​ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧ នៅ​ថ្ងៃទី​ ២១ ខែមីនា​នេះ ដើម្បី​បន្ត​ពង្រឹង​និង​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យនេះ​ស្របតាម​បរិការណ៍​ថ្មី​។​

​យោង​សេចក្តីជូនដំណឹង​របស់ក្រសួង​សេដ្ឋកិច្ច កាលពី​ថ្ងៃទី ​១៧ ខែមីនា បង្ហាញថា ពិធី​ដាក់ឱ្យអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​នឹងមាន​ការចូល​​រួម​ពី​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ជា​ប្រធាន​គណៈកម្មាធិការ​គោល​​នយោបាយ​​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​, ថ្នាក់ដឹកនាំ និង​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​, ស្ថានទូត​, ដៃគូ​អភិ​​វឌ្ឍន៍​, សង្គម​ស៊ីវិល​, សមាគម​ធុរកិច្ច និង​វិស័យ​ឯកជន​តាម​ប្រព័ន្ធ​វីដេអូ​។​

​លិខិត​ដដែល​បញ្ជាក់ថា រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ពិនិត្យឃើញ​ពីសា​រៈ​សំខាន់ និង​ភាពចាំបាច់​ក្នុងការ​រៀបចំ និង​ដាក់ឱ្យអនុវត្ត​«​យុទ្ធសាស្ត្រ​អភិ​​វឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧» សំដៅ​កំណត់​នូវ​ចក្ខុវិស័យ​រួម គោល​​បំណង គោលដៅ និង​វិធានការ​ជា​យុទ្ធសាស្ត្រ ដើម្បី​បន្ត​ពង្រឹង និង​លើក​​កម្ពស់​ការអភិវឌ្ឍ​វិស័យនេះ​ស្របតាម​បរិការណ៍​កម្ពុជា​ដែល​ស្ថិតក្នុង​ស្ថាន​​ភាព​ទ្វេ​ទិស មាន​ទាំង​បញ្ហា​ប្រឈម និង​កាលានុវត្តភាព ព្រមទាំង​ឆ្លើយតប​នឹង​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ​និម្មាបនកម្ម​តំបន់ និង​ពិភពលោក​។​

​ជាមួយគ្នានេះដែរ ចក្ខុវិស័យ​នៃ​យុទ្ធ​សាស្ត្រ គឺ​ការអភិវឌ្ឍ​វិស័យនេះ​ឱ្យទៅជា​ឧស្សាហកម្ម ដែលមាន​ចីរភាព បរិ​ស្ថាន​មាន​ភាព​ធន់ មានតម្លៃ​បន្ថែម​ខ្ពស់ ផ្ដោតលើ​ផលិតផល​ថ្លៃ​ខ្ពស់ និង​មាន​លក្ខណពិសេស មាន​ភាព​ប្រកួត​​ប្រជែង​ខ្ពស់ និង​ជា​មូលដ្ឋាន​គាំទ្រ​ដល់​ពិពិធ​កម្ម​សេដ្ឋកិច្ច​។​

​ក្នុង​វេទិកាសាធារណៈ​ស្តីពី ការ​គ្រប់​​គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ ​២០២២ កាល​ថ្ងៃទី​ ១៨ ខែ កុម្ភៈ ឆ្នាំ ​២០២២ លោក ផាន់ ផល្លា រដ្ឋលេខា​​ធិ​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា វិស័យ​កាត់ដេរ​ជា​វិស័យ​ចន្ទល់​សេដ្ឋកិច្ច​សំខាន់​សម្រាប់​កម្ពុជា ដូចនេះ​ចាប់តាំងពី​ឆ្នាំ​ ២០២០​ មក ក្រសួង​បានរៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​។​

​លោក​បន្ថែមថា ក្នុង​រយៈពេល ២០ ​ឆ្នាំ​កន្លងមកនេះ តម្លៃបន្ថែម​នៅក្នុង​វិស័យ​កាត់ដេរ គឺ​ស្ថិតនៅ​ទាប​នៅឡើយ ព្រោះ​ទំនិញ​ដែល​កម្ពុជា​ផលិត នៅមាន​លក្ខណៈសាមញ្ញ ដូច្នេះ​ដើម្បីឱ្យ​វិស័យនេះ​ទទួលបាន​តម្លៃ​ខ្ពស់ ហើយ​អាច​ផលិត​ទំនិញ​ល្អប្រសើរ​ជាង​មុន​បាន ដែល​សុទ្ធសឹង​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​យុទ្ធសាស្ត្រ​នេះ​។​

​លោក លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជាបាន​ប្រាប់ថា យុទ្ធ​សាស្ត្រ​នេះ​នឹង​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​បន្ថែមទៀត​នៅក្នុង​វិស័យ​កាត់ដេរ​ស្បែកជើង​នៅ​កម្ពុជា ខណៈ​ច្បាប់​វិនិយោគ​ថ្មី និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា​នឹង​ជំរុញ​កំណើន​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ​ទៅ​ក្រៅប្រទេស​៕ LA