ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ «​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧» ដែលមាន​គោលបំណង​កំណត់​ទិសដៅ​អភិវឌ្ឍន៍​រួម បង្កើត​ឯករាជភាព ពង្រឹង​ភាព​ប៉ាន់ប្រមាណ​បាន និង​ពង្រឹង​ស្ថិរភាព​នៃ​វិស័យ​កាត់ដេរ ស្បែកជើង និង​កាបូប​កម្ពុជា ដើម្បី​បន្ត​លើកកម្ពស់​អភិវឌ្ឍ​វិស័យនេះ​ប្រកបដោយ​ចីរភាព​។

នៅក្នុង​ពិធី​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​ «​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា​ ២០២២-២០២៧» ​លោក ផាន់ ផល្លា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច បាន​លើកឡើងថា ចក្ខុវិស័យ​ចម្បង​សម្រាប់​ការរៀបចំ​យុទ្ធសាស្ត្រ​នេះ គឺ​ដើម្បី​អភិវឌ្ឍ​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​នៅ​កម្ពុជា ឱ្យទៅជា​ឧស្សាហកម្ម​មួយ​ដែលមាន​ចីរភាព​បរិស្ថាន មាន​ភាព​ធន់ មានតម្លៃ​បន្ថែម​ខ្ពស់ ផ្តោតលើ​ផលិតផល​ថ្លៃ​ខ្ពស់ មាន​លក្ខណពិសេស មាន​ភាព​ប្រកួតប្រជែង និង​ជា​មូលដ្ឋាន​គាំទ្រ​ពិពិធកម្ម​សេដ្ឋកិច្ច​នៅ​កម្ពុជា​មុន​ដំណាច់ឆ្នាំ​ ២០២៧​។

លោក​បន្ថែម​ក្រសួង​សេដ្ឋកិច្ច នឹង​ដាក់ចេញ​វិធានការ​ជា​យុទ្ធសាស្ត្រ ៥ ដើម្បី​សម្រេច​ចក្ខុវិស័យ​ដែល​រួមមាន ការបន្ត​ពង្រឹង​ធនធាន​មនុស្ស​ដើម្បី​បង្កើន​ផលិតភាព និង​បង្កើត​គន្លង​អាជីព​សម្រាប់​កម្មករ​, បន្ត​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​ការងារ និង​សុខុមាលភាព​កម្មករ​, លើកកម្ពស់​ការវិនិយោគ​ក្នុងស្រុក និង​បរទេស​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ និង​ផ្តោតលើ​ផលិតផល​ថ្លៃ​ខ្ពស់​មាន​លក្ខណពិសេស​, ទាក់ទាញ​ការវិនិយោគ​ក្នុង​ឧស្សាហកម្ម​តភ្ជាប់ និង​ជំរុញ​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​សម្រាប់​ការនាំចេញ​ផលិតផល​កាត់ដេរ ស្បែកជើង កាបូប​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​លើកឡើង​ថា យុទ្ធសាស្ត្រ​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ហើយ​ជា​យុទ្ធសាស្ត្រ​គួបផ្សំ​បំពេញ​ឱ្យ​គ្នា​ល្អ​បំផុត​ជាមួយ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ ២០១៩-២០២៣​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា​៖ «​ក្រសួង​បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការសហការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ជំរុញ​វិនិយោគ​ក្នុងស្រុក និង​លើកកម្ពស់​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​នៅ​កម្ពុជា ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យនេះ​អាច​បូក​តម្លៃបន្ថែម​បាន​ខ្ពស់​ក្នុង​ខ្សែចង្វាក់​តម្លៃ​តំបន់​ឱ្យ​កាន់តែច្រើន​»​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​និយាយថា ឯកសារ​គោលនយោបាយ​នេះ​នឹង​ក្លាយជា​ផែនទី​បង្ហាញផ្លូវ​ក្នុងការ​កំណត់​នូវ​ចក្ខុវិស័យ​រួម គោលបំណង គោលដៅ និង​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​បន្ត​ពង្រឹង និង​គ្រប់គ្រង​វិស័យនេះ​ឱ្យស្រប​តាម​បរិការណ៍​កម្ពុជា​។

លោក​បន្តថា​៖ «​យុទ្ធសាស្ត្រ​នេះ​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា​ចាប់យក​នូវ​កាលានុវត្តភាព​ថ្មីៗ ព្រមទាំង​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ​និម្មាបនកម្ម​តំបន់ និង​ពិភពលោក សំដៅ​ផ្លាស់ប្តូរ​វិស័យនេះ​ទៅជា​ឧស្សាហកម្ម​មួយ​ដែលមាន​ចីរភាព​បរិស្ថាន មាន​ភាពធន់ និង​តម្លៃបន្ថែម​ខ្ពស់​ជាដើម​»​។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើងថា នេះ​ជា​យុទ្ធសាស្ត្រ​ដំបូង​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​វិស័យនេះ​ឱ្យ​ឆ្ពោះទៅរក​ភាពរីកចម្រើន​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​រយៈពេល​មធ្យម និង​វែង វិស័យ​កាត់ដេរ​នឹង​នៅតែ​បន្ត​ជា​ជន្ទល់​សេដ្ឋកិច្ច​ប្រកបដោយ​សក្តានុពល​តាមរយៈ​ការពង្រីក និង​ពង្រឹង​មូលដ្ឋាន​ឧស្សាហកម្ម​ក្នុងស្រុក សម្រាប់​ការនាំចេញ និង​ការចូលរួម​តភ្ជាប់​សេដ្ឋកិច្ច​ទៅនឹង​ខ្សែចង្វាក់​តម្លៃ​តំបន់ និង​សកល ដោយ​ឈរលើ​កត្តា​ឧត្តមភាព​ប្រកួតប្រជែង​»​។

លោក គង់ សាង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​និយាយថា ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ចសម្រួល​ពាណិជ្ជកម្ម​តាម​ច្រក​ពាណិជ្ជកម្ម​អន្តរជាតិ និង​ការកាត់បន្ថយ​ថ្លៃ​ភ័ស្តុភារ គឺជា​កត្តា​មិនអាច​ខ្វះ​បាន​ក្នុង​ការជួយ​កាត់បន្ថយ​ចំណាយ​ធុរកិច្ច​។

លោក​បាន​ពន្យល់ថា តាម​ការសិក្សា​ដ៏ច្បាស់លាស់​ដែល​បានធ្វើ​ឡើង ការចំណាយ​លើ​ភ័ស្តុភារ (Logistic Cost) របស់​កម្ពុជា​មានតម្លៃ​ខ្ពស់ជាង​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​តំបន់ ពិសេស​ប្រទេស​វៀតណាម​។ គេ​អាចបែងចែក​ថ្លៃ​ភ័ស្តុភារ​ជា​ ២​គឺ ១ ថ្លៃ​ឡាន (Trucking Cost) និង ២ ថ្លៃ​បញ្ចេញ​ទំនិញ (Clearance Cost) ដែល​រួមមាន ថ្លៃបង់​ទៅ​ក្រុមហ៊ុន​កប៉ាល់ ថ្លៃបង់​ទៅ​កំពង់ផែ និង​កម្រៃ​សេវា​គយ​ផ្លូវការ​។

លោក​ថ្លែងថា​៖ «​ខណៈ​ការចំណាយ​លើ​ថ្លៃ​ឡាន​មានតម្លៃ​សមរម្យ​អាច​ទទួលយកបាន ប៉ុន្តែ​ថ្លៃ​បញ្ចេញ​ទំនិញ​វិញ​មាន​កម្រិត​ខ្ពស់​គ្មាន​លក្ខណៈ​ប្រកួត​ប្រជែង ហើយ​ក្នុងនោះ​ជិត​ពាក់កណ្តាល​គ្មាន​វិក្កយបត្រ​គាំទ្រ​។ នេះ​ជា​បញ្ហាសំខាន់​ដែល​ត្រូវ​ដោះស្រាយ​ឱ្យបាន​ក្នុង​ផែនការ​សកម្មភាព​រយៈ​ពេល​ខ្លី​»​។

លោក​បន្តថា ថ្លៃ​ថាមពល និង​ការប្រើប្រាស់​ថាមពល​កកើតឡើងវិញ​នៅតែ​ជា​បញ្ហា​ប្រឈម​ធំ​នៅឡើយ ដោយ​អត្រា​តម្លៃ​នៅតែ​ខ្ពស់​ប្រៀបធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ វិស័យ​ឯកជន​បាន​ពិចារណា​លើ​ជម្រើស​ប្រើប្រាស់​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ ក៏ប៉ុន្តែ​ជម្រើស​នេះ​នៅតែ​មិនទាន់​ផ្តល់នូវ​ការ​សន្សំសំចៃ និង​ភាព​ទាក់ទាញ​នោះទេ អាស្រ័យ​ដោយ​ការយកថ្លៃ​អានុភាព​ខ្ពស់​ពេក​៕ LA