​ភ្នំពេញៈ ប្រទេស​ចិន ​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២ លើ​ពិភពលោក​បាន​ប្តេជ្ញា​ថា ​នឹង​នាំចូល​អង្ករ​ពី​កម្ពុជា​ឱ្យបាន​កាន់តែច្រើន និង​បើកទូលាយ​សម្រាប់​ការនាំ​ចូល​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត សំដៅ​ធ្វើយ៉ាងណា​ជំរុញ​ការដោះដូរ​ទំនិញ​រវាង​ប្រ​ទេស​ទាំង ​២ ​ក្រោយ​ពេលដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​បាន​ចូល​ជា​ធរមាន​កាលពីពេល​ថ្មីៗ​នេះ​។

​លោក ស៊ី ជីន​ភីង ប្រ​ធានា​ធិបតី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានធ្វើការ​ប្តេជ្ញាចិត្ត​នេះ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទៅលើ​ចំណុច​ជាច្រើន​នៅ​លក្ខណៈ​ទ្វេភាគី​តំបន់ និង​បញ្ហា​របស់​ពិភពលោក​តាម​ទូរស័ព្ទ​ជា​​មួយ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី ​១៨ ខែ មីនា ឆ្នាំ​ ២០២២ ​នេះ​។

លោក​ថា បច្ចុប្បន្ន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន​បាន​ចូល​ជា​ធរមាន ដូច្នេះចិន​នឹង​នាំចូល​អង្ករ​ឱ្យបាន​កាន់តែ​ច្រើនជាង​មុន ព្រមទាំង​ផលិតផល​កសិកម្ម​មួយចំនួនទៀត ដូចជា​ផ្លែ ចេក ស្វាយ និង​ផ្លែ​មៀន​ជាដើម ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។​

​លោក​បាន​ថ្លែងថា​៖ «​កម្ពុជា​ត្រូវ​ប្រើ​ប្រាស់​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​-​កម្ពុជា​ឱ្យបាន​ល្អប្រសើរ ដើម្បី​ជំរុញ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឱ្យ​ឈានដល់​កម្រិត​ថ្មី​មួយទៀត​។ ភាគី​ចិន​នឹង​បង្កើន​ការ​នាំចូល​កសិផល​គុណ​ភាព​ខ្ពស់​របស់​កម្ពុជា បង្កើត​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​បន្ថែមទៀត​ជាមួយ​ភាគី​កម្ពុជា​»​។​

​ចំណែក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា និង​ចិន កើនឡើង​យ៉ាង​ឆាប់រហ័ស ហើយ​គម្រោង​កសាង​ធំៗ​នៅក្នុង​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម ​«​ខ្សែ​ក្រវាត់ និង​ផ្លូវ​» ​ត្រូវបាន​ដំណើរការ​យ៉ាង​រលូន ដែល​នេះ​បង្ហាញ​យ៉ាង​​ច្បាស់​អំពី​សមិទ្ធផល​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន និង​ការកសាង​សហគមន៍​វាសនា​រួម​រវាង​កម្ពុជា​-​ចិន ព្រមទាំង​បញ្ជាក់​យ៉ាងច្បាស់​អំពី​កម្ពុជា និង​ចិន ​គឺជា​បងប្អូន​ដែកថែប​យ៉ាងពិត​ប្រាកដ​។​

​លោក​បញ្ជាក់ថា​៖ «​ភាគី​កម្ពុជា​រីក​​រាយ​ចាប់យក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង ​២ ​នៅ​ឆ្នាំក្រោយ​ជា​ឱកាស​ ដើម្បី​លើកកម្ពស់​ការផ្លាស់ប្តូរ ​និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និង​មនុស្សសាស្ត្រ ជាដើម​ឱ្យ​កាន់តែ​ស៊ីជម្រៅ ជំរុញ​ការកសាង​រួមគ្នា​នៃ​គំនិត​ផ្តួចផ្តើម ​«​ខ្សែក្រវាត់ និង​ផ្លូវ​» ​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​ចិន​ ឱ្យ​ឈានដល់​កម្រិត​ថ្មី​មួយទៀត​»​។​

​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​កាលពី​ថ្ងៃទី​ ២០ ខែមីនា​ថា ជាមួយ​ការប្តេជ្ញាចិត្ត​ដែល​ធ្វើឡើង​ដោយ​ថ្នាក់​​ដឹកនាំ​កំពូល​របស់​ប្រទេស​ចិន នឹង​ក្លាយជា​ឧបករណ៍​ដ៏​សំខាន់​ក្នុងការ​​ជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​យក្ស​នៅ​អាស៊ី​មួយ​នេះ​។

​លោក​បាន​ថ្លែងថា​៖ «​សហព័ន្ធ​ស្រូវ​អង្ករ​មានការ​រីករាយ​និង​សាទរ​ចំពោះ​រឿង​ដ៏​វិជ្ជមាន​សម្រាប់​វិស័យ​ស្រូវ​អង្ករ​យើង​ដែល​ថ្នាក់ដឹកនាំ​ទាំង ​២​ បាន​ពិ​ភា​ក្សា​គ្នា​តាម​ទូរស័ព្ទ​កន្លងមកនេះ​។ ការណ៍​នេះ​បង្ហាញ​អំពី​ចំណងមិត្តភាព​ដ៏​រឹងមាំ​ចំពោះ​វិស័យសេដ្ឋកិច្ច​ដែល​នឹង​ជះឥទ្ធិពល​វិជ្ជមាន​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​យើង​»​។​

​បើ​យោងតាម​លោក សារ៉ន ក្នុង​រយៈ​​ពេល ​២ ​ខែ កំណើន​ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ចិន​កើនឡើង​ជាង ៥៦​ ភាគ​​រយ ​បើ​ប្រៀបធៀប​ទៅ ២​ ខែ​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២១​។ មកទល់ពេលនេះ​លោក​ថា កម្ពុជា​បានសម្រេច​នៃ​ការនាំចេញ​បាន​ជាង​ ២២​ ភាគរយ​នៃ​កូតា​ឆ្នាំ​ ២០២២ ​នេះ គឺ​យើង​បាន​នាំចេញ​ជាង​ ១២​ ម៉ឺន​តោន​រួចហើយ​។

​លោក​បញ្ជាក់ថា​៖ «​បើ​យោងតាម​បរិមាណ​នេះ​ យើង​អាច​និយាយថា​ សម្រាប់ MoU ជាមួយ​ភាគី​ចិន ដែល​អនុញ្ញាតឱ្យ​យើង​អាចធ្វើ​ការនាំចេញ​បាន​ ៤០ ​ម៉ឺន​តោន​ នឹង​សម្រេច​ទៅតាម​ផែនការ​នៅត្រឹម​ខែ​ ១២ ឆ្នាំ ​២០២២ ​នេះ​។ នេះ​ស​បញ្ជាក់ថា ភាគី​ចិន​មាន​ឆន្ទៈ​ក្នុងការ​ផ្សព្វផ្សាយ​អង្ករ​យើង​ទៅកាន់​ទីផ្សារ​ចិន និង​មួយទៀត​ គឺ​ប្រជា​ពលរដ្ឋ​ចិន​មានការ​យល់ដឹង​ច្រើន​អំពី​គុណភាព ​និង​ស្តង់ដា​គុណភាព​របស់​អង្ករ​កម្ពុជា លើសពីនោះ​ទៅទៀត គឺ​វិស័យ​ឯកជន​ចិន​ក៏បាន​ជួយ​ទិញ​អង្ករ​កម្ពុជា​យើង​ច្រើន​»​។​

​តាម​របាយការណ៍​ក្រសួង​ពាណិជ្ជ​​កម្មបង្ហាញថា ក្នុង​ឆ្នាំ ​២០២១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន មាន​ទឹកប្រាក់​ជិត ​៨ ពាន់​លាន​ដុល្លារ កើន ៣៨,៣៦​ ភាគរយ​បើ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ​ ២០២០៕ LA