
ជំនួបពិភាក្សារវាងលោក ហ៊ុន សែន និងលោក Kishida Fumio។ រូបថត SPM
ភ្នំពេញៈ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពង្រីកទំហំពាណិជ្ជកម្ម និងបង្កើនការវិនិយោគរបស់ជប៉ុននៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើនាយករដ្ឋមន្ត្រីជប៉ុនជួយជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុនឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា ព្រមទាំងជួយទិញផលិតផលកសិកម្មកម្ពុជាឱ្យបានច្រើន និងពិចារណាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ជប៉ុន ផងដែរ។
សំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងអំឡុងពេលលោក Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២០-២១ ខែមីនា ឆ្នាំ ២០២២។
លោក ហ៊ុន សែន បានលើកឡើងថា ផ្អែកលើទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន ភាគីទាំង ២ ឯកភាពគ្នានឹងបង្កើនកិច្ចសហការភាពជាដៃគូយុទ្ធសាស្ត្រឱ្យដល់កម្រិតថ្មីមួយទៀត។ ជាមួយគ្នានេះ ភាគីទាំង ២ ក៏ឯកភាពគ្នាប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែចម្បងមួយ ដែលមិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ និងពិភពលោកទាំងមូល។
លោក ហ៊ុន សែន បានលើកឡើងទៀតថា៖ «ខ្ញុំបានស្នើឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនដូចជា ជួយទិញផលិតផលកម្ពុជា ពិសេសផលិតផលកសិកម្មអាទិភាពឱ្យបានច្រើនថែមទៀត, ពិចារណាសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុនបន្ថែមពីលើការទាក់ទាញយកអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងលើកទឹកចិត្តក្រុមហ៊ុនជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ជាពិសេសក្រុមហ៊ុនល្បីៗរបស់ជប៉ុនមកដំឡើងរោងចក្រនៅកម្ពុជាដូចជា Panasonic, Toshiba, Mitsubishi និង Yamaha cooperation»។
នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីជប៉ុនក៏បានសម្តែងការស្វាគមន៍ចំពោះការអនុវត្តច្បាប់វិនិយោគថ្មីរបស់ប្រទេសកម្ពុជា កាលពីខែតុលា ឆ្នាំ ២០២១ ផងដែរ។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែមីនា ថា ការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនាយករដ្ឋមន្ត្រីជប៉ុនទាំងអស់នេះ គឺជាការខិតខំរបស់រដ្ឋាភិបាលដើម្បីព្យាយាមរកផលប្រយោជន៍ជូនប្រជាជនខ្មែរ។
លោកថ្លែងថា៖ «ការជំរុញឱ្យជប៉ុនជួយទិញកសិផល និងការជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុនមកបណ្តាក់ទុននៅប្រទេសកម្ពុជា គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជួយទាំងកសិករ និងជួយទាំងកម្មករ ពីព្រោះរោងចក្រអាចបង្កើតការងារជូនបងប្អូនកម្មករបន្ថែមទៀត»។
បើតាម លោក សេរីវឌ្ឍន៍ ចំពោះការទទួលយកក្រុមហ៊ុនមកបណ្តាក់ទុនពីគ្រប់ប្រទេសនោះ នឹងធ្វើឱ្យកម្ពុជាមានការថ្លឹងថ្លែងផលប្រយោជន៍ទៅដល់ការគោរពសិទ្ធិកម្មករ និងផ្តល់ប្រាក់កម្រៃខ្ពស់ដល់កម្មករ ជាពិសេសជំរុញឱ្យការប្រកួតប្រជែងខ្ពស់លើការវិនិយោគនៅកម្ពុជា៕ LA