
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម កំពុងពន្លឿនបញ្ចប់សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចពាណិជ្ជកម្ម និងបច្ចេកទេសរវាងកម្ពុជា-កាតា គោលបំណងទាញអត្ថប្រយោជន៍ជាអតិបរមាសម្រាប់កិច្ច សហប្រតិបត្តិការទ្វេភាគីនេះកាន់តែស៊ីជម្រៅនាពេលខាងមុខ។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំអន្តរក្រសួង កាលថ្ងៃទី១៦ ខែមីនា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើខ្លឹមសារ និងពន្លឿនបញ្ចប់សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងបច្ចេកទេសរវាងកម្ពុជា-កាតា ជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបចំនួន ១២ស្ថាប័ន។
លោកអនុរដ្ឋលេខាធិការ លើកឡើងថា ដោយបានឆ្លងកាត់ការចរចា និងការត្រួតពិនិត្យកម្រិតអន្តរក្រសួង ព្រមទាំងកម្រិតបច្ចេកទេសទ្វេភាគីជាច្រើនដងរួចមក ក្នុងគោលបំណងទាញអត្ថប្រយោជន៍ជាអតិបរមាសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅនាពេលខាងមុខ ភាគីទាំង២បានឯកភាពស្ទើរតែទាំងស្រុងលើខ្លឹមសារនៃសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះ ហើយអាចពន្លឿនបញ្ចប់សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងខាងលើ ដើម្បីអាចឈានដល់ការចុះហត្ថលេខា នាពេលវេលាសមស្របខាងមុខ។
លោកបានបញ្ជាក់ថា សេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងបច្ចេកទេសរវាងកម្ពុជា និងកាតា បានបញ្ចូលកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពសំខាន់ៗជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, ពន្ធគយ, វិនិយោគ, ឧស្សាហកម្ម, កសិកម្ម, ទូរគមនាគមន៍, រ៉ែ និងថាមពល, វិទ្យាសាស្ត្រ, ទេសចរណ៍, ការដឹកជញ្ជូន។-ល-។ កិច្ចព្រមព្រៀងនេះនឹងផ្តល់នូវមូលដ្ឋានគតិយុត្តជាសារវ័ន្ត សម្រាប់កាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងកាតា នាពេលអនាគត សំដៅបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត៕