ភ្នំពេញៈ ការផ្លាស់ប្តូរ​ទំនិញ​ទ្វេភាគី​រវាង​កម្ពុជា-​កូរ៉េ នៅក្នុង​រយៈពេល ២ ​ខែ​ដើមឆ្នាំ ​២០២២ មាន​ទឹកប្រាក់​ជាង ១៩៥​ លាន​ដុល្លារ កើន​ជាង ២២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ខណៈ​ការនាំ​ចូល​ពី​ប្រទេស​កូរ៉េ​បាន​ហក់​ឡើង​រហូតដល់​ជិត ៤០ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ (Kita)​។

ទិន្នន័យ Kita កាលពី​ចុង​សប្តាហ៍​មុន​ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកុម្ភៈ ឆ្នាំ​ ២០២២ ការនាំចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា​-​កូរ៉េ មាន​ទឹកប្រាក់​សរុប ១៩៥,១២ ​លាន​ដុល្លារ កើន​ពី​ចំនួន ១៥៨,៩៤ ​លាន​ដុល្លារ នារយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ ឬ​ស្មើនឹង​កំណើន ២២,៧៦​ ភាគរយ​។ ក្នុងនោះ​ការនាំ​ទំនិញ​ពី​ប្រទេស​កូរ៉េ មក​កម្ពុជា​មាន​ទឹកប្រាក់ ១៣០,៥៧ ​លាន​ដុល្លារ កើន ៣៩,១ ​ភាគរយ​ពី​ចំនួន​ ៩៣,៩០​ លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​កូរ៉េ មាន​ទឹកប្រាក់ ៦៤,៥៥ ​លាន​ដុល្លារ ធ្លាក់ចុះ -០,៨ ​ភាគរយ ពី​ចំនួន ៦៥,០៥ ​លាន​ដុល្លារ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា ប្រទេស​កម្ពុជា និង​កូរ៉េ ក្រៅពី​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម កម្ពុជា​ក៏មាន​ពលករ​ខ្លួន​ជាច្រើន​នាក់​កំពុង​បម្រើការ​នៅ​ប្រទេស​កូរ៉េ​ផងដែរ​។ ទំនាក់ទំនង​ទាំងនេះ​បានធ្វើឱ្យ​កំណើន​នៃ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ​២ កើន​ឡើងជា​លំដាប់ ពិសេស​ចាប់ពី​ឆ្នាំ​ ២០២២ នេះ​តទៅ​។ លោក​បន្តថា ក្រៅពី​ការវិនិយោគ​របស់​ជនជាតិ​កូរ៉េ ដែល​កំពុងមាន​ភាគច្រើន​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់ ការវិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត​ពិសេស​វិស័យ​កសិកម្ម​ត្រូវ​រំពឹងថា នឹងមាន​កំណើន​ខ្ពស់​ចាប់ពីពេលនេះ​តទៅ​។

លោក​បាន​បន្តថា​៖ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី មានន័យ​ការចរាចរ​ទំនិញ​រវាង​ប្រទេស​ជា​ដៃគូ​នឹងមាន​ភាពងាយស្រួល​ជាង​មុន ហើយក៏​អាចមាន​លក្ខខណ្ឌ​នៃ​ការលើកលែង​ពន្ធ​មួយចំនួន​ដែរ ដូច្នេះ​កម្ពុជា​ដែលជា​ប្រទេស​មាន​កម្លាំង​ពលកម្ម​សម្បូរបែប នឹង​អាច​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​កិច្ចព្រមព្រៀង​នេះ​»​។

បើតាម​លោក លឹម ហេង ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​កូរ៉េ​មានដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់​អេឡិចត្រូនិក កៅស៊ូ ថ្នាំពេទ្យ និង​ផលិតផល​កសិកម្ម​។ ចំណែក​ផលិតផល​ដែល​កម្ពុជា​នាំចូល​មកវិញ​រួមមាន យានយន្ត គ្រឿង​អេឡិចត្រូនិក សម្ភារ​ផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និង​ផលិតផល​ប្លាស្ទិក ជាដើម​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២១ ខែមីនា​ថា ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​កម្ពុជា កូរ៉េ បាន​បន្ត​កើន​ឡើងជា​លំដាប់​បើទោះបី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​នៅ​មិនទាន់មាន​ភាពល្អប្រសើរ​ដូច​មុនពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ និង​វិស័យ​ដឹកជញ្ជូន​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ក៏ដោយ​។ លោក​បន្តថា សម្រាប់​រយៈពេល​ទៅមុខ ទំហំ​ទឹកប្រាក់​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំង ២ នឹងមាន​កម្រិត​ខ្ពស់​បន្ថែមទៀត ព្រោះ​ក្រៅពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP)​ ដែល​ប្រទេស​កម្ពុជា និង​កូរ៉េ ជា​សមាជិក​បាន​ចូល​ជា​ធរមាន​កាលពី​ដើមឆ្នាំ​ ២០២២ កម្ពុជា​-​កូរ៉េ ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយគ្នា​ដែល​រំពឹង​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​ ២០២២ នេះ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ភាព​វិជ្ជមាន​នេះ​នឹង​កើតមាន​ជា​បន្តទៀត ពិសេស​ការចូល​ជាធរ​មាននៃ CKFTA ក្នុងពេល​ឆាប់ៗ​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យមាន​សម្ទុះ​យ៉ាងខ្លាំង​»​។

ទោះយ៉ាងណា ជាមួយនឹង​ទិន្នន័យ​ដែល​បង្ហាញ​ពី​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​របស់​កម្ពុជា ​(​ទឹកប្រាក់​នាំចេញ​ទាប​ជាង​នាំចូល​) លោក វណ្ណៈ បាន​អះអាងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម CKFTA នឹង​អាចជួយ​ឱ្យ​សកម្មភាព​នៃ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​កើនឡើង ព្រោះ​ភាពអនុគ្រោះ​នៃ​លក្ខខណ្ឌ​កិច្ចព្រមព្រៀង នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​បរទេស ព្រមទាំង​ជនជាតិ​កូរ៉េ ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ដើម្បី​ផលិត​ផលិតផល​នាំចេញ​ទៅ​ទីផ្សារ​កូរ៉េ​វិញ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា CKFTA នឹង​ជួយ​កាត់បន្ថយ​គម្លាត​នៃ​ជញ្ជីងពាណិជ្ជកម្ម​ខាងលើ​បាន​យ៉ាងច្រើន ព្រោះ​កត្តា​ភូមិសាស្ត្រ ច្បាប់​វិនិយោគ និង​កត្តា​កម្លាំង​ពលកម្ម​សម្បូរបែប នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​កូរ៉េ​កាន់តែច្រើន​ក្នុងពេល​ឆាប់ៗ​»​។

ក្រសួង​ពាណិជ្ជកម្ម ធ្លាប់​បាន​ឱ្យដឹងថា កិច្ចព្រមព្រៀង CKFTA នឹង​ផ្តល់​ការរួច​ពន្ធ​ដល់​ទំនិញ​កម្ពុជា​ជាង ១ ​ម៉ឺន​មុខ​ទៅកាន់​ទីផ្សារ​កូរ៉េ​។

ក្នុង​ឆ្នាំ​ ២០២១ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង ​២ មាន​ទឹកប្រាក់​សរុប ៩៥៦,១៣ ​លាន​ដុល្លារ កើនឡើង ៨ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២០ ដែលមាន ៨៨៥,៣២ ​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ Kita៕ LA