
ការថតរូបអនុស្សាវរីយ៍រវាងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារជាមួយនឹងតំណាង JBAC។ រូបថត សហការី
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ (GDT) និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBA C) កាលពីថ្ងៃទី ១៧ ខែមីនា បានជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងពន្ធដារជូនដល់វិនិយោគិនជប៉ុន ពិសេសទាក់ទងនឹងការគណនាពន្ធលើប្រាក់ចំណូលរបស់បុគ្គលិកបរទេសនៃការិយាល័យតំណាង បញ្ហាពន្ធលើអត្ថប្រយោជន៍បន្ថែម និងបញ្ហាផ្សេងៗមួយចំនួនទៀត។
ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន (JBAC) លោក KANDA Yogo បានលើកឡើងថា កន្លងមកមានការខ្វះចន្លោះក្នុងការប្រកាសពន្ធនឹងត្រូវបានសវនករធ្វើការកំណត់ពន្ធអត្ថប្រយោជន៍បន្ថែមលើពន្ធប្រាក់បៀវត្សរ៍ ដែលការិយាល័យតំណាងបង់ពន្ធជួសឱ្យនិយោជិតរបស់ខ្លួន។ សមាគមស្នើឱ្យអគ្គនាយកដ្ឋានពន្ធដារពន្យល់ពីនីតិវិធីកែតម្រូវការគណនាពន្ធលើប្រាក់បៀវត្សរ៍របស់និយោជិតបរទេសរបស់ការិយាល័យតំណាងរបស់ក្រុមហ៊ុនជប៉ុន។
ចំពោះបញ្ហានេះ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានផ្តល់ជម្រើស ២ ដល់ការិយាល័យតំណាងរបស់ក្រុមហ៊ុនជប៉ុន គឺទី ១ អនុញ្ញាតឱ្យការិយាល័យតំណាងកែតម្រូវមូលដ្ឋានពន្ធលើប្រាក់បៀវត្សរ៍ និងកែតម្រូវលិខិតប្រកាសពន្ធលើប្រាក់បៀវត្សរ៍ឡើងវិញ និងបង់ពន្ធលើប្រាក់បៀវត្សរ៍បន្ថែម ដោយរួចផុតពីការពិន័យទោសទណ្ឌរយៈពេល ៥ ឆ្នាំថយក្រោយ និងទី ២ បង់ពន្ធលើអត្ថប្រយោជន៍បន្ថែមដែលត្រូវបានសវនករកំណត់ឡើងវិញនោះ ហើយអគ្គនាយកពន្ធដារនឹងជួយស្នើសុំការលើកលែងទោសទណ្ឌពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបន្តថា ពាក់ព័ន្ធនឹងពន្ធលើអត្ថប្រយោជន៍បន្ថែម JBAC យល់ឃើញថា ជាការយកពន្ធត្រួតលើពន្ធ ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារ បានស្នើឱ្យ JBAC រៀបចំលិខិតតវ៉ាជូនមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើការកែតម្រូវការកំណត់ពន្ធលើអត្ថប្រយោជន៍នេះឡើងវិញជូន និងនៅក្នុងករណីចាំបាច់នឹងរៀបចំសេចក្ដីណែនាំបន្ថែមទាក់ទិននឹងការកំណត់មូលដ្ឋានគិតពន្ធលើអត្ថប្រយោជន៍នេះ ដើម្បីចៀសវាងមានបញ្ហានេះកើតមានបន្តទៀត។
បើតាម លោក គង់ វិបុល កង្វល់ និងបញ្ហាផ្សេងៗដែលក្រុមហ៊ុនជប៉ុនជួបប្រទះតែងតែត្រូវបានយកមកពិភាក្សា និងយកចិត្តទុកដាក់ដោះស្រាយ តាមរយៈកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានពន្ធដារ និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន (JBAC)។
លោក គង់ វិបុល បានថ្លែងថា៖ «វិនិយោគិនជប៉ុនកន្លងមកតែងតែព្យាយាមស្វែងយល់ពីច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារ ក៏ដូចជាមានឆន្ទៈខ្ពស់ក្នុងការចូលរួមគោរពច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជាបានយ៉ាងល្អប្រសើរ»។
លោក KANDA Yogo បាននិយាយថា JBAC ទទួលយកនូវការឆ្លើយតបរបស់អគ្គនាយកដ្ឋានពន្ធដារ និងសន្យាធ្វើការកែតម្រូវការខ្វះចន្លោះនានាកន្លងមកឱ្យបានកាន់តែល្អព្រមទាំងបានស្នើសុំការបន្តគាំទ្រពីអគ្គនាយកដ្ឋានពន្ធដារក្នុងការផ្សព្វផ្សាយពីបទប្បញ្ញត្តិថ្មីៗ ពិសេសបទប្បញ្ញត្តិស្តីពីវិធាន និងនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកដល់សមាជិក JBAC។
លោក KANDA Yogo បានថ្លែងថា៖ «តាងនាមឱ្យសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុននឹងខំឱ្យអស់ពីសមត្ថភាពក្នុងការផ្សព្វផ្សាយឱ្យវិនិយោគិនជប៉ុនបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវទៅតាមច្បាប់ស្តីពីពន្ធដារជាធរមាន ហើយសមាគម JBAC នឹងត្រៀមខ្លួនចូលរួមសិក្ខាសាលានានាដែលផ្សព្វផ្សាយនូវបទប្បញ្ញត្តិថ្មីៗ»។
អគ្គនាយកដ្ឋានពន្ធដារ និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាក្នុងការចែករំលែកព័ត៌មាន និងផ្តល់សេវាពន្ធដារឱ្យកាន់តែប្រសើរឡើងថែមទៀតក្នុងគោលដៅកាត់បន្ថយជាអតិបរមានូវបញ្ហាប្រឈមនានា។ តបតាមសំណើរបស់ JBAC និងជាទិសដៅអនុវត្តពេលអនាគត អគ្គនាយកដ្ឋានពន្ធដារនឹងរៀបចំសិក្ខាសាលាជាភាសាអង់គ្លេសដើម្បីផ្សព្វផ្សាយស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិ-ការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកជូន JBAC៕ LA