ភ្នំពេញៈ កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​បច្ចេកទេស​រវាង​កម្ពុជា​-​កាតា នឹង​ផ្តល់​ភាព​វិជ្ជមាន​ជាច្រើន​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ពិសេស​ការពង្រីក​ទីផ្សារ​នាំចេញ​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា ព្រមទាំង​អាច​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវទេសចរ​តំបន់​មជ្ឈិមបូព៌ា​ឱ្យធ្វើ​ដំណើរ​មក​កម្ពុ​ជាកា​ន់​តែ​ច្រើន​។ នេះ​បើ​យោងតាម​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច និង​ទេស​​ចរណ៍​កម្ពុជា​។​

​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី ​១៦ ខែមីនា បានរៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិ​ភា​​ក្សា​លើ​ខ្លឹមសារ និង​ព​ន្លឿ​ន​ការ​​បញ្ចប់សេចក្ដី​ព្រាង​នៃ​កិច្ច​ព្រម​ព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​បច្ចេកទេស​រវាង​កម្ពុជា​-​កាតា ជាមួយ​តំណាង​ក្រសួង​​ស្ថាប័ន​ពាក់ព័ន្ធ​សរុប ១២ ​ស្ថាប័ន​។​

​លោក ប៉ែន សុ​វិជាតិ អនុ​រដ្ឋ​លេខាធិការ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ខាង​​លើបាន​លើកឡើងថា សេចក្ដី​ព្រាង​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​បច្ចេក​​ទេស​រវាង​កម្ពុជា​-​កាតា ត្រូវបាន​ឆ្លងកាត់​ការចរចា និង​ការត្រួត​​ពិនិត្យ​កម្រិត​អន្តរក្រសួង ទាំង​កម្រិត​បច្ចេកទេស​ច្រើនដង​រួចមក ហើយ​ភាគី​ទាំង ​២ (​កម្ពុជា​-​កាតា​) បាន​ឯកភាព​ស្ទើរ​ទាំង​​ស្រុង​ទៅលើ​ខ្លឹមសារ​នៃ​សេចក្តី​​ព្រាង​នៃ​កិច្ចព្រមព្រៀង​នេះ​រួចហើយ​ដែរ​។​

​លោក​ថ្លែងថា​៖ «​កម្ពុជា​កំពុង​ព​ន្លឿ​ន​បញ្ចប់​សេចក្ដីព្រាង​នៃ​កិច្ចព្រមព្រៀង​ខាងលើ ដើម្បី​អាចឈាន​ដល់​ការចុះហត្ថលេខា នាពេល​វេលា​សមស្រប​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី ​២០ ខែមីនា​ថា បន្ថែម​លើ​កិច្ច​សហ​​ប្រតិបត្តិ​ការដែល​ប្រទេស​ទាំង ២ កំពុងមាន​តាមរយៈ​ការភ្ជាប់​ជើងហោះហើរ​ (Qatar Airways) ការ​ព​ន្លឿ​ន​ការបញ្ចប់​សេចក្ដីព្រាង​នេះ​នឹង​ជួយ​កម្ពុជា​ឱ្យទទួល​បាន​ផលប្រយោជន៍​ជាច្រើន​។ ការពង្រីក​កិច្ច​សហ​​ប្រតិបត្តិការ​នេះ នឹងមិន​ត្រឹមតែ​ជាការ​ព​ង្រឹ​ក​កិច្ច​សហប្រតិបត្តិ​​ការ​ទ្វេភាគី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ប្រៀបដូចជា​ការពង្រីក​ទីផ្សារ​កម្ពុជា​ទៅ​តំបន់​មជ្ឈិមបូព៌ា​ដែល​សុទ្ធសឹង​ជា​ប្រទេស​មាន​សេដ្ឋ​​កិច្ច​រីកចម្រើន​។​

​លោក​បញ្ជាក់ថា​៖ «​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កាតា គឺជា​ការពង្រឹង​សមត្ថភាព​ថ្មី​មួយទៀត​របស់​កម្ពុជា ដើម្បី​កាត់បន្ថយ​លើ​ការពឹង​ផ្អែកលើ​ទីផ្សារ​ដែល​កម្ពុជា​កំពុងមាន​តាមរយៈ​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្សេងៗ​មាន​ដូច​​ជា GSP និង EBA ជាដើម​។ ការពង្រឹង​ទំនាក់ទំនង​ពាណិជ្ជ​​កម្មមានន័យថា ការបើក​ទីផ្សារ​នាំចេញ​ផលិតផល​កម្ពុជា​»​។​

​យោងតាម​លោក លឹម ហេង កម្ពុជា​កំពុង​នាំចេញ​ផលិតផល​មួយចំនួន​ទៅ​ប្រទេស​កាតា មានដូចជា ផលិតផល​វាយ​ន​ភណ្ឌ កសិកម្ម និង​អាហារ​ហា​ឡា​ល់ជាដើម​។​

​ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​និយាយថា ការហោះហើរ​ផ្ទាល់​របស់​ក្រុម​​ហ៊ុន Qatar Airways​ មក​រាជធានី​ភ្នំពេញ​បានផ្តល់​ផល​វិជ្ជមាន​ជាច្រើន​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ខណៈ​ភ្ញៀវ​មកពី​តំបន់​មជ្ឈិមបូព៌ា គឺជា​ភ្ញៀវ​ដែលមាន​សក្តានុពល និង​ចំណាយ​ច្រើន​។​

​លោក​បាន​បន្តថា ទោះយ៉ាងណា​ដើម្បីឱ្យ​កម្ពុជា​កាន់​តែមាន​សក្តានុពល​ទាក់ទាញ​ទេសចរ និង​អ្នកវិនិយោគ​ពី​តំបន់​មជ្ឈិម​​បូព៌ា កម្ពុជា​ចាំបាច់​ត្រូវតែ​រៀបចំ​សេវា​ទទួល​អ្នក​ទាំងនោះ​ក្នុង​កម្រិត​ខ្ពស់ជាង​ពេលបច្ចុប្បន្ន ដែលមាន​ដូចជា កន្លែង​ស្នាក់នៅ កន្លែង​ទទួលទាន ​(​អាហារ​ហា​ឡា​ល់​) និង​កន្លែង​ថ្វាយបង្គំ​ព្រះជាដើម​។​

​លោក​លើកឡើងថា​៖ «​វិស័យ​ទេសចរណ៍​កម្ពុជា ត្រូវការ​ការ​​រៀបចំ​បន្ថែមទៀត​ទាំង​ចំនួន​ទីតាំង និង​គុណភាព ​(​កម្រិត​ខ្ពស់​) ក្នុងការ​ទទួលភ្ញៀវ​មកពី​ប្រទេស​កាតា និង​តំបន់​មជ្ឈិម​​បូព៌ា​ឱ្យបាន​កាន់តែច្រើន​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា កាតា គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​​ចម្រើន និង​ប្រជាជនមាន​ប្រាក់ចំណូល​ខ្ពស់ ហេតុនេះ​ប្រសិនបើ​កម្ពុជា​អាច​បង្កើនបាន​កិច្ច​​ព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាមួយ​នោះ វា​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួលបាន​ផលចំណេញ​ពី​ការនាំ​​ចេញ​ទំនិញ និង​ភ្ញៀវទេសចរ​ជាច្រើន​។ លោក​បាន​បន្ថែមថា ម្យ៉ាងទៀត​ដោយសារ​ប្រទេស​កាតា មាន​ជំនាញ​លើ​វិស័យ​ប្រេង​​ឧស្ម័ន​ច្រើន ដូច្នេះ​ជាការ​ប្រសើរ​ណាស់​ប្រសិនបើ​កម្ពុជា​អាច​ទាក់ទាញ​វិនិយោគិន​កាតា​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យនេះ​។​

​បើ​យោងតាម​លោក សុ​វិជាតិ សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋ​​កិច្ច​ពាណិជ្ជកម្ម និង​បច្ចេកទេស​រវាង​កម្ពុជា និង​កាតា បាន​បញ្ចូល​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​សំខាន់ៗ​ដូចជា វិស័យ​ពាណិជ្ជកម្ម​, ពន្ធគយ​, វិនិយោគ​, ឧស្សាហកម្ម​, ក​សិ​កម្ម​, ទូរគមនាគមន៍​, រ៉ែ និង​ថាមពល​, វិទ្យាសាស្ត្រ​, ទេស​​ចរណ៍​, និង​ការដឹកជញ្ជូន​។ កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់នូវ​មូល​​ដ្ឋា​ន​គតិយុត្ត​ជា​សារវន្ត​សម្រាប់​កាលានុវត្តភាព​នៃ​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​កាតា នាពេល​អ​នា​គ​ត សំដៅ​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម និង​វិនិយោគ​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ​៕ LA