ទីក្រុង​ញូវដែលីៈ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Suzuki Motor បានឱ្យដឹងថា ខ្លួន​នឹង​វិនិយោគ ១,៣ ពាន់​លាន​ដុល្លារ​ទៅក្នុង​ការផលិត​រថយន្ត​អគ្គិសនី និង​ថ្ម​សាក​/​អាគុយ​នៅ​ប្រទេស​ឥណ្ឌា ខណៈ​ក្រុមហ៊ុន​នេះ​ព​ន្លឿ​ន​ផែនការ​រយៈពេល​វែង ​ដើម្បី​សម្រេចបាន​នូវ​អព្យាក្រឹត​ភាព​កាបូន​។​

​នៅក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​រដ្ឋ Gujarat របស់​ឥណ្ឌា​ក្នុង​វត្ត​មានដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន Fumio Kishida និង​សម​ភាគី​ឥណ្ឌា Narendra Modi ក្រុមហ៊ុន Suzuki បាន​និយាយថា ខ្លួន​មាន​គម្រោង​បង្កើន​សមត្ថភាព​ផលិត​សម្រាប់​ការផលិត​រថយន្ត​អគ្គិសនី​នៅក្នុង​រដ្ឋ​នេះ​។​

​ក្រុមហ៊ុន​ថ្មី​នេះ​មាន​គោល​​បំណង​ចាប់ផ្តើម​ប្រតិបត្តិការ​ផលិតកម្ម​នៅ​ឆ្នាំ ​២០២៥​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា ក្រុមហ៊ុន​ក៏​នឹង​សាងសង់​រោងចក្រ​ផលិត​អាគុយ EV នៅលើ​ផ្ទៃដី​នៅ​ជិត​រោងចក្រ Gujarat របស់ខ្លួន ខណៈដែល​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​គឺ Maruti Suzuki Toyotsu India នឹង​សាងសង់​កន្លែង​កែច្នៃ​យានយន្ត​នៅ​កន្លែង​ដដែល​។​

​លោក Toshihiro Suzuki ប្រធាន​ក្រុមហ៊ុន​បាន​និយាយថា​៖ «​បេសកកម្ម​នាពេល​អនាគត​របស់ Suzuki គឺ​ដើម្បី​សម្រេចបាន​នូវ​អព្យាក្រឹតភាព​កាបូន​ជាមួយនឹង​រថយន្ត​តូច​»​។​

​ការប្រកាស​នេះ​ ធ្វើឡើង​នៅពេលដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ឈានទៅ​ជំរុញ​ការផលិត​រថយន្ត​ដែល​គិត​គួរ​ដល់​បរិស្ថាន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​។​

​នៅ​ដើមខែ​នេះ Ford ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​អាមេរិកបាន​និយាយថា ខ្លួន​នឹង​ញែក​អាជីវកម្ម​រថយន្ត​ធម្មតា និង​រថយន្ត​អគ្គិសនី ដោយសារ​ខ្លួន​បង្កើន​ការផលិត​រថយន្ត​គ្មាន​ការ​បំ​ភាយ​ឧស្ម័ន​។​

​ក្រុមហ៊ុន Sony ក៏បាន​ប្រកាសថា ខ្លួន​កំពុង​សហការគ្នាជាមួយ​ក្រុមហ៊ុន Honda ដើម្បី​បង្កើត​ក្រុមហ៊ុន​បណ្តាក់​​ទុន​រួមគ្នា​ដែល​នឹង​អភិវឌ្ឍ និង​លក់​រថយន្ត​អគ្គិសនី បន្ទាប់ពី​ការបង្ហាញ​រថយន្ត Vision-S ដែលជា​គំរូ​រថយន្ត​ថ្មី​កាលពី​ខែមករា​។​

​ក្រុមហ៊ុន Nissan, Renault និង Mitsubishi Motors បាន​សន្យាថា ​នឹង​ផ្តល់ជូន​នូវ​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ថ្មី​ចំនួន ៣៥ ​ក្នុង​រយៈពេល ៥ ​ឆ្នាំ​ខាងមុខ ខណៈដែល​ថ្មីៗ​នេះ ក្រុមហ៊ុន Toyota បាន​បង្កើន​គោលដៅ​លក់​រថយន្ត EV ឆ្នាំ ២០៣០ របស់ខ្លួន​ចំនួន​ ៧៥​ ភាគរយ​៕ AFP/RR