ចិន​នឹង​បង្កើន​ការ​នាំចូល​កសិផល​គុណ​ភាព​ខ្ពស់​របស់​កម្ពុជា បង្កើត​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​បន្ថែមទៀត​ជាមួយ​ភាគី​កម្ពុជា​»​។​

​ជាមួយគ្នានេះដែរ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន​មានការ​កើនឡើង​ឆាប់រហ័ស និង​គម្រោង​កសាង​ធំៗ​ក្នុង​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​និង​ផ្លូវ​”​ត្រូវបាន​ដំណើរការ​យ៉ាង​រលូន បានបង្ហាញ​យ៉ាងច្បាស់​អំពី​សមិទ្ធផល​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​ចិន​និង​ការកសាង​សហគមន៍​វាសនា​រួម​រវាង​កម្ពុជា​-​ចិន បានបញ្ជាក់​យ៉ាងច្បាស់​អំពី​កម្ពុជា​និង​ចិន​គឺជា​បងប្អូន​ដែកថែប​យ៉ាងពិត​ប្រាកដ​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា​៖«​ភាគី​កម្ពុជា​រីករាយ​ចាប់យក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២​នៅ​ឆ្នាំក្រោយ​ជា​ឱកាស ដើម្បី​លើកកម្ពស់​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដូចជា សេដ្ឋកិច្ច​ពាណិជ្ជកម្ម កសិកម្ម និង​មនុស្សសាស្ត្រ​ជាដើម​ឱ្យ​កាន់តែ​ស៊ីជម្រៅ ជំរុញ​ការកសាង​រួមគ្នា​នៃ​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​និង​ផ្លូវ​”​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​ចិន​ឱ្យ​ឈានដល់​កម្រិត​ថ្មី​មួយទៀត​»​។

​តាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា នៅក្នុង​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​កម្ពុជា​និង​ចិន សម្រេចបាន​ទំហំ​ទឹកប្រាក់​ជិត​៨​ពាន់​លាន​ដុល្លារ កើនឡើង​៣៨,៣៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០៕​