ភ្នំពេញៈ ការប្រែប្រួល​អាកាសធាតុ​កំពុង​ធ្វើឱ្យ​ដំណើរ​ការផលិត​អំបិល​នៅ​ខេត្តកំពត​ដែលជា​ទីតាំង​ផលិត​អំបិល​ធំជាងគេ​នៅ​កម្ពុជា​កំពុង​បង្ហាញ​ធ្លាក់​ចុះ​គួរឱ្យ​កត់សម្គាល់ ខណៈ​ការធ្លាក់ចុះ​បរិមាណ​នេះ​អាច​នឹង​ជំរុញ​ឱ្យមាន​ការនាំចូល​អំបិល​ពី​ក្រៅប្រទេស​មក​បំពេញ​តម្រូវការ​ក្នុងស្រុក​។ នេះ​បើតាម​អ្នក​នៅក្នុង​វិស័យ​ផលិតកម្ម​អំបិល​។

ជាទូទៅ​កន្លែង​ផលិត​អំបិល​នៅ​កម្ពុជា​មាន​នៅ​ក្នុង​ខេត្តកំពត និង​ខេត្ត​កែប ប៉ុន្តែ​ការផលិត​ភាគច្រើន​មាន​ក្នុង​ខេត្តកំពត​។ ធម្មតា​ការប្រមូលផល​អំបិល អាច​ធ្វើបាន​ចាប់ពី​ដើមខែ​មករា ដល់​ខែឧសភា ក្នុង​ឆ្នាំ​នីមួយៗ​។

ម្ចាស់​សិប្បកម្ម​ផលិត​អំបិល ថូង អ៊ិនធ័រប្រាយស៍ ដែលមាន​ទីតាំងនៅ​ក្រុង​កំពត ខេត្តកំពត លោក ប៊ុន ណារិន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២២ ខែមីនា ថា ជាទូទៅ​ខែមីនា និង​មេសា គឺជា​ពេលដែល​អំបិល​ផ្តល់​ផល​ច្រើន​បំផុត​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​សម្រាប់​រយៈពេល ៣ សប្តាហ៍​ដំបូង​ក្នុង​ខែមីនា​នេះ​ការប្រមូល​ផល​អំបិល​មិនបាន​ច្រើន​ឡើយ ព្រោះ​ក្នុង​ខេត្តកំពត​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ជាពិសេស​ចាប់ពី​សប្តាហ៍​មុន​មក ភ្លៀង​បាន​ធ្លាក់​ស្ទើរតែ​រាល់ថ្ងៃ​។ លោក​បន្តថា បើ​ពិនិត្យ​តាម​ស្ថានភាព​ភ្លៀង​បែបនេះ គឺ​បរិមាណ​អំបិល​ផលិត​បាន​ក្នុង​ឆ្នាំ​ ២០២២ នេះ​នឹង​ធ្លាក់​ចុះបើ​ធៀប​នឹង​ឆ្នាំកន្លងមក​។

លោក​អះអាង​ថា​៖ «​ទោះបី​ឆ្នាំនេះ​យើង​បានចាប់ផ្តើម​ប្រមូលផល​តាំងពីដើម​ខែមករា ប៉ុន្តែ​ចូលមក​ដល់​ដើមខែ​ ៣ (​ខែមីនា​) តំបន់​ផលិត​អំបិល​ក្នុង​ខេត្តកំពត ភាគច្រើន​ទទួលរង​ផលប៉ះពាល់​ពី​ការ​ធ្លាក់ភ្លៀង ដែល​ធ្វើឱ្យ​ការប្រមូលផល​មាន​បរិមាណ​តិចតួច​នៅឡើយ​។ តាម​ការប៉ាន់ស្មាន​ផល​អំបិល​ឆ្នាំនេះ នឹង​ធ្លាក់​ទាប​ជាង​ឆ្នាំមុន​»​។

យោងតាម​លោក ណារិន ក្នុង​រយៈពេល ៤-៥ ​ឆ្នាំ​ចុងក្រោយ​នេះ ការប្រែប្រួល​នៃ​អាកាសធាតុ​បាន​កើនឡើង​ជា​រៀងរាល់ឆ្នាំ ធ្វើឱ្យ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ដំណើរ​ការផលិត និង​ប្រមូលផល​អំបិល​។ លោក​និយាយថា​៖ «​ក្នុង​ឆ្នាំ​ដែល​អាកាសធាតុ​អំណោយផល នៅត្រឹម​អំឡុង​ខែមីនា គេ​អាច​ផលិត​អំបិល​បាន​ប្រមាណ ៤ ​ម៉ឺន​តោន​»​។

នៅក្នុង​ថ្ងៃទី​ ២២ ខែមីនា អំបិល​នៅ​កន្លែង​ប្រមូលផល​អាច​មាន​តម្លៃ​ពី ១៥ ០០០-១៦ ០០០​ រៀល​ក្នុង​ ១ ​បាវ​ទម្ងន់ ៥០ ​គីឡូក្រាម ដោយ​កើន​ពី​តម្លៃ ១២ ០០០​ រៀល​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​លោក ណារិន​។

លោក​ប្រាប់ទៀតថា បច្ចុប្បន្ន​ក្រៅពី​បញ្ហា​អាកាសធាតុ ការផលិត​អំបិល​នៅ​កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម​ផងដែរ ជាក់ស្តែង​កន្លែង​របស់​លោក​ដែល​កាលពី​ប៉ុន្មាន​ឆ្នាំមុន​មាន​កម្លាំង​ពលកម្ម​ជាង ៤០ ​នាក់ ឥឡូវនេះ​មាន​អ្នកធ្វើការ​ជាង ១០ ​នាក់​ប៉ុណ្ណោះ​។ លោក​លើកឡើង​ថា​៖ «​កង្វះ​ពលកម្ម​ក៏​រួមចំណែក​ធ្វើឱ្យ​ការប្រមូល​ផល​ធ្លាក់ចុះ​ដែរ ព្រោះ​កន្លងមក​នៅពេល​មេឃ​មិនល្អ យើង​អាចមាន​កម្លាំង​ប្រមូលផល​យកមក​ទុក​គ្រប់គ្រាន់ ប៉ុន្តែ​ពេលនេះ គឺ​មិនមាន​ច្រើន​ទេ​»​។

បន្ថែម​ពីលើ​នេះ លោក ប៊ុន បារាំង អ្នក​ផលិត​អំបិល​ក្នុង​ខេត្តកំពត​ក៏បាន​លើកឡើង​ដែរ​ថា អ្នកវិនិយោគ​លើ​ការផលិត​អំបិល​នៅក្នុង​ឆ្នាំ​ ២០២២ ​នេះ កំពុង​ទទួលផល​ប៉ះពាល់​ខ្លាំង ដោយ​ក្នុង​ខែមីនា​នេះ ភ្លៀង​បាន​ធ្លាក់ចុះ​ស្ទើរ​រាល់ថ្ងៃ​។ តាម​ការប៉ាន់ស្មាន ទិន្នផល​អំបិល​ក្នុងឆ្នាំនេះ​អាច​ធ្លាក់ចុះ​ច្រើន បើ​ធៀប​នឹង​រយៈពេល ២-៣ ​ឆ្នាំ​ចុងក្រោយ​។ ការ​នាំចូល​អំបិល​ពី​ទីផ្សារ​អន្តរជាតិ​មក​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក ប្រហែលជា​រឿង​មិនអាច​ចៀសផុត​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​មិនដែល​ឃើញ​ខែប្រាំង​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​ដូច​ឆ្នាំនេះ​ទេ​។ អ្នកវិនិយោគ​លើ​អំបិល​ឆ្នាំនេះ​កំពុង​ប្រឈម​នឹង​ការខាតបង់​ធ្ងន់ធ្ងរ​គ្រប់ៗ​គ្នា​»​។

កន្លងមក​នៅពេល​មាន​កង្វះ​អំបិល​ប្រើប្រាស់ កម្ពុជា​ធ្លាប់បាន​នាំចូល​អំបិល​ពី​ប្រទេស​ចិន និង​ឥណ្ឌា​។ នេះ​បើ​យោងតាម​លោក ប៊ុន បារាំង​។

ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តកំពត លោក សុខ គឹម​ជឿន បាន​និយាយថា ការធ្លាក់​ភ្លៀង​កក់ខែ​ញឹកញាប់​ក្នុង​ខែ​មីនា​នេះ កំពុង​ធ្វើឱ្យ​ការផលិត​អំបិល​ក្នុង​ខេត្តកំពត ជួប​បញ្ហា ដោយ​គិត​មកដល់​ពេលនេះ​ការប្រមូលផល​ទើប​សម្រេចបាន​ប្រហែល​ជិត ២០ ០០០ ​តោន​ប៉ុណ្ណោះ​។ បើ​អាកាសធាតុ​នៅ​បន្ត​បែបនេះ ២-៣ ​សប្តាហ៍​ទៀត ផល​អំបិល​ប្រចាំឆ្នាំ​ក្នុង​ខេត្តកំពត នឹង​ធ្លាក់ចុះ​ច្រើន ព្រោះ​បើ​មាន​ភ្លៀង​ជោកជាំ កសិករ​ត្រូវការ​ពេល​រហូតដល់​ជាង ១០ ​ថ្ងៃ​ទើប​អាច​ប្រមូលផល​អំបិល​បាន​ឡើងវិញ​។

លោក​លើកឡើង​ថា​៖ «​ការផលិត​អំបិល​នៅ​កម្ពុជា គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​អាកាសធាតុ ដូច្នេះ​បើ​អាកាសធាតុ​មិន​អំណោយផល ទិន្នផល​នឹង​ធ្លាក់ចុះ​ជាមិនខាន​»​។

បើតាម​លោក គឹមជឿន កាលពី​ឆ្នាំ​ ២០២១ ខេត្តកំពត​ផលិត​អំបិល​បាន​ជាង ៦៨ ០០០​ តោន លើ​ផ្ទៃដី ៣ ៧២៦​ ហិកតា ដែល​ចំនួន​ផ្ទៃដី​នេះ​គឺ​នៅ​រក្សា​ដដែល​ក្នុង​ឆ្នាំ​ ២០២២ នេះ​។

របាយការណ៍​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ ផ្ទៃដី​ធ្វើស្រែ​អំបិល​ក្នុង​ខេត្តកំពត និង​ខេត្ត​កែប​មាន​ទំហំ​សរុប ៤ ៧៤៨ ​ហិកតា​។ បើសិន​អាកាសធាតុ​អំណោយផល​ក្នុង ១ ហិកតា​គេ​អាច​ផលិត​អំបិល​បានជា​មធ្យម ២០ ​តោន​ក្នុង ១​ ឆ្នាំ​។

ឆ្នាំ​ ២០១៤, ២០១៥ និង​ ២០១៦ គឺជា​ពេល​កម្ពុជា​ប្រមូល​ផល​អំបិល​បាន​ច្រើន​ដោយ​ក្នុង ១ ​ឆ្នាំៗ​បាន​ជាង ១០ ​ម៉ឺន​តោន​។ ទោះយ៉ាងណា​ទិន្នផល​នេះ​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ​ ២០១៧ មក​។ របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម បង្ហាញថា ក្នុង​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចូល​អំបិល​ប្រហែល ១ ​ម៉ឺន​តោន​៕ LA