ភ្នំពេញៈ វិស័យ​ឯកជន​បាន​អះអាងថា ការនាំចេញ​ស្វាយស្រស់​ទៅកាន់​ប្រទេស​ចិន​ដោយផ្ទាល់ និង​តាម​ច្រក​វៀតណាម កំពុង​តែ​ជួប​បញ្ហា​ប្រឈម​ខ្លាំង ដោយសារ​ការរីករាល​ជាថ្មី​នៃ​មេរោគ​កូវីដ​ ១៩ ក្នុងប្រទេស​ចិន និង​ការប្រកួត​ប្រជែង​តម្លៃ​ខ្លាំង​ជាមួយ​ប្រទេសជិតខាង​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន​ត្រូពិកខេម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២២ ខែមីនា​ថា ការនាំចេញ​ស្វាយ​កំពុង​ជួប​បញ្ហា​ដោយសារ​វិធាន​ការបិទ​ខ្ទប់​របស់​ប្រទេស​ចិន បានធ្វើឱ្យ​ស្វាយ​ស្រស់​របស់​កម្ពុជា និង​ប្រទេស​ដទៃទៀត​កកស្ទះ​នៅ​កំពង់ផែ ខណៈ​តម្លៃ​វិញ​ក៏​ធ្លាក់ចុះ​ខ្លាំង​ដែរ​។ លោក​បន្ថែមថា សម្រាប់​ការនាំចេញ​ស្វាយ​ស្រស់​ទៅតាម​វៀតណាម គឺ​បាន​ផ្អាក ដោយសារ​ការបិទច្រក​ព្រំដែន​រវាង​ចិន និង​វៀតណាម ខណៈ​ស្វាយ​នាំចេញ​ត្រង់​ទៅ​ប្រទេស​ចិន​បាន​កកស្ទះ​ដោយសារតែ​កំពង់ផែ​ភាគច្រើន​ត្រូវបាន​ផ្អាក ព្រោះ​ការផ្ទុះ​ឡើងវិញ​នៃ​មេរោគ​កូវីដ​ ១៩ ទើប​បណ្តាលឱ្យ​ការបញ្ជា​ទិញ​ធ្លាក់ចុះ ព្រោះ​ផ្សារ​មួយចំនួន​ត្រូវបាន​បិទខ្ទប់​។

លោក​ថ្លែងថា​៖ «​បញ្ហា​ប្រឈម​មួយទៀត គឺ​ដល់ពេល​ប្រទេស​ជិតខាង​ប្រមូល​ផល​ស្វាយ​ដែរ ដូចនេះ​មានការ​ប្រកួតប្រជែង​តម្លៃ​ខ្លាំង​។ ចំពោះ​បញ្ហា​នេះ ខ្ញុំ​គិតថា​វា​កើត​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ទោះយ៉ាងណា​យើង​ត្រូវតែ​ពង្រឹង​រៀបចំ​ឡើងវិញ ធ្វើយ៉ាងណា​ដើម្បីឱ្យ​ស្វាយ​យើង​មាន​ស្តង់ដា​ខ្ពស់ មាន​រោងចក្រ​លាង​សម្អាត វេចខ្ចប់ និង​ប្រព្រឹត្តិកម្ម​ទឹក​ក្តៅ​ ដើម្បី​សម្លាប់​ពងរុយ​។ មួយទៀត​ការឡើង​ថ្លៃ​នៃ​ធាតុ​ចូល​កសិកម្ម ក៏​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ការនាំចេញ​ស្វាយ​ស្រស់​នេះដែរ​»​។

ទោះយ៉ាងណា​លោក​អះអាងថា ការនាំចេញ​ស្វាយ​ទៅ​ប្រទេស​ចិន​នៅតែ​អាច​ដំណើរការ​បាន​គ្រាន់​តែមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។ មិន​ត្រឹមតែ​កម្ពុជា​ទេ ប្រទេស​វៀតណាម​ក៏​ជួប​បញ្ហា​នេះដែរ ព្រោះ​ជា​ពេលវេលា​ដ៏លំបាក​។ លោក​បន្តថា បើសិន​អាច គេ​គួរ​មាន​យន្តការ​ ដើម្បី​រៀបចំ​ប្រមូល​កែច្នៃ​ជា​តំណាប់ ឬ​ទឹក​ស៊ីរ៉ូ​សម្រាប់​រយៈពេល​វែង ឬ​មធ្យម​នាពេល​អនាគត​។

ក្រុមហ៊ុន​អង្គរហ្គ្រីន ក៏​កំពុង​ជួប​បញ្ហា​ស្រដៀង​គ្នា​នេះដែរ ដោយ លោក វណ្ណ ឫទ្ធី នាយកប្រតិបត្តិ​នាយកដ្ឋាន​នាំចេញ​នៃ​ក្រុមហ៊ុន​នេះ​បាន​ប្រាប់ថា ចាប់​តាំងពី​ខែតុលា ឆ្នាំ​ ២០២១ មក​ក្រុមហ៊ុន​លោក​មិនបាន​នាំ​ស្វាយ​ចេញទៅ​ប្រទេស​ចិន​ទេ ដោយបាន​នាំទៅ​ប្រទេស​វៀតណាម និង​ថៃ​ប៉ុណ្ណោះ​។

លោក​បន្ថែមថា កន្លងទៅ ក្រុមហ៊ុន​បាន​នាំចេញ​ស្វាយស្រស់​ទៅ​ប្រទេស​ចិន​តាមរយៈ​វៀតណាម ប៉ុន្តែ​ក្រោយ​មាន​ការបិទ​ច្រកព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​ដោយ​បញ្ហា​កូវីដ​ ១៩ ក្រុមហ៊ុន​មិនអាច​នាំ​ស្វាយ​ទៅ​ចិន​បានទេ​។ ការនាំចេញ​ដោយផ្ទាល់​ជួប​ការលំបាក​ច្រើន ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​ការនាំ​ចេញទៅ​ចិន​ផ្ទាល់ យើង​ជួប​ការលំបាក​ច្រើន​ដូចជា​កង្វះ​ទូ​កុងតឺន័រ ពិបាក​កក់ ហើយ​បញ្ហា​កូវីដ​នៅ​ចិន​មិនទាន់​ធូរស្រាល​នៅឡើយ​។ ការលក់​របស់​យើង​ដើម​ឆ្នាំនេះ​ធ្លាក់ចុះ ៧០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​»​។

ចំពោះ​បញ្ហា​នេះ លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្នុង​កិច្ចពិភាក្សា​ជាមួយ​វិស័យ​ឯកជន​ស្តីពី​បញ្ហា​ប្រឈម​ និង​កាលានុវត្តភាព​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​ដំណាំ និង​ការនាំចេញ​ក្នុង​ថ្ងៃទី ​២២ ខែមីនា បាន​ថ្លែងថា លោក​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​វិស័យ​ឯកជន​ពី​បញ្ហា​ការនាំចេញ​ស្វាយស្រស់​នេះ ជាពិសេស​បញ្ហា​ធាតុ​ចូល​កសិកម្ម​។

លោក​បន្ថែមថា តម្លៃ​ស្វាយស្រស់​នឹងមាន​បញ្ហា​នៅពេល​ការប្រមូលផល​ស្វាយ​ក្នុង​រដូវ​តែមួយ​ជាមួយ​ប្រទេស​ជិតខាង​កម្ពុជា ដោយ​លោក​ជំរុញ​ឱ្យ​កសិករ និង​វិស័យ​ឯកជន​ជំរុញ​ការដាំដុះ​ស្វាយ​ខុសរដូវ​វិញ​។

លោក​និយាយថា​៖ «​ក្រសួង​កសិកម្ម បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក ដើម្បី​កៀរគរ​អ្នកវិនិយោគ​ធ្វើ​យ៉ាងណា​ទាក់ទាញ​ពួកគេ​ឱ្យ​បោះទុន​លើ​ផ្នែក​កែច្នៃ និង​រោងចក្រ​លាង​សម្អាត​ឱ្យបាន​ច្រើន ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ ពេល​ប្រមូល​ផលស្វាយ​»​។

របាយការណ៍​ក្រសួងកសិកម្ម​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២១ ការនាំចេញ​ស្វាយ​ស្រស់ និង​ផលិតផល​ពី​ផ្លែស្វាយ​មាន​បរិមាណ​សរុប ២៦៥ ២២៩,៧៦ តោន​ដោយ​ក្នុងនោះ​ផ្លែស្វាយ​ស្រស់​មាន ២៤២ ៤៨៣,៧៦ តោន កើនឡើង ១៤៨,៣៨ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០​។ ទីផ្សារ​វៀតណាម​ស្រូបយក​ផលិតផល​ផ្លែស្វាយ​ស្រស់​ច្រើនជាងគេ ដោយមាន​ ១៩៩ ០៧៧,៣៨ តោន​, ថៃ ៣៨ ៤១៩,២៨ តោន​, ចិន ៤៧៧១ តោន​, និង​ប្រទេស​កូរ៉េ ១៤៩,១១​ តោន​៕ LA