ទីក្រុងហុងកុងៈ Evergrande ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ខ្នាត​យក្ស​របស់​ប្រទេស​ចិន និង​គ្រប់​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន​ទាំងអស់ បាន​ផ្អាក​ការជួញដូរ​ក្នុង​ទីក្រុង​ហុងកុង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​។ នេះ​បើតាម​ការជូនដំណឹង​ដល់​ផ្សារហ៊ុន​។

ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ប្រទេស​ចិន​បាន​ប្រឹងប្រែង​តស៊ូ​ក្រាញននៀល​ក្នុង​បុព្វហេតុ​នៃ​ការជំរុញ​របស់​ទីក្រុង​ប៉េកាំង ដើម្បី​ទប់ស្កាត់​បំណុល​លើសលប់​នៅក្នុង​វិស័យ​អចលនទ្រព្យ ក៏ដូចជា​ការរំពឹងទុក​របស់​អ្នកប្រើប្រាស់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។

ក្នុងចំណោម​ក្រុមហ៊ុន​ដែល​ជាប់គាំង​ក្នុង​វិបត្តិ​នោះ​គឺ Evergrande ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំ​បំផុត​មួយ​របស់​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​ការចរចា​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ បន្ទាប់ពី​ប្រមូល​បំណុល​ចំនួន ៣០០ ​ពាន់​លាន​ដុល្លារ​។

នៅ​ថ្ងៃ​ចន្ទ​ក្រុមហ៊ុន​បាន ប្រកាស​ថា ការជួញដូរ​នឹងត្រូវ​បាន «​បញ្ឈប់​» ​ដោយ​មិន​ផ្តល់​មូលហេតុ​ច្បាស់លាស់​។

សេចក្តី​ជូនដំណឹង​មួយ​ទៅកាន់​ផ្សារ​ហ៊ុន​ហុងកុង​បាន​និយាយថា​៖ «​ក្រៅពីនោះ រាល់​ផលិតផល​ដែលមាន​រចនាសម្ព័ន្ធ​ទាំងអស់​ទាក់ទង​នឹង​ក្រុមហ៊ុន ក៏​នឹង​ត្រូវបាន​បញ្ឈប់​ពី​ការជួញដូរ​ក្នុងពេល​តែមួយ​ដែរ​»​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន Evergrande Property Services Group និង China Evergrande New Energy Vehicle Group ត្រូវបាន​ផ្អាក​។

ការព្យួរ​នេះ​ដែលជា​លើក​ទី​ ២ ក្នុងឆ្នាំនេះ កើតឡើង​មុន​ការរំពឹងទុក​នៃ​កាតព្វកិច្ច​ទូទាត់​សង​វិញ​នូវ​ទឹកប្រាក់​ចំនួន​ ២​ ពាន់​លាន​ដុល្លារ​នៅ​ថ្ងៃ​ពុធ និង​មួយទៀត​នៅ​ខែក្រោយ​ចំនួន ១,៤ ​ពាន់​លាន​ដុល្លារ​។

អ្នកអភិវឌ្ឍន៍​ដែល​ជាប់គាំង​ត្រូវបាន​ដាក់​ស្លាកថា «​ខកខាន​ការទូទាត់​បំណុល​» ដោយ​ក្រុមហ៊ុន​វាយតម្លៃ​អន្តរជាតិ​នៅក្នុង​ខែធ្នូ បន្ទាប់ពី​ក្រុមហ៊ុន​មិនបាន​សងបំណុល​ទាន់ពេលវេលា​។

ការតស៊ូ​នៅពេល​មុននេះ​ក្នុង​ការទូទាត់​ប្រាក់​ឱ្យ​អ្នកផ្គត់ផ្គង់​ និង​អ្នកម៉ៅការ​ដោយសារ​វិបត្តិ​បំណុល​បាន​នាំឱ្យមាន​ការតវ៉ា​ជា​ហូរហែ​ពី​អ្នកទិញ​ផ្ទះ និង​អ្នកវិនិយោគ​នៅ​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ស៊ិនជិន (Shenzhen) របស់​ក្រុម​ក្នុង​ខែកញ្ញា​។

ក្រុមហ៊ុន​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា ខ្លួន​នឹង​បញ្ចប់​គម្រោង​របស់ខ្លួន ហើយ​ប្រគល់​ផ្ទះ​ទៅឱ្យ​អ្នកទិញ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​គ្មាន​សង្ឃឹម ដើម្បី​សង្គ្រោះ​បំណុល​របស់ខ្លួន​។

ប៉ុន្តែ​នៅក្នុង​ខែមករា ក្រុមហ៊ុន​ត្រូវបាន​បញ្ជា​ដោយ​អាជ្ញាធរ​ឱ្យ​រុះរើ​អគារ​ចំនួន ៣៩ ​នៅលើ​កោះ Hainan ដោយសារតែ​សំណង់​ទាំងនោះ​ត្រូវបាន​សាងសង់​ដោយ​ខុសច្បាប់​នៅលើ​ប្រជុំ​កោះ​សិប្បនិម្មិត​នៅក្នុង​មជ្ឈមណ្ឌល​ទេសចរណ៍​។

ក្រុមហ៊ុន​នេះ​បាន​ព្យាយាម​លក់​ទ្រព្យសម្បត្តិ​របស់លោក Hui Ka Yan ប្រធាន​ក្រុមហ៊ុន ព្រមទាំង​បាន​សងបំណុល​មួយចំនួន​ដោយ​ប្រើ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់គាត់​។

ផលលំបាក​របស់ Evergrande បាន​ជះឥទ្ធិពល​ដល់​វិស័យ​អចលនៈទ្រព្យ​ទាំងមូល​នៅ​ប្រទេស​ចិន ជាមួយ​នឹង​ក្រុមហ៊ុន​តូចៗ មួយចំនួន​ដែល​ខកខាន​មិនបាន​ផ្តល់​ប្រាក់កម្ចី ហើយ​ក្រុមហ៊ុន​ផ្សេងទៀត​កំពុង​តស៊ូ​ស្វែងរក​សាច់ប្រាក់​គ្រប់គ្រាន់​។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្រមាន​កាលពី​ចុងខែ​មករា​ថា វិបត្តិ​មូលនិធិ​អចលនទ្រព្យ​អាចមាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ទូលំទូលាយ និង​ទីផ្សារ​ពិភពលោក​៕ RR