
លោក ងិន ឆាយ ពេលសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី។ ហ៊ាន រង្សី
ភ្នំពេញៈ ការនាំចេញកសិផលរបស់កម្ពុជាទៅក្រៅប្រទេសក្នុងរយៈពេល ២ ខែកន្លះ ដើមឆ្នាំ ២០២២ សម្រេចបានប្រមាណ ២,៨២ លានតោន កើនឡើងជាង ២២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផលទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២ ថា សម្រាប់ដើមឆ្នាំ ២០២២ (គិតត្រឹមថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២) ការនាំចេញកសិផលសរុបសម្រេចបានប្រមាណ ២,៨២ លានតោន កើនឡើង ៥១១ ពាន់តោន ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
លោកបានបន្ថែមថា ផលិតផលកសិកម្មសំខាន់ៗដែលបាននាំចេញរួមមាន ស្រូវ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ចេកស្រស់ គ្រាប់សណ្តែកបាយ ក្រូចត្លុង ស្វាយស្រស់ ដំណាប់ស្វាយ ដូងប្រេង ម្រេចនិងកសិផលផ្សេងៗទៀត។
លោកបានបញ្ជាក់ថា៖ «ទន្ទឹមនឹងកំណើននៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស មានការកើនឡើងគួរឱ្យកត់សម្គាល់យ៉ាងណាក្ដី ក៏ការអនុវត្តវិធានការអនាម័យ និងភូតគាមអនាម័យនៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនដូចជា កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់មន្ទីរពិសោធន៍ការពាររុក្ខជាតិ និងភូតគាមអនាម័យ ស្ថានីយពិសោធន៍ស្រាវជ្រាវ ហេដ្ឋារចនាសម្ព័ន្ធកសាងទិន្នន័យវិទ្យាសាស្ត្រ វិទ្យាស្ថានការពាររុក្ខជាតិ និងភូតគាមអនាម័យជាដើម។ ម្យ៉ាងទៀត ហេដ្ឋារចនាសម្ព័ន្ធសម្រាប់លាងសម្អាត វេចខ្ចប់ និងសម្លាប់សមាសភាពចង្រៃនៅមិនទាន់ឆ្លើយតបទៅនឹងទំហំផលិតកម្ម និងការនាំចេញនៅឡើយ»។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែមីនាថា ក្នុងចំណោមកសិផលរបស់កម្ពុជា ដែលត្រូវបាននាំចេញទៅទីផ្សារក្រៅប្រទេស និងដែលមានការកើនឡើងនៅដើមឆ្នាំនេះ ការនាំចេញអង្ករមានបរិមាណកើនឡើងច្រើនជាងគេ។
លោកបានបញ្ជាក់ថា៖ «នៅក្នុងឆ្នាំ ២០២២ នេះ យើងមានកុងតឺន័រ ចេញទៅកាន់សហគមន៍អឺរ៉ុបច្រើនជាងឆ្នាំ ២០២១ ប៉ុន្តែនៅតែមានបញ្ហាប្រឈម ដែលយើងមិនទាន់ថាមានស្ថានភាពធូរស្រាលខ្លាំងទេចំពោះស្ថានភាពដឹកជញ្ជូនតាមសមុទ្រនេះ។ យើងរំពឹងថា ឆ្នាំនេះ តាមល្បឿនដែលយើងបានធ្វើសព្វថ្ងៃនេះ អាចនឹងធ្វើឱ្យការនាំចេញអង្កររបស់យើងនឹងអាចកើនដល់ ៧៥ទៅ ៨៥ ម៉ឺនតោន តាមផែនការដែលបានដាក់ចេញ»។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនត្រូពិកខេម បានយល់ឃើញដូចគ្នាដែរថា ការនាំចេញស្រូវ និងអង្ករ មានការកើនឡើងជាងផលិតផលកសិកម្មដទៃទៀត។
ទោះជាបែបនេះក្តី លោកបានអះអាងថា មានបញ្ហាប្រឈមដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ គឺការឡើងថ្លៃនៃទូកុងតឺន័រ និងការកក់កប៉ាល់ដឹកជញ្ជូនជួបការលំបាកច្រើន ដោយសារបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់ ជំរុញឱ្យតម្លៃដឹកជញ្ជូនកើនទៅតាមនោះដែរ។
លោកបានបន្តថា ការប្រឈមមួយទៀត គឺការរីករាលដាលនៃជំងឺកូវីដ ១៩ ជាថ្មីម្តងទៀត នៅប្រទេសចិន ដែលនឹងធ្វើឱ្យមានការរអាក់រអួល នៃការនាំចេញផលិតកសិកម្មទៅប្រទេសនេះ។
លោក ហ៊ុន ឡាក់ បានបញ្ជាក់ថា៖ «ជាក់ស្តែងការនាំចេញស្វាយស្រស់កំពុងតែមានបញ្ហាហើយ ដោយសារការបិទខ្ទប់របស់ប្រទេសចិន ព្រោះការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយមានទូកុងតឺន័រមួយចំនួនពីវៀតណាមចូលទៅចិនអត់បាន ដែលធ្វើឱ្យឈ្មួញវៀតណាម ផ្អាកទិញស្វាយពីកម្ពុជា»។
ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ ការនាំចេញកសិផលក្នុងឆ្នាំ ២០២១ មានបរិមាណសរុប ៧,៩៨ លានតោន ទៅកាន់ទិសដៅ ៦៨ ប្រទេស កើនឡើង ៣,១១ លានតោន ស្មើនឹង ៦៣,៨៣ ភាគ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលទទួលបានត្រឹមតែ ៤,៨៧ លានតោន៕ LA