
កសិករត្រងស្រូវចេញពីម៉ាស៊ីននៅក្នុងខេត្តកំពង់ឆ្នាំង។ រូបថត រ៉ាស់ហ៊ីម
ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា (Contract farming law) កំពុងស្ថិតនៅក្នុងដំណាក់កាលត្រួតពិនិត្យរបស់ក្រសួងយុត្តិធម៌នៅឡើយ ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រំពឹងថា នឹងអាចដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។
លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំ និងតាក់តែងច្បាប់នេះបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ ខែមីនាថា សេចក្តីព្រាងច្បាប់នេះមានគោលបំណងរក្សាស្ថិរភាពតម្លៃទំនិញកសិកម្ម និងទាក់ទាញអ្នកវិនិយោគ ក៏ដូចជាការលើកកម្ពស់ភាពជាដៃគូសាធារណៈ ឯកជន និងអ្នកផលិតនៅកម្ពុជា។
លោកបន្ថែមថា ថ្វីដ្បិតតែមិនទាន់មានច្បាប់ជាផ្លូវការ ប៉ុន្តែមានការអនុវត្តជាបន្តបន្ទាប់។ ជាក់ស្តែងនៅពេលកើតមានបញ្ហាពាក់ព័ន្ធកិច្ចសន្យាកសិកម្មនេះ គណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាដែលមានសមាសភាពមកពី ១៩ ក្រសួងស្ថាប័ន និងអភិបាលរាជធានី-ខេត្តជាសមាជិកដែលបានប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីជួយដោះស្រាយបញ្ហា។
លោកបញ្ជាក់ថា៖ «ដោយឡែកយើងបានបង្កើតអនុគណៈកម្មាធិការមួយទៀត ដែលមានអភិបាលរាជធានី-ខេត្តនីមួយៗជាប្រធាន និងមានប្រធានមន្ទីរកសិកម្មជាសមាជិក ដូចនេះនៅពេលមានបញ្ហាណាមួយកើតឡើង អនុគណៈកម្មាធិការនេះ នឹងជួយដោះស្រាយបាន»។
ទោះយ៉ាងណាលោកទទួលស្គាល់ថា ការអនុវត្តនាពេលកន្លងមក គឺនៅមានកំណត់នៅឡើយ មិនទាន់មានភាពទូលំទូលាយ និងមានភាពច្របូកច្របល់ជាមួយនឹងកិច្ចសន្យាមិនផ្លូវការ ដែលគូភាគីបានធ្វើជាឯកជន ដោយបានបង្កឱ្យកើតបញ្ហាមួយចំនួនផងដែរ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ឱ្យដឹងថា ដើម្បីទាក់ទាញឱ្យមានការចូលរួមវិនិយោគលើវិស័យកសិកម្មកាន់តែច្រើន គឺទាមទារនូវការអនុវត្តច្បាប់នានាប្រកបដោយប្រសិទ្ធភាព ពិសេសច្បាប់ស្តីពីកិច្ចសន្យាកសិកម្ម។ បើការអនុវត្តច្បាប់នេះប្រកបដោយប្រសិទ្ធភាពនោះនឹងអាចទាក់ទាញអ្នកវិនិយោគធំៗឱ្យមានការទុកចិត្ដ និងមានលទ្ធភាពសហការជាមួយកសិករដែលមានដីស្រែ ដីចម្ការក្នុងការប្រមូលផ្តុំដីកសិកម្មបានទំហំធំៗងាយស្រួលបណ្តាក់ទុន។
លោកបានបន្តថា កន្លងមកការអនុវត្តកិច្ចសន្យាកសិកម្មនេះ នៅមានភាពធូររលុងនៅឡើយដែលធ្វើឱ្យមានបញ្ហាប្រឈមជាច្រើនក្នុងការចូលរួមជួយជំរុញកំណើនសេដ្ឋកិច្ច។
លោកបញ្ជាក់ថា៖ «សព្វថ្ងៃនេះ ការអនុវត្តកិច្ចសន្យាកសិកម្ម និងកិច្ចសន្យាផ្សេងៗទៀតជាមួយប្រជាពលរដ្ឋក៏ដូចជាកសិករ គឺមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។ ពេលយើងបណ្តាក់ទុនរួមគ្នា ឧទាហរណ៍ថា យើងឱ្យពូជ ឱ្យជី គាត់ធ្វើ តែពេលគាត់ធ្វើបាន គាត់ឱ្យគេផ្សេង ក៏យើងមិនអាចធ្វើអ្វីគាត់បាន។ ហើយពេលទំនិញធ្លាក់ថ្លៃ ក៏មិនមានការដោះស្រាយបាន។ នេះហើយជំរុញឱ្យការវិនិយោគលើវិស័យកសិកម្មមិនអាចទុកចិត្តគ្នាបាន»។
ពេលកន្លងមក Amru Rice បានអនុវត្តកិច្ចសន្យាកសិកម្មជាមួយកសិករទទួលបានជោគជ័យច្រើន បើទោះមិនទាន់មានច្បាប់ជាផ្លូវការក៏ដោយ។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Amru Rice បានប្រាប់ថា មានកត្តា ៦ យ៉ាង ដែលជំរុញឱ្យការងារនេះទទួលបានជោគជ័យ។
លោកបានបញ្ជាក់ថា៖ «ទី ១ ភាគីទាំង ៣ រួមមានរដ្ឋាភិបាល ក្រុមហ៊ុនខ្ញុំផ្ទាល់ និងកសិករ មានការយោគយល់គ្នា,ទី ២ ការអត់ធ្មត់ និងរក្សាភាពស្មោះត្រង់ ទី ៣ ហិរញ្ញប្បទានដែលមានធនាគារ ARDB និង MFI bank និងធនាគារឯកជននានា ទី ៤ ការរួមគ្នាក្នុងការធានាតម្លៃនៃធាតុចូលកសិកម្មឱ្យសមស្រប ទី ៥ ការភ្ជាប់ទីផ្សារក្រៅប្រទេស និងទី ៦ ដៃគូគាំទ្រដូចជាផ្នែកប្រព័ន្ធផ្សព្វផ្សាយ ក៏ជានិស្សិតស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យកសិកម្ម។ កត្តាទាំងនេះ បានជំរុញឱ្យការអនុវត្តកិច្ចសន្យាកសិកម្មជាមួយកសិករកន្លងមកមានភាពរលូន»។
លោក សុង សារ៉ន រំពឹងថា នៅពេលសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យាទទួលបានការអនុម័តឱ្យប្រើប្រាស់ជាផ្លូវការនឹងអាចជួយជំរុញការងារនេះឱ្យកាន់តែមានភាពរលូនថែមទៀត។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្មបានផ្តើមរៀបចំសេចក្តីព្រាងបង្កើតច្បាប់ផលិតកម្មកសិកម្មតាមកិច្ចសន្យានាអំឡុងដើមឆ្នាំ ២០២០ ដែលច្បាប់នេះនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍កសិកម្ម ក៏ដូចជា ការបង្កលក្ខណៈងាយស្រួលរវាងពាណិជ្ជករ ផលិតករ និងអ្នកទិញផងដែរ៕LA