
លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។ រូបថត សហការី
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) អំពាវនាវឱ្យក្រសួង-ស្ថាប័ន រោងចក្រ សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ ប្រជាជនទូទៅ និងគ្រប់ភាគីពាក់ព័ន្ធបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការរបស់ខ្លួនដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញ និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានកាន់តែច្រើនចំពោះការប្រើប្រាស់ប្រាក់រៀល។
ក្នុងកម្មវិធីទិវាប្រាក់រៀល ខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ២០ មីនា ១៩៨០-២០ មីនា ២០២២ នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២២ លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានថ្លែងថា ទម្លាប់នៃការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបានចាក់ជ្រៅទៅក្នុងសេដ្ឋកិច្ច និងសង្គម ជាពិសេសផ្នត់គំនិតរបស់ប្រជាជន ដែលបញ្ហានេះបន្តទាមទារឱ្យមានការចូលរួមបន្ថែមទៀត ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួង-ស្ថាប័នសាធារណៈ និងឯកជន ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋទូទៅ។
លោកបន្តថា ក្នុងរយៈពេល ៤២ ឆ្នាំមកនេះ វត្តមានរបស់ប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងកសាង អធិបតេយ្យភាព សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ។ ទន្ទឹមនេះប្រាក់រៀលបានឆ្លងកាត់ឧបសគ្គជាច្រើនមុននឹងក្លាយជារូបិយវត្ថុប្រកបដោយទំនុកចិត្តដូចសព្វថ្ងៃ។
លោកបន្ថែមថា ឧបសគ្គទាំងនេះ រួមមាន ការបាត់បង់ជំនឿចិត្តទាំងស្រុងលើប្រាក់រៀល ក្រោយចេញពីសម័យប៉ុលពត និងអស្ថិរភាពនយោបាយរហូតដល់ចុងឆ្នាំ ១៩៩៨, វិបត្តិសេដ្ឋកិច្ចក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដែលបង្កឱ្យអតិផរណាកើនឡើងខ្លាំង និងប្រាក់រៀលធ្លាក់ថ្លៃ និងការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយផ្ទាល់ក្នុងសេដ្ឋកិច្ចជាតិនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ដែលកត្តាទាំងនេះធ្វើឱ្យប្រជាជន ក៏ដូចជាវិស័យឯកជនមានទម្លាប់ប្រើប្រាក់ដុល្លារអាមេរិក ដោយផ្ទាល់រហូតមកដល់បច្ចុប្បន្ន។
លោកថ្លែងថា៖ «រដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក បន្ទាប់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។ ការអនុវត្តគោលនយោបាយទាំងនេះ គួបផ្សំនឹងការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធ បានធ្វើឱ្យទំហំប្រាក់រៀលក្នុងចរាចរណ៍កើនឡើងជាលំដាប់ ខណៈដែលតម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការរបស់ប្រាក់រៀលនៅក្នុងការប្រើប្រាស់»។
លោក ស៊ុំ សន្និសិទ្ធ បានបន្តថា ក្នុងស្ថានភាពដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានាលើពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារការរាលដាលជំងឺកូវីដ ១៩ ការប្រើប្រាស់ប្រាក់រៀលកាន់តែមានសារៈសំខាន់ ដើម្បីឱ្យវិស័យធនាគារចូលរួមចំណែកកាន់តែសកម្មក្នុងការស្តារ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច ជាពិសេសការបន្ធូរបន្ថយអត្រាការប្រាក់សម្រាប់ជំរុញការវិនិយោគ និងការប្រើប្រាស់ក៏ដូចជាការផ្តល់សាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ច។
លោក ផល វ៉ាន់ឌី អគ្គលេខាធិការនៃសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានប្រាប់ឱ្យដឹងដែរថា កន្លងទៅសមាគមបានតម្រូវឱ្យសមាជិកទាំងអស់ផ្តល់ប្រាក់កម្ចីដល់អតិថិជនជាប្រាក់រៀលឱ្យបានច្រើនបំផុត និងយ៉ាងតិចលើស ១០ ភាគរយ ដែលជាអត្រាដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា។
លោកបានបន្ថែមថា បច្ចុប្បន្នសមាជិកទាំងអស់របស់សមាគមបានផ្តល់ប្រាក់កម្ចីជាប្រាក់រៀល ក្នុងទំហំប្រមាណ ២០ ភាគរយ លើសការកំណត់របស់ធនាគារជាតិ ដែលឆ្លុះបញ្ចាំងថា ជាការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រាក់រៀលរបស់ជាតិ។
លោកបញ្ជាក់ថា៖ «ជាចក្ខុវិស័យរបស់សមាគម យើងចង់លើកកម្ពស់កម្ចីជាប្រាក់រៀលឱ្យបានដល់ ៣០ ភាគរយទៅ ៥០ ភាគរយលើសពីនេះ តាមដែលអាចធ្វើទៅបាន ប៉ុន្តែត្រូវមានការចូលរួមរបស់មហាជន ដែលជាកត្តាដ៏សំខាន់ ពិសេសជំរុញការប្រើប្រាស់ប្រាក់រៀលជាប្រចាំ ក្នុងអាជីវកម្មនានា និងការប្រើប្រាស់ទូទៅ»៕ LA